៥ ចំណុច​តូច​ៗ លើ​ម៉ាស៊ីន​ឡាន​ត្រូវ​ពិនិត្យ​រាល់​ថ្ងៃ​មុន​នឹង​បើកបរ

ប្រេងហ្វ្រាំង ​ប្រេង​ប្រអប់​លេខ ​ប្រេង​ចង្កូត ​ប្រេង​ម៉ាស៊ីន ធុង​ទឹក​លើ​រថយន្ត​ទាំង​នេះ​ជា​ចំណុច​ចម្បង​គេ​ដែល​ប្រិយមិត្ត​ត្រូវ​ឧស្សាហ៍​ពិនិត្យ​រាល់​ថ្ងៃ មុន​នឹង​បើក​បរ​ជៀសវាង​ការ​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ ឬ​ពេល​កំពុង​បើក​បរ​ជា​ដើម។

 

៥ ចំណុច​តូច​ៗ លើ​ម៉ាស៊ីន​ឡាន​ត្រូវ​ពិនិត្យ​រាល់​ថ្ងៃ​មុន​នឹង​បើកបរ

 

លោក សុខ ដែល​ជា​គ្រូ​បង្រៀន​បើកបរ​នៅ​សាលា​បង្រៀន​បើកបរ​ជ័យ​ជំនះ បាន​ប្រាប់​ពី​គន្លឹះ​ងាយ​ៗ​  ដល់​ប្រិយមិត្ត​ដែល​មាន​រថយន្ត​ត្រូវ​​បើកបរ​រៀងរាល់​ថ្ងៃ ឲ្យ​ពិនិត្យ​លើ​ចំណុច​ទាំង​ប្រាំ​នេះ​

 

១) ប្រេងហ្វ្រាំង៖

 

មាន​តួនាទី​ធ្វើ​ឱ្យ​ហ្រ្វាំង​ដំណើរ​ការ​ល្អ ព្រោះ​វា​ជា​អ្នក​បញ្ជា​ទៅ​កង់​ទាំង​បួន​នៃ​រថយន្ត។ កាល​ណា​រថយន្ត​អ្នក​អស់​ឬ​ខ្វះ​ប្រេង​ហ្វ្រាំង នោះ​ការ​បើកបរ​នឹង​លំបាក​និង​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ផ្សេងៗ ដោយ​សារ​ហ្រ្វាំង​រថយន្ត​អ្នក​ស្អិត​ពេល​ចាប់​ហ្រ្វាំង។ អ្នក​អាច​ត្រួត​ពិនិត្យ​ប្រេង​ហ្វ្រាំង​ពេល​អ្នក​ត្រូវ​ប្តូរ​ប្រេង​​ ម៉ាស៊ីន ឬ​អាច​ប្តូរ​វា​ចេញ​រយៈ​ពេល​២ឆ្នាំ​ម្តង​ឬ​តិច​ជាង​នេះ​។

 

២) ប្រេង​ប្រអប់​លេខ៖

 

មាន​តួនាទី​ដើម្បី​ឱ្យ​ប្រអប់​លេខ​ដើរ​ស្រួល។  ជា​ទូទៅ​អ្នក​បើកបរ​ភាគ​ច្រើន​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ការ​ដូរ​ ប្រេង​​ប្រអប់​លេខ​​នេះ​សោះ។ លោក​ថា ធម្មតា​ប្រេង​ប្រអប់​លេខ​គួរ​ដូរ​ចេញ​ពេល​វា​ឡើង​ពណ៌​ត្នោត​និង​ធំ​ក្លិន​ ឈ្ងៀម ឬ ជាង២ម៉ឺន​គីឡូម៉ែត្រ​ត្រូវ​ដូរ​ចេញ​ម្ដង។

 

៣)  ​ប្រេង​ម៉ាស៊ីន៖

 

ប្រេង​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​ម៉ាស៊ីន​ដើរ​ស្រួល។ ជា​ធម្មតា​ប្រេង​នេះ​ច្រើន​ត្រូវ​ប្ដូរ​ចេញ​រៀងរាល់ ៣០០០គីឡូម៉ែត្រ​ម្ដង ឬ​តិច​ជាង​នេះ​អាស្រ័យ​លើ​បែប​បទ​ថែទាំ​​របស់​​ម្ចាស់​រថយន្ត។

 

៤) ​ប្រេង​ចង្កូត៖

 

ប្រេង​នេះ​ប្រើ​ដើម្បី​ធ្វើ​ឱ្យ​ចង្កូត​ធូរ។ កាល​ណា​ប្រេង​ចង្កូត​អស់​ឬ​មិន​គ្រប់គ្រាន់​នោះ​វា​នឹង​ធ្វើ​ឱ្យ​​​តឹង​ ចង្កូត​ពិបាក​កាច់​ចង្កូត​​ពេល​កំពុង​បើកបរ។

 

៥) ធុង​ទឹក៖

 

ត្រូវ​ពិនិត្យ​ជា​រៀងរាល់​ថ្ងៃ ជៀសវាង​ធ្វើ​ឲ្យ​ម៉ាស៊ីន​ឡាន​ឡើង​កម្ដៅ​ខុស​ធម្មតា។

 

លោក​ក៏​បាន​បញ្ជាក់​ដែរ​​ថា ចំណុច​តូច​ៗ​ទាំង​នេះ​ត្រូវ​យក​ចិត្ត​ទុកដាក់​ជាង​គេ​បំផុត​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ព្រោះ​ជា​អាយុ​កាល​យូរ​អង្វែង​នៃ​ម៉ាស៊ីន​រថយន្ត​ក៏​អាស្រ័យ​លើ​ចំណុច​តូចៗ ទាំង​នេះ​ដែរ។

 

 

អាន​បន្ត៖ ប្រភេទ​​ប្រេង​​​​សំខាន់ៗ​ឱ្យ​រថយន្ត​ដើរ​ស្រួល មាន​​​​​អ្វី​ខ្លះ?

 

អាន​បន្ត៖ អាយុ​កាល​គ្រឿង​បន្លាស់​នីមួយៗ​លើ​រថយន្ត​ ដែល​អ្នក​គួរ​ដឹង

 

 

អត្ថបទ៖ រក្សា