ឪ​ពុក​​ ពេជ្រឆរ៉ាវី ប្រាប់​​មូលហេតុ​មិន​ចង់​ឲ្យ​កូន​​​ក្លាយ​ជា​កីឡា​ការិនី​វាយ​សី​អាជីព

​​​លោក កែរ រដ្ឋា ​ឪពុក​បង្កើត​កីឡា​​ការិនី​ ​ កែរ ពេជ្រឆរ៉ាវី ​ដែល​​ជា​ម្ចាស់​មេដាយ​មាស​កីឡា​វាយ​សី​​ពាន​រង្វាន់ Mekong Goodwill Games 2016​ បាន​បង្ហើប​​ថា ​មិន​ចង់​ឲ្យ​កូន​ស្រី​ក្លាយ​ជា​កីឡា​ការិនី​​វាយ​សី​អាជីព​ឡើយ ដោយ​សារ​កម្ពុជា​មិន​ទាន់​​មាន​ប្រាក់​ខែ​គ្រប់​គ្រាន់​ដូច​ប្រទេស​គេ​ដទៃ​។

 ឪ​ពុក​​ ពេជ្រឆរ៉ាវី ប្រាប់​​មូលហេតុ​មិន​ចង់​ឲ្យ​កូន​​​ក្លាយ​ជា​កីឡា​ការិនី​វាយ​សី​អាជីព​លោក​ កែរ រដ្ឋា(ឆ្វេង) ​ កែរ ពេជ្រឆរ៉ាវី (​ស្ដាំ)

 

​លោក​ កែរ រដ្ឋា បាន​ឲ្យ​ដឹង​ថា លោក​មាន​មោទនភាព​ខ្លាំង​បន្ទាប់​ពី​កូន​ស្រី​​អាច​ដណ្ដើម​បាន​មេដាយ​មាស​​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ។ ទោះ​ជា​កូន​ស្រី​របស់​​លោក​ ដណ្ដើម​បាន​មេដាយ​មាស​ជូន​ជាតិ​យ៉ាង​ណា​​ក្ដី​ ក៏​​លោក​មិន​អាច​​អះអាង​ថា​ នា​ថ្ងៃ​អនាគត ពេជ្រឆរ៉ាវី ​អាច​ក្លាយ​ជា​កីឡា​ការិនី​​វាយ​សី​អាជីព​ឡើយ​ ពី​ព្រោះលោក​គិត​ដូច​បាន​លើក​ឡើង​ខាង​លើ​។

 

​លោក​បន្ត​ថា ​ប៉ុន្តែ​លោក​ នឹង​ប្រឹង​ប្រែង​ជំរុញ​ឲ្យ​កូន​ស្រី​បន្ត​ការ​ខំ​ប្រឹង​ប្រែង​​​ ទាំង​សកម្មភាព​ហ្វឹកហាត់ និង​​​មាន​ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ផ្សេងៗ​ មិន​ថា​ការ​ប្រកួត​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​ជា​ដើម។ ​ឆ្នាំ​នេះ​ជា​ជោគជ័យ​លើក​ទី១ ដែល​កូន​ស្រី ពេជ្រឆរ៉ាវី ​​ដណ្ដើម​បាន​មេដាយ​មាស​ជូន​ជាតិ​។ ​

 

​​លោក​គ្រូ​ពេទ្យ​រូប​នេះ​​បន្ថែម​ថា បើ​ប្រៀបធៀប​ជា​មួយ​កីឡាករ​នា​ប្រទេស​ដទៃ​ កីឡាករ​កម្ពុជា​មិន​មែន​​ហ្វឹកហាត់​​ត្រៀម​ការ​ប្រកួត​ជាប់​ជា​ប្រចាំ​រហូត​នោះ​ទេ​ ភាគ​ច្រើន​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​មាន​ភារកិច្ច​ផ្សេង​ៗ ក្រៅ​ពី​ហ្វឹកហាត់​។

 

​​កីឡា​វាយ​​សី​បាន​ឈ្នះ​មេដាយ​ចំនួន ​៥​គ្រឿង​​ពី​ព្រឹត្តិការណ៍ ​​Mekong Goodwill Games 2016​ ក្នុង​នោះ​រួម​មាន​​ ទោល​​ផ្នែក​​នារី​​មាស​១, ទោល​បុរស់​មេដាយ​មាស​ ១​, គូ​​បុរស់​​​មេដាយ​មាស១, គូ​នារី​មេដាយ​ប្រាក់​១​ និង​គូ​ចម្រុះ​មាស​១៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​