កូរ៉េខាងជើង ​គំរាម​​​​​​បាញ់​​​​ក្រុង​សេអ៊ូល និង​​វ៉ាស៊ីនតោន​​ឲ្យ​ក្លាយ​ជា​​ផេះ​

​​​​​​​​​ប្រទេស​​កូរ៉េខាងជើង ​បាន​​គំរាម​​បាញ់​​​គ្រាប់​​លើ​​ការិយាល័យ​ប្រធានាធិបតី​​ក្រុង​សេអ៊ូល​​ជា​ថ្មី ​ប្រសិន​​​បើ​​​លោក​ស្រី​ប្រធានាធិបតី ​​ផាក​ គឺនហេ ​​(Park Geun-hye) មិន​សុំទោស​​ចំពោះ​​​​​​​អំពើ​​​ក្បត់ជាតិ​ របស់​មន្ត្រី​អ្នក​ស្រី​ទេ​នោះ​។ ​នេះ​បើ​តាម​​​កាសែត​​រដ្ឋ​​កូរ៉េ​ខាង​ជើង​​ចេញ​​ផ្សាយ​​កាល​ពី​ថ្ងៃ​សៅរ៍ ​ គឺ​ភ្លាមៗ​ក្រោយ​ពី​​​​​​ក្រុង​ព្យុងយ៉ាង​​បញ្ចេញ​​វីដេអូ​​​​​​​ពណ៌នា​​ពី​ការ​វាយ​ប្រហារ​​នុយក្លេអ៊ែរ​​លើ​​​ទីក្រុង​​វ៉ាស៊ីនតោន​។

 

កូរ៉េខាងជើង ​គំរាម​​​​​​បាញ់​​​​ក្រុង​សេអ៊ូល និង​​វ៉ាស៊ីនតោន​​ឲ្យ​ក្លាយ​ជា​​ផេះ​

 គីម ជុង​អ៊ុន

​កូរ៉េ​ខាង​​ជើង​​​​ ​ទើប​​បញ្ចេញ​សារ​ព្រមាន​​​​​ខ្លាំង​ៗ​​លើ​​​ក្រុង​សេអ៊ូល ​និង​វ៉ាស៊ីនតោន​ ​​​​ក្រោយ​ទីក្រុង​ទាំង​ពីរ​​​​​​​ធ្វើ​សម​យុទ្ធ​​​​យោធា​​​ធំ​បំផុត​មិន​ធ្លាប់​មាន​​​​ ​​ជា​ការ​ឆ្លើយ​​តប​​​នឹង​​ការ​បាញ់​នុយក្លេអ៊ែរ​​ ​និង​​តេស្ត​​មីស៊ីល​​ចម្ងាយ​ឆ្ងាយ​កូរ៉េ​ខាង​ជើង។​ សារ​​​​​ដែល​​ប្រទេស​​កុម្មុយនិស្ត​​មួយ​នេះ​បញ្ចេញ​​​​​គឺ​​​​ សម្ព័ន្ធ​​ទាំង​ពីរ​​ប្រទេស​​​​​​​​​នឹង​​ត្រូវ​​​រងគ្រោះ​​ព្រោះ​​​​​​​គ្រាប់​មីស៊ីល និង​​នុយក្លេអ៊ែរ។

 

​​​​​​​​​​​​​​​​​​​​​​​​​​កង​កម្លាំង​​​​កាំ​​ភ្លើង​ធំ​ចម្ងាយ​​ឆ្ងាយ​​​​​​របស់​កង​ទ័ព​​​​ប្រជាជន​​កូរ៉េ​ខាង​ជើង ​បាន​ដាក់​​ចេញ​​​​ឱសានវាទ​​ ​​កាល​ពី​ថ្ងៃ​​សៅរ៍​កន្លង​​ទៅ​​លើ​​ប្រធានាធិបតី ​ផាក និង​​អ្នក​​​​​​​គាំទ្រ​​លោក​ស្រី ឲ្យ​សុំ​ទោស​បែប​​ថ្លៃ​ថ្នូរ​បំផុត​​​ចំពោះ​​​ពាក្យ​ការ​បង្កហេតុ​ខាង​លើ ​និង​​​ស្នើ​ឲ្យ​កាត់​ទោស​​ប្រហារ​ជីវិត​​មន្ត្រី​​លោក​ស្រី​​​ ដែល​​រៀប​​ចំ​គម្រោង​​ធ្វើ​ឃាត​មេដឹកនាំ​​​កូរ៉េ​ខាង​ជើង​​​លោក​ គីម​ ជុង​អ៊ុន អំឡុង​​​មាន​សម​យុទ្ធ​​រវាង​​សេអ៊ូល និង​​វ៉ាស៊ីនតោន។

 

​​កង​​កម្លាំង​​​​ដដែល​និយាយ​ថា “​​ប្រសិន​​បើ​​​​លោក​ស្រី​ផាក គឺន​ហេ​ ​និង​​​​​​​មន្ត្រី​​គាត់​​មិន​ឆ្លើយ​​តប​​​ចំពោះ​ឱសានវាទ​​​របស់​កង​ទ័ព​​ទេ​នោះ ​​​កង​​​កម្លាំង​កាំ​ភ្លើង​​ធំ​​​នឹង​ចាត់​វិធាន​ការ​​យោធា​​គ្មាន​ប្រណី​​ជា​មិន​ខាន”។ ​តែ​​ឱសានវាទ​នេះ​ ​​មិន​បាន​​បញ្ជាក់​​​​​ថ្ងៃ​ផុត​កំណត់​ទេ។

 

​កូរ៉េ​ខាង​ជើង​​ក៏​បាន​​រំឭក​​ថា​ ​វិមាន​​ Blue House ​នឹង​​ត្រូវ​បាញ់​​​ដោយ​គ្រាប់​​ចម្ងាយ​​ឆ្ងាយ​​​ ​ហើយ​​ប្រសិន​​បើ​​​ក្រុង​ព្យុងយ៉ាង​​​​​​​បើក​​ដៃ​ ​ការិយាល័យ​​ប្រធានាធិបតី ​​និង​ទីកន្លែង​​​​​ធ្វើ​ការ​​​​ជា​ច្រើន​ទៀត​​នឹង​ “​ក្លាយ​​ជា​ផេះ​​ក្នុង​មួយ​រំពេច”។

 

ចំណែក​​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ​ជំរុញ​​ឲ្យ​​កូរ៉េ​ខាង​ជើង បញ្ឈប់​ប្រើ​ពាក្យ​​អុច​អាល​​​ទាំង​នោះ ​និង​ព្រមាន​​វិញ​ថា​​​ការ​បង្កហេតុ​​​ដូច​នេះ​​នឹង​​នាំ​ឲ្យ​កូរ៉េ​ខាង​ជើង​​ខ្លួន​ឯង​​ត្រូវ​អន្តរាយ៕

 

ចុចអាន៖ អាមេរិក​ជំរុញ​​ឲ្យ​​កូរ៉េ​ខាង​ជើង​ដោះ​លែង​និស្សិត​​​​ម្នាក់​ ដែល​ជាប់​ទោស​​ធ្វើ​ការ​​ជា​ទម្ងន់​​១៥​ឆ្នាំ​

ចុចអាន៖ ជាង​ថត​រូប​ត្រូវ​ព្រមាន​ព្រោះ​ហ៊ាន​លាត​ត្រដាង​ពី​​ការ​ពិត​នៅ​​កូរ៉េ​ខាង​ជើង

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Korean Joongang Daily