រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រំពឹងថា​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះទាក់ទាញទេសចរច្រើនដូចឆ្នាំទៅមិញដែរ

សៀមរាប៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន មាន​សុទិដ្ឋិនិយម​ថា ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ នឹងមាន​ការកើនឡើង ឫ​អាច​កើនឡើង​ជាង​ឆ្នាំទៅ។ លោក​រដ្ឋមន្ត្រី​រំពឹង​បែបនេះ​ដោយសារ​លោក​មើលឃើញ​ភាព​វិជ្ជមាន​របស់​ខេត្តសៀមរាប​មួយចំនួន មានការ​បញ្ហា​អនាម័យ និង​ភាពប៉ិនប្រសព្វ​ការទទួល​បដិសណ្ឋារកិច្ច​ជាដើម។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ជួប​សម្ភាស​ជាមួយ​ភ្ញៀវទេសចរ​អន្តរជាតិ​ជាច្រើន។ ជាការ​ឆ្លើយតប ភ្ញៀវទេសចរ​ដែល​លោក​រដ្ឋមន្ត្រី​បាន​ជួប បាន​សរសើរ​ពី​ការអភិវឌ្ឍ​របស់​ខេត្តសៀមរាប។ ការសរសើរ​មាន​លើ​បញ្ហា​អនាម័យ​ដែលមាន​ភាពល្អប្រសើរ​ជាង​ពេលមុន ក្រៅពីនេះ​ទេសចរ​ទាំងនោះ​ក៏បាន​សរសើរ​ពី​ការទទួល​បដិសណ្ឋារកិច្ច​ផងដែរ។
ហេតុផល​ខាងលើ​នេះហើយ ដែល​លោក ថោង ខុន ជឿជាក់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី១៣ ដល់​ថ្ងៃទី១៦ មេសា​ខាងមុខនេះ ភ្ញៀវទេសចរ​នឹង​ចាប់អារម្មណ៍​មក​កម្សាន្ត​ខេត្តសៀមរាប​កាន់តែច្រើន។ កាលពី​ឆ្នាំទៅ តួលេខ​បាន​បង្ហាញថា មាន​ភ្ញៀវទេសចរ​ប្រមាណ១លាន​នាក់ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត។

បើតាម​ការលើកឡើងរ​បស់​លោក​រដ្ឋមន្ត្រី​ដដែល សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៦នេះ ដែល​កាលពី​ឆ្នាំទៅ​លោក​បាន​ចូលរួម​រួច​ម្តង​ទៅហើយ។ ការចូលរួម​របស់​ស​ម្តេច ហ៊ុន សែន គឺ​ដើម្បី​លើកទឹកចិត្ត​ការងារ​រ​បស់​យុវជន​ក្នុងការ​ថែរក្សា​វប្បធម៌​ជាតិ។ នេះ​បើតាម​លោក ថោង ខុន។

ក្នុង​កិច្ចប្រជុំ ការងារ​ទេសចរណ៍​ជាមួយ​ផ្នែក​ឯកជន និង​ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍​ឆ្ពោះទៅ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៦ ដែល​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី២៥ មីនា​កន្លងទៅ​ទន្ទឹមនឹង​ការសប្បាយ​ចិត្ត ក្នុងនោះ​លោក ថោង ខុន ក៏បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​មួយចំនួន​ផងដែរ។ លោក​រដ្ឋមន្ត្រី​ព្រួយបារម្ភ​បញ្ហា​ស្ទះចរាចរណ៍។ លោក​លើក​ហេតុផល​ថា៖« មនុស្ស​មកលេង​កម្សាន្ត​សប្បាយ​ប៉ុណ្ណា​ក៏ដោយ តែ​ស្ទះចរាចរណ៍​ហើយ អត់​មាន​សប្បាយ​អី​ប​ន្តិ។ ស្ទះ​មនុស្ស​ដើរ​មិន​អី​ទេ តែបើ​ស្ទះ​ឡាន​នេះ...»។ លោក ថោង ខុន ព្រួយបារម្ភ​បែបនេះ មុននឹង​លោក​បាន​លើក​ពី​តួលេខ​ទេសចរ​ដើរ​កម្សាន្ត​កាលពី​ឆ្នាំទៅ ដែល​ក្នុង​មួយថ្ងៃ​មាន​មនុស្ស​ចន្លោះ​ពី៣០ម៉ឺន ទៅ៤០ម៉ឺន ដែល​ដើរ​កម្សាន្ត​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត។

លោក ថោង ខុន អះអាងថា តាម​ធម្មតា​ក្រុង​សៀមរាប​រៀងរាល់ថ្ងៃ មាន​ភ្ញៀវទេសចរ​ចេញចូល​មិន​ដល់២ម៉ឺន​នាក់​នោះទេ ប៉ុន្តែ​រាល់ពេល​មាន​ព្រឹត្តិការណ៍ធំៗ ក្រុម​មួយ​មានការ​កើនឡើង​ចំនួន​ទេសចរ​រាប់ម៉ឺន​នាក់។ ដូចនេះហើយ ទើប​លោក​ស្នើ​ឲ្យ​អាជ្ញាធរខេត្ត​ធ្វើយ៉ាងណា ត្រូវ​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់ ជៀសវាង​បញ្ហា​កើតឡើង​ជាយថាហេតុ។ យ៉ាងណាក៏ដោយ​សារ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកសរសើរ​ផ្នែក​សន្តិសុខ​របស់​ក្រុង​ទេសចរណ៍​សៀមរាប ដែល​លោក​ថា ខេត្ត​ទេសចរណ៍​ផ្សេងទៀត​គួរ​យក​គំរូ​តាម៕


បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​