វីតាមីន B9 ល្អ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ចង់​មាន​ផ្ទៃពោះ​ដូច​ម្តេចទៅ​?

វីតាមីន B9 ល្អ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ចង់​មាន​ផ្ទៃពោះ​ដូច​ម្តេចទៅ​?

​បើ​យើង​និយាយ​អំពី​ពាក្យ​ថា វីតាមីន គឺ​ជា​មាន​ច្រើន​ណាស់​ចាប់ពី វីតាមីន A, B, C, E និង K​។ ចំណែកឯ​វីតាមីន B វិញ កាន់តែ​មាន​ច្រើន​ទៀត គឺ​ចាប់ពី B1 ដល់ B12 ។ ក្នុងចំណោម​វីតាមីន​ទាំងអស់ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា វីតាមីន​នីមួយៗ តែងតែមាន​អត្ថប្រយោជន៍​របស់​វា ចំពោះ​សុខភាព​មនុស្ស​រៀងៗ​ខ្លួន​។ ជាមួយគ្នានេះដែរ វីតាមីន B9 ត្រូវបាន​គេ​រកឃើញ​ថា មាន​ប្រយោជន៍​ច្រើន ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង អ្នក​ចង់​មាន​ផ្ទៃពោះ​។​

​វីតាមីន B9 គឺជា​ប្រភេទ​វីតាមីន ដែល​រលាយ​ក្នុង​ទឹក ហើយ​បើ​និយាយ តាម​ពាក្យ​ខ្មែរ​យើង​វិញ  គេ​អាច​ហៅ​វា​ថា អាស៊ីតហ្វូលិ​ក ឬ​ហ្វូ​លិក​អាស៊ី​ត ឬ​ហៅ​តាម​ពាក្យ​បច្ចេកទេស​ថា Folate ឬ Folic Acid​។ ដូច្នេះ តើ​វីតាមីន B9 នេះ​មាន​សារៈសំខាន់​បែបណា សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​មុន​ពេល​មាន​ផ្ទៃពោះ​ទៅ​?
​សម្រាប់​ស្ត្រី ដែល​កំពុងតែ​មាន​គម្រោង​យក​កូន ឬ​មាន​ផ្ទៃពោះ ត្រូវតែ​ទទួល​ទាន​វីតាមីន B9 ឲ្យបាន​គ្រប់គ្រាន់ យ៉ាងហោចណាស់ ២ ទៅ ៣ ខែ មុនពេល​មាន​ផ្ទៃពោះ​ដែរ​។ ក្រោយពី​មាន​ផ្ទៃពោះ​រួច ក៏​ត្រូវការ​ទទួលទាន វីតាមីន​មួយ​នេះ​ចំនួន ៣ ខែ​ដំបូង​ដែរ​។​

​រាងកាយ​របស់​មនុស្ស​យើង ត្រូវការ​វីតាមីន B9 នៅពេល​កោសិកា កំពុងតែ​លូតលាស់ និង​បំបែក​ខ្លួន​។ រឿងនេះ​នឹង​កើតឡើង ក្នុង​ពេល​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​ជា​ពេលវេលា​មួយ ដែល​ស្បូន​ត្រូវ​រីក​ធំ​ហំ លូតលាស់​សុក មាន​របត់​ឈាម​រត់​កាន់តែច្រើន និង​ការលូតលាស់​របស់​កូន ក្នុង​ផ្ទៃ​តែម្តង​។ ដោយសារតែ​រឿង​នេះ​ហើយ ទើបបាន​ជា​វីតាមីន B9 មាន​សារៈសំខាន់ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​សុខភាព​ល្អ​។​

​នៅពេល​រាងកាយ​លូតលាស់ កូន​ក្នុង​ផ្ទៃ​ក៏​កំពុងតែ​លូតលាស់ យ៉ាង​លឿន​ផងដែរ​។ ការ​ទទួលទាន​វីតាមីន B9 គ្រប់គ្រាន់ ទាំង​មុន​ពេល និង​ក្នុង​ពេល​មាន​ផ្ទៃពោះ អាច​ជួយ​កាត់បន្ថយ ៖

  • ​ការ​ប្រឈម​នឹង​កូន​កើត​មក​ខូច​អវៈយវៈ​
  • ​សរីរាង្គ​ផ្លូវទឹក​ម៉ូត​មិនធម្មតា​
  • ​រ​លូត​
  • ​គ្មាន​លលាដ៍ក្បាល​
  • ​ពក​ឆ្អឹងខ្នង​
  • ​ចុង​ក្រពះ​រួម​តូច​
  • ​ឆែបមាត់​ជាដើម​។​

​ហេតុដូច្នេះ ទើប​ក្រសួង​សុខាភិបាល​ខ្មែរ​យើង បាន​បង្កើត​ជា​វីដេអូ​ផ្សព្វផ្សាយ​មួយ ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​នេះ នៅ​គ្រប់​ប៉ុស្តិ៍​ទូរទស្សន៍​ទាំងអស់ ដោយ​និយាយថា នៅ​ពេល​ស្ត្រី​ពេល​បាត់​រដូវ​ភ្លាម ឬ​ដឹង​ថា​ខ្លួនឯង មាន​ផ្ទៃពោះ​ហើយ ត្រូវ​ទៅ​មណ្ឌល​សុខភាព​ជា​បន្ទាន់ ដើម្បី​ទទួលបាន​ការប្រើប្រាស់ ថ្នាំ​ថែរក្សា​កូន​ភ្លាម​។ គោលបំណង​គឺ ដើម្បី​កុំ​ឲ្យ​កូន ដែល​នៅក្នុង​ផ្ទៃ ប្រឈមមុខ​នឹង​បញ្ហា ដូច​រៀបរាប់​ខាងលើ​នេះ​ឯង​។​

​ជាមួយគ្នានេះដែរ យើង​អាច​ទទួលបាន​វីតាមីន B9 ពី​របប​អាហារ​ជាច្រើន ពី​បន្លែ​ពណ៌​បៃតងចាស់ ផ្លែឈើ​ជូរៗ ឬ​គ្រាប់​ធញ្ញជាតិ​។ ប៉ុន្តែ ដើម្បី​ឲ្យ​ប្រាកដថា អ្នក​នឹង​ទទួលបាន​វីតាមីន B9 គ្រប់គ្រាន់​មែន​នោះ គួរតែ​ជ្រើសរើស ប្រើ​ថ្នាំ​បំប៉ន​វីតាមីន B9 តែម្តងទៅ​៕

រៀបរៀងដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី28 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។