ការ​នាំ​ចេញ​របស់​ថៃ​ក្នុង​ខែកុម្ភៈ​មាន​សញ្ញា​វិជ្ជមាន​ជា​លើក​ដំបូង

ប្រទេស​ថៃ ៖ ការ​នាំ​ចេញ​របស់​ថៃ​នៅ​ក្នុង​ខែកុម្ភៈ បាន​ត្រឡប់​ទៅ​រក​ភាព​វិជ្ជមាន​ជា​លើក​ដំបូង​ក្នុង​រយៈពេល​១៤​ខែ ជាមួយនឹង​ទឹកប្រាក់ ចំនួន​១៨,៩៩​ប៊ី​លាន​ដុល្លារ​អាមេរិក។

ទោះជា​យ៉ាងណា ការ​កើនឡើង​ដែល​មិន​ទៀងទាត់​នេះ គឺ​ដោយសារ​ការ​នាំ​ចេញ​យ៉ាងច្រើន​នៃ​មាស និង​គ្រឿង​សព្វាវុធ​យោធា​សមយុទ្ធ ដែល​មិន​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​អ្វី​ឡើយ ។ បើ​រាប់​បញ្ចូល​ទាំង​ប្រេង និង​មាស គឺ​ការ​នាំ​ចេញ​នៅ​ខែកុម្ភៈ​បាន​កើនឡើង​២,៤% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ជាង​នេះ​ទៀត ការ​កើនឡើង​នៃ​តម្លៃ​មាស​កាលពី​ខែ​មុន បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​កើនឡើង​ខ្ពស់កប់ពពក​រហូត​ដល់​១,០៥១% ស្មើនឹង​ទឹកប្រាក់​១,៨៩​ប៊ី​លាន​ដុល្លារ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ចំណែក​ការ​នាំ​ចេញ​នៃ​គ្រឿង​សព្វាវុធ​សមយុទ្ធ​យោធា​វិញ មាន​តម្លៃ​៦៨៣​លាន​ដុល្លារ​អា​មេ​រិ​ក ។

ប្រសិនបើ​ផលិតផល​ទាំង​ពីរ​ប្រភេទ​នេះ និង​ការ​នាំ​ចេញ​ប្រេង​ត្រូវ​បាន​ដក​ចេញពី​តួលេខ​ក្នុង​ខែកុម្ភៈ នៃ​ការ​នាំ​ចេញ​របស់​ថៃ នៅ​តែ​មាន​ភាព​អវិជ្ជមាន​ប្រមាណ​២% គឺ​ទាប​ជាង​អត្រា​នាំ​ចេញ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម និង​ទំនិញ​ឧស្សាហកម្ម​នៅ​តែ​បន្ត​ធ្លាក់​ចុះ ។

ឧបនាយករដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក Suvit Maesincee បាន​ថ្លែង​ថា ៖ « ការ​នាំ​ចេញ​បាន​វិល​ត្រឡប់​ទៅ​រក​ភាព​វិជ្ជមាន​វិញ​ហើយ ដោយសារ​តែ​មាន​ពន្លឺ​នៃ​ទស្សនវិស័យ​កាន់តែ​ភ្លឺ​ឡើង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​សកល » ។

ទោះជា​យ៉ាងណា នៅ​មាន​កត្តា​អវិជ្ជមាន​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម រួម​មាន គ្រោះ​រាំង​ស្ងួត ទិន្នផល​កសិកម្ម​ទាប ការ​ឡើង​ចុះ​នៃ​ការ​អត្រា​ប្តូរ​ប្រាក់ ភេ​វរ​កម្ម និង​សេដ្ឋកិច្ច​សកល​ចុះ​ខ្សោយ ជា​ពិសេស នៅ​ប្រទេស​ចិន​តែ​ម្តង ។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា ៖ « ការ​នាំ​ចេញ​នៅ​តែ​បន្ត​រក្សា​ភាព​វិជ្ជមាន ទោះបីជា​មាន​កត្តា​ជា​ច្រើន​អាច​ជះ​ឥទ្ធិពល​អាក្រក់​ក្តី ដោយ​ក្រសួង​នឹង​ព្យាយាម​សម្រេច​គោលដៅ​នាំ​ចេញ​ឲ្យ​បាន​៥% ក្រោម​ផែនការ​បង្កើត​ដោយ​ក្រសួងពាណិជ្ជកម្ម » ។

តាម​របាយការណ៍​របស់​ក្រសួង​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ថៃ​នៅ​ខែមករា និង​កុម្ភៈ បាន​កើនឡើង​តិចតួច​ក្នុង​អត្រា​០,៦៧% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គិត​ជា​ទឹកប្រាក់​ស្មើនឹង​៣៤,៧​ប៊ី​លាន​ដុល្លារ ។ មិនតែប៉ុណ្ណោះ ការ​នាំ​ចេញ​របស់​ថៃ​កាលពី​ខែ​មុន​មាន​ផល​លើស​ពាណិជ្ជកម្ម​ចំនួន​៤,៩៨​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

ចំពោះ​ការ​នាំ​ចូល​វិញ​បាន​ធ្លាក់​ចុះ​១៦,៨២ % ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្មើនឹង​១៤​ប៊ី​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​ក្នុង​រយៈពេល​២​ខែ​ដំបូង​មាន​ទឹកប្រាក់​សរុប​២៩,៤៨​ប៊ី​លាន​ដុល្លារ និង​បាន​ធ្លាក់​ចុះ​១៤,៥៤% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​មាន​ផល​លើស​៥,២២​ប៊ី​លាន​ដុល្លារ​សម្រាប់​រយៈពេល​២​ខែ​ដំបូង​នេះ ។
លោក​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់​ថា ៖ « ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​តម្លៃ​ប្រមាណ​៦០០​ប៊ី​លាន​បាត ទៅ​៧០០​ប៊ី​លាន​បាត​នៅ​ឆ្នាំ​នេះ ។

សម្រាប់​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ក្នុង​រយៈពេល​២​ខែ​ដំបូង​មាន​តម្លៃ​៣២,៤៤​ប៊ី​លាន​បាត ជិត​ស្មើនឹង​ការ​វិនិយោគ​ពី​បរទេស​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​មាន​ទឹកប្រាក់​១៦,៥​ប៊ី​លាន​បាត » ។

ក្នុង​នោះ​ដែរ ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ថ្មី​មាន​ទឹកប្រាក់​១២,៥​ប៊ី​លាន​បាត​នៅ​ក្នុង​រយៈពេល​២​ខែ​ដំបូង​នៅ​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន មាន​ត្រឹមតែ​២,៨៦​ប៊ី​លាន​បាត​ប៉ុណ្ណោះ​៕