ស្ថាប័ន​ប្រេងឥន្ធនៈ​ស្វែងរក​ការ​រួម​បញ្ចូល​គ្នា​នៃ​ក្រុមហ៊ុន​ប្រេង

ប្រទេស​ថៃ ៖ ស្ថាប័ន​ប្រេងឥន្ធនៈ ហៅ​កាត់​ថា PTIT បាន​ស្នើ​ឱ្យ​មានការ​រួម​បញ្ចូល​គ្នា​នៃ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ប្រេង (FPT) និង​ក្រុមហ៊ុន​បំពង់​បង្ហូរ​ប្រេង​(Thappline) ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​បង្ហូរ​ប្រេង​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​ពី​បច្ចេកវិទ្យា និង​ថាមពល​អាស៊ី​ប្រកបដោយ​និរន្តរភាព លោក Siri Jirapongphan អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន PTIT បាន​ជំរុញ​ឱ្យ​ក្រសួង​ថាមពល​ក្លាយជា​អន្តរការី​អន្តរជាតិ​សម្រាប់​ការ​ចរចា​ក្នុង​ការ​រួម​បញ្ចូល​គ្នា​នៃ​ក្រុមហ៊ុន​ទាំង​ពីរ ។ ការ​ស្នើ​សុំ​នៃ​ការ​រួម​បញ្ចូល​គ្នា​នេះ រដ្ឋាភិបាល​នឹង​អាច​ចូលរួម និង​វិនិយោគ​ទៅ​លើ​បណ្តាញ​បង្ហូរ​ប្រេង​តាម​រយៈ​មូលនិធិ​ហេដ្ឋារចនាសម្ព័ន្ធ ។

« ក្រុមហ៊ុន FPT បាន​ប្រតិបត្តិ​ប្រព័ន្ធ​បង្ហូរ​ប្រេង​ពី​រោងចក្រ​ចម្រាញ់​ប្រេង Bangchak Petroleum ទៅ​កាន់​ខេត្ត Ayutthaya និង Saraburi ខណៈ​ប្រព័ន្ធ​បង្ហូរ​ប្រេង Thappline បាន​បង្ហូរ​ប្រេង​ពី​រោងចក្រ​នៅ​តំបន់ Rayong ទៅ​កាន់ Pathum Thani ។ ក្នុង​នោះ​ដែរ ការ​រួម​បញ្ចូល​គ្នា​នៃ​ក្រុមហ៊ុន FPT និង​ក្រុមហ៊ុន Thappline អាច​នឹង​ធ្វើ​ឲ្យ​មានការ​វិនិយោគ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ការ​ពង្រីក​ប្រព័ន្ធ​បង្ហូរ​ប្រេង​កាន់តែ​មាន​ប្រសិទ្ធភាព​នៅ​ភាគ​ខាងជើង និង​ភាគ​ឦសាន ខណៈ​រោងចក្រ​ចម្រាញ់​ប្រេង​ទាំង​អស់​នឹង​អាច​បញ្ជូន​ប្រេងឥន្ធនៈ​ទៅ​កាន់​អតិថិជន​នៅ​តាម​បណ្តា​ខេត្ត​បាន​លឿន មាន​សុវត្ថិភាព និង​ចំណាយ​ទាប » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Siri Jirapongphan ។

លោក​បន្ត​ថា ៖ « នា​ពេល​អនាគត ប្រព័ន្ធ​បំពង់​បង្ហូរ​ប្រេង​ប្រហែលជា​ត្រូវ​បាន​ពង្រីក ដើម្បី​ភ្ជាប់​ជាមួយនឹង​បណ្តា​ប្រទេស​ជិតខាង​របស់​ថៃ ដូច​ជា មី​យ៉ា​ន់​ម៉ា ឡាវ និង​កម្ពុជា ដែល​អាច​ធ្វើ​ឲ្យ​ថៃ​ក្លាយជា​តំបន់​កណ្តាល​នៃ​ការ​ដឹក​ជញ្ជូន​ប្រេង​នាំមុខ​គេ » ។

លោក​បន្ថែម​ថា ៖ « រដ្ឋាភិបាល​មិន​គួរ​មើល​តែ​ពី​អត្ថប្រយោជន៍​នៃ​ការ​វិនិយោគ​សម្រាប់​គម្រោង​ណាមួយ​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល​គួរ​មើល​ពី​អត្ថប្រយោជន៍​នៃ​សេដ្ឋកិច្ច​ទាំងមូល​របស់​ជាតិ​ជំនួស​វិញ ។ ការ​មាន​បណ្តាញ​បំពង់​បង្ហូរ​ប្រេង​តែ​មួយ​អាច​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ប្រេង​កាន់តែ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ប្រាក់​ចំណេញ​ពី​អ្នក​ប្រើប្រាស់​នៅ​តាម​បណ្តា​ខេត្ត ក៏​ដូច​ជា​ពី​ប្រទេស​ជិតខាង​ផង​ដែរ » ។

មិនតែប៉ុណ្ណោះ ថៃ​នឹង​អាច​ក្លាយជា​តំបន់​កណ្តាល​នៃ​ការ​ដឹក​ជញ្ជូន​ប្រេងឥន្ធនៈ​តាម​រយៈ​ប្រព័ន្ធ​បំពង់​បង្ហូរ​ប្រេង ខណៈ​ដែល​អ្នក​ផ្គត់ផ្គង់​សេវាកម្ម​អាច​រក​អត្ថប្រយោជន៍​ផ្សេង​ៗ​លើ​ការ​វិនិយោគ ខណៈ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​កើនឡើង ៕