ព្រះរាជអាជ្ញា និង​ចៅក្រម ខេត្តកណ្តាល​រង​ការ​រិះគន់ថា​ជំនុំជម្រះ​បំពាន​នីតិវិធី​ព្រហ្មទណ្ឌ​

ប្រភពព័ត៌មាន​ពី​តុលាការ​ខេត្តកណ្តាល​បាន​រាយការណ៍​មក​ថា​ជាគោលការណ៍​ច្បាប់​នៅក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ត្រង់​មាត្រា​៣៣៧ បាន​ចែងថា ពេល​ចៅក្រម​ថយ​ខ្លួន​ដើម្បី​ចូលក្នុង បន្ទប់​ពិភាក្សា​ដើម្បី​សម្រេច​លើ​អង្គសេចក្តី  គ្មាន​បណ្តឹងសុំ​ណាមួយ អាច​ត្រូវបាន​ដាក់ជូន​តុលាការ​បាន​ទៀត​ទេ ។ គ្មាន​ទឡ្ហីករណ៍​ណាមួយ អាច​ត្រូវបាន​លើក​យកមក សំអាង​បានឡើយ ។ ព្រះរាជអាជ្ញា និង​ក្រឡាបញ្ជី មិនត្រូវ​បានអនុញ្ញាត ឲ្យ​ចូលរួម​ក្នុងការ​ពិភាក្សា​សម្រេច​នេះ​ទេ  តែ​ភាពជាក់ស្តែង​ចៅក្រម និង​ព្រះរាជអាជ្ញា ខេត្តកណ្តាល រង​ការរិះគន់​ក្នុង​នីតិវិធី​ខាងលើនេះ​។

លោក ផូង វណ្ណ ចៅក្រម​ជំនុំជម្រះ សាលាដំបូង​ខេត្តកណ្ដាល និង លោកស្រី សុន សុខា​លីដា ព្រះរាជអាជ្ញារង​ជា​តំណាង​អយ្យការ បាន​រង​ការរិះគន់​ក្នុងការ​ជំនុំជម្រះ​សំណុំរឿង​ព្រហ្មទណ្ឌ​ដ៏​រសើប​មួយ ព្រោះ​ក្រោយ​ការសួរដេញដោល​បញ្ចប់ លោក​ចៅក្រម​បានសម្រេច ថយ​ទៅ​ពិចារណា​ដើម្បី​ចេញ​សាលក្រម​ដំណោះស្រាយ តែ​ទន្ទឹមនឹង​ការពិភាក្សា​កំពុង​ប្រព្រឹត្ត​ទៅនោះ គេ​សង្កេតឃើញ លោកស្រី​ព្រះរាជអាជ្ញារង សុន សុខា​លីដា ចូលក្នុង​បន្ទប់​ពិភាក្សា​។ ប្រភពព័ត៌មាន​ពី​សាលាដំបូង​ខេត្តកណ្តាល​បាន​បញ្ជាក់ថា លោកស្រី​ព្រះរាជអាជ្ញារង សុន សុខា​លីដា បាន​ចូលក្នុង​បន្ទប់​ពិភាក្សា​របស់​ចៅក្រម​មិនតិចជាង​៥​នាទី​ដែលជា​ការបំពាន​នីតិវិធី​។​

គួរ​បញ្ជាក់ថា រឿងអាស្រូវ​នៃ​ការបំពេញ​ការងារ​មិន​ត្រឹមត្រូវ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​នៅ​សាលាដំបូង​ខេត្តកណ្តាល​នេះ ត្រូវគេ​ដឹងថា ជាការ​ជំនុំជម្រះ​ក្នុងករណី លោក មុំ វ៉ាត អតីត​អធិការនគរបាល ក្រុង​តាខ្មៅ ពាក់ព័ន្ធ​ក្នុង​បទ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន តាម​មាត្រា​៤០ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវជាតិ​លេខ ២១B ក្នុងភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។ ប្រភពព័ត៌មាន​ពី​សាលាដំបូង​ខេត្តកណ្តាល​បាន​បញ្ជាក់ថា លោក មុំ វ៉ាត អតីត​អធិការនគរបាល ក្រុង​តាខ្មៅ ត្រូវបាន​តុលាការ​ខេត្តកណ្តាល​សម្រេច ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ រយៈពេល​២​ឆ្នាំ​៕

988abc8c4904b45c9e83b5b325355135