​មន្ត្រីក្រោមឱវាទ​រិះគន់​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកណ្តាល​ថា​គ្មាន​សមត្ថភាព​បំពេញការងារ​

មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកណ្តាល​បាន​រាយការណ៍​មក​ថា លោក ចាប ម៉ុ​ច ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកណ្តាល​មិនបាន​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​នោះទេ ហើយ​ទាំង​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជិតស្និទ្ធ​នឹង​ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៅ​ខេត្តកណ្តាល​ត្រូវគេ​ពិនិត្យឃើញថា​គ្មាន​គុណភាព​ដែល​គេ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ការឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​។​

មាន​មន្ត្រី​មួយចំនួន​ត្រូវគេ​ដឹងថា​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​លោក ចាប ម៉ុ​ច ក្នុងនោះ​រួមមាន លោក លី សុខសាន្ត អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកណ្តាល និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​ដូចជា អ្នកស្រី សេង សំអឿន និង​លោក ហឿន ទ្រី​។ មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកណ្តាល​បាន​បញ្ជាក់ថា តាំងពី​លោក ចាប ម៉ុ​ច ចូលមក​ធ្វើ​ប្រធាន​មន្ទីរ​មក អង្គភាព​មួយ​នេះ​អសកម្ម​ក្នុង​ការងារ​របស់ខ្លួន ហើយ​ថែមទាំង​គ្មាន​តម្លាភាព​ក្នុងការ​ចំណាយ​ផ្សេងៗ​ដែល​កើតចេញពី​ការឃុបឃិត​របស់​មន្ត្រី​ខិលខូច​។​

បើទោះជា​លោក ចាប ម៉ុ​ច ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកណ្តាល​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​បក្ខពួក​របស់ខ្លួន​ក៏ដោយ ក៏​ហូត​មកដល់ពេលនេះ​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ​មិនទាន់មាន​ចំណាត់ការ​នៅឡើយ ហើយ​បញ្ហា​នេះ​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកណ្តាល​បាន​បង្ហើប​ថា លោក ចាប ម៉ុ​ច មាន​បង្អែក​ធំ​ណាស់​នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ ទើប​គាត់​អាចឈរជើង​ដល់​សព្វថ្ងៃ​។​

មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកណ្តាល​បាន​រិះគន់ថា នៅក្នុង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកណ្តាល និង​នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ​មាន​មន្ត្រី​ស្អាតស្អំ និង​មាន​សមត្ថភាព​ច្រើនណាស់ តែ​ពួកគាត់​គ្មាន​ឱកាស​បាន​តំណែង​សមរម្យ​ឡើយ ផ្ទុយទៅវិញ​មន្ត្រី​ដែល​មិន​ស្អាតស្អំ និង​គ្មាន​សមត្ថភាព បែរជា​អាច​បន្ត​ធ្វើការ​បាន​យ៉ាង​រលូន​ទៅវិញ​៕

7461422013n_2 ecfeb769-8e70-4e0d-913c-58388864f361​    ​