Man Utd បញ្ជូន​ភ្នាក់ងារ​ទៅ​មើល​ជើង ជម្រើស​ជាតិ​ព័រទុយហ្គាល់​៣នាក់

ភ្នាក់ងារ​សម្ងាត់​សម្រាប់​មើល​ជើង​កីឡាករ​របស់​ក្លឹប​ Manchester United ​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ Leiria ​​ប្រទេស​ព័រទុយហ្គាល់​ នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ដើម្បី​​មើល​ទម្រង់​លេង​​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​៣នាក់ ដែល​ក្លឹប​ចាប់​អារម្មណ៍​ចង់​ទិញ ខណៈ​ដែល​ពួកគេ​ត្រៀម​ប្រកួត​មិត្តភាព​ ទល់​នឹង​បែលហ្សិក។

 

Man Utd បញ្ជូន​ភ្នាក់ងារ​ទៅ​មើល​ជើង ជម្រើស​ជាតិ​ព័រទុយហ្គាល់​៣នាក់

Silva (ឆ្វេង), Sanches (កណ្តាល) និង​ Gomes

 

​​​ខ្សែ​បម្រើ​៣​នាក់​​របស់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ដែល​ក្លឹប​ Man Utd កំពុង​ចាប់​អារម្មណ៍​មាន​ Bernardo Silva ​របស់​ក្លឹប​ Monaco, កីឡាករ​វ័យ​១៨​ឆ្នាំ​ Renato Sanches របស់​ Benfica និង​ Andre Gomes របស់​ក្លឹប​ Valencia ​ដែល​គេ​ប្រៀប​ស្ទិល​លេង​ទៅ​នឹង​វីរបុរស​អាល្លឺម៉ង់​ Michael Ballack ​ផង​ដែរ។ កីឡាករ​ទាំង​៣​នាក់​នេះ រំពឹង​ថា​​នឹង​​​បង្ហាញ​ខ្លួន​ចូល​លេង​ ពេល​ប៉ះ​បែលហ្សិក នៅ​យប់​ស្អែក។

 

Man Utd បញ្ជូន​ភ្នាក់ងារ​ទៅ​មើល​ជើង ជម្រើស​ជាតិ​ព័រទុយហ្គាល់​៣នាក់

ជម្រើស​ជាតិ​ព័រទុយហ្គាល់​ហ្វឹកហាត់

 

ការ​ប្រកួត​មិត្តភាព​នេះ​ដំបូង​ឡើយ​ ​កំណត់​ធ្វើ​ឡើង​នៅ​​ទីក្រុង​ Brussels ​ប្រទេស​បែលហ្សិក ប៉ុន្តែ​ដោយសារ​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីនោះ​សប្ដាហ៍​មុន ទើប​លើក​ការ​ប្រកួត​ទៅ​ធ្វើ​នៅ​ប្រទេស​ព័រទុយហ្គាល់​វិញ។

 

​Man Utd នឹង​ប្រញាប់​ប្រញាល់​ទិញ​ចូល​កីឡាករ​​បន្ថែម​ នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ខាង​មុខ​នេះ​ បន្ទាប់​ពី​ធ្លាក់​ទម្រង់​លេង​នៅ​រដូវ​កាល​នេះ​ ខណៈ​ដែល​ពេល​នេះ​អនាគត​របស់​អ្នកចាត់ការ Louis van Gaal ​ក៏​មិន​ច្បាស់​នៅ​ឡើយ​​ដែរ ​ស្រប​ពេល​ដែល​​​ Jose Mourinho ​កំពុង​តែ​ទទឹង​រង់ចាំ​តំណែង​នេះ៕

 

-ចុចអាន៖ Schweinsteiger រង​របួស​សារ​ជា​ថ្មី​ពេល​ហ្វឹកហាត់​ជាមួយ​អាល្លឺម៉ង់

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror