មៀច សុផាន់ណា ​​ថា ​កីឡាករ​យានយន្ដ​កម្ពុជា​មាន​សមត្ថភាព​ស្មើ​កីឡាករ​បរទេស​ដែរ

ឯកឧត្តម​ ឧត្ដម​សេនីយ៍​ឯក​ មៀច សុផាន់ណា ​ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​កីឡាករ​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​សមត្ថភាព​បញ្ជា​យានយន្ត​បាន​ល្អ ដូច​ទៅ​នឹង​កីឡាករ​នៅ​ប្រទេស​ជិត​ខាង​ដែរ​ហើយ ត្បិត​អី​កម្ពុជា​ទើប​តែ​បង្កើត​និង​ជ្រើសរើស​កីឡាករ​ក្ដី។

 

មៀច សុផាន់ណា ​​ថា ​កីឡាករ​យានយន្ដ​កម្ពុជា​មាន​សមត្ថភាព​ស្មើ​កីឡាករ​បរទេស​ដែរ
ឯកឧត្តម​ ឧត្ដម​សេនីយ៍​ឯក​ មៀច សុផាន់ណា (អាវខៀវ)

 

ពិធី​បិទ​កម្មវិធី Kara Cup Racing 2016 ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ ​ឯកឧត្ដម មៀច សុផាន់ណា ​បាន​និយាយ​ថា​៖ “បច្ចុប្បន្ន​នេះ កីឡា​យានយន្ត​យើង​អាច​ប្រកួតប្រជែង អាច​ដើរ​ដោយ​ត្រង់​ខ្លួន​ជាមួយ​ប្រទេស​ជិត​ខាង។ បើ​ទោះ​បី​ជា​គេ​មាន​បទពិសោធន៍​ច្រើន​ជាង​យើង ប៉ុន្តែ​បច្ចេកទេស​បញ្ជា​យានយន្ត​របស់​យើង មិន​ចាញ់​គេ​នោះ​ទេ។ ​នេះ​យើង​អាច​និយាយ​បាន​ថា យើង​អាច​មាន​សមត្ថភាព​ស្មើ​ជាមួយ​កីឡាករ​នៅ​ប្រទេស​ជិត​ខាង​យើង​បាន”។

 

ទន្ទឹម​គ្នា​នេះ​ដែរ ​ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា ​សហព័ន្ធ​នឹង​ស្វែង​​រក​គ្រូ​បន្ថែម​ដើម្បី​មក​បង្ហាត់​កីឡាករ​កម្ពុជា​ដែល​មាន​ស្រាប់ ក៏​ដូចជា​ស្វែង​រក​កីឡាករ​ពូកែ​ៗ​ផ្សេង​ទៀត ដើម្បី​ពង្រឹង​កីឡា​មួយ​នេះ​ឱ្យ​កាន់​តែ​មាន​ភាព​ល្បីល្បាញ​ថែម​ទៀត។

 

មៀច សុផាន់ណា ​​ថា ​កីឡាករ​យានយន្ដ​កម្ពុជា​មាន​សមត្ថភាព​ស្មើ​កីឡាករ​បរទេស​ដែរ
កីឡាករ​កម្ពុជា ឈិន ផូ

 

អ្វី​ដែល​កាន់​តែ​ពិសេស​នៅ​ល្ងាច​ម្សិលមិញ​នេះ ​ការ​ប្រកួត​​ពាន​រង្វាន់​ប្រណាំង​ម៉ូតូលើ​វាលរាប​ Kara Cup Race 2016 ​ប្រភេទ Class A ​(ម៉ូតូ​មាន​កម្លាំង​ម៉ាស៊ីន​ក្រោម​១៣៥​សេ​សេ) ​គឺ​បាន​ទៅ​លើ​កីឡាករ​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា​ ឈិន ផូ (Chhean Pou) ខណៈ​ដែល​លេខ​២​ និង​លេខ​៣​បាន​ទៅ​លើ​កីឡាករ​មក​ពី​ប្រទេស​វៀតណាម៕

 

អត្ថបទ៖ មុន្នី រម្យ