រុស្សី​ជួយ​ស៊ី​រី​ដណ្ដើមបាន​ទីក្រុង​បុរាណ Palmyra ពី​ក្រុម​រដ្ឋ​ឥស្លាម​

​កងកម្លាំង​ស៊ី​រី​បាន​ដណ្ដើមបាន​ទីក្រុង​បុរាណ Palmyra ពី​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ឬ​ដែ​ស្ហ ក្រោយពី​ក្រុម​នេះ​បាន​កាន់កាប់​ទីតាំង​បុរាណ​នេះ​តាំងពី​ឆ្នាំ​២០១៥​មក​។ កងទ័ព​ស៊ី​រី ដោយមាន​ការគាំទ្រ​ពី​កងកម្លាំង​អាកាស​របស់​រុស្សី បាន​បើក​ការវាយប្រហារ​យ៉ាងខ្លាំង​លើ​មូលដ្ឋាន​របស់​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ប្រតិបត្តិការ​ជាង​មួយខែ​មកនេះ ក្នុងការ​កាន់កាប់​តំបន់​បេតិកភណ្ឌ​របស់ UNESCO ឡើងវិញ​។​

​ដោយមាន​ជំនួយ​ពី​កម្លាំង​ទ័ពអាកាស​រុស្សី កងកម្លាំង​ស៊ី​រី​បាន​ដណ្ដើម​ត្រលប់​មកវិញ​ទីក្រុង​បុរាណ Palmyra ក្នុងការ​ប្រយុទ្ធ​យ៉ាងខ្លាំង​រវាង​ទាហាន​រដ្ឋាភិបាល និង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh) ។ ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​សមរភូមិ​Palmyra ធ្វើ​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម​ខូចខាត​យ៉ាងខ្លាំង ដោយបាន​បាត់បង់​សកម្មជន​របស់ខ្លួន​ជាច្រើន​ក្នុង​សមរភូមិ​នេះ​។​

​ទីបញ្ជាការ​យោធា​ស៊ី​រី​និយាយថា កងកម្លាំង​របស់ខ្លួន​បាន​ដណ្ដើម​កាន់កាប់ Palmyra នៅ​ថ្ងៃទី​២៧ ខែមីនា ក្រោម​ការគាំទ្រ​ដោយ​ការវាយប្រហារ​ផ្លូវអាកាស​របស់​កម្លាំង​រុស្សី​និង​ស៊ី​រី​ផ្ទាល់​។ ជ័យជម្នះ​លើក​នេះ គឺជា​ការបើកផ្លូវ​ទៅ​ទិសខាងកើត​សំដៅ​មូលដ្ឋាន​រឹងមាំ​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ទីក្រុង​Raqqa និង​Deir al-Zor​។ ជាមួយគ្នានេះ ការបាត់បង់​ទីក្រុង Palmyra ក៏​ជាការ​វាយប្រហារ​ដ៏​ធ្ងន់​លើ​ក្រុម​ជ្រុលនិយម ចាប់តាំងពី​ការប្រកាស​បង្កើត​រដ្ឋ​មួយ​នៅ​ឆ្នាំ​២០១៤​។​

​ទាក់ទិន​នឹង​ការប្រយុទ្ធ​នៅ Palmyra ក្រុម​អង្កេត​ការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​និយាយថា ក្រុម​រដ្ឋ​ឥស្លាម​បាន​បាត់បង់​យុទ្ធជន​របស់ខ្លួន​យ៉ាងតិច​៤០០​នាក់ ខណៈដែល​ខាង​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​មាន​ចំនួន​អ្នកស្លាប់​១៨៨​នាក់​។  

​ជាការ​ពិតណាស់ ការគាំទ្រ​របស់​កងក​ម្លាំ​ង​រុស្សី​ដល់​ស៊ី​រី បានដាក់​ទម្ងន់​យ៉ាងខ្លាំង​ដល់​ក្រុម​រដ្ឋ​ឥស្លាម​ដែល​កំពុងតែ​បរាជ័យ​នាពេល​កន្លងមក ជាក់ស្ដែង​នោះ​គឺ​ប្រតិបត្តិការ​នៅ​ទីក្រុង​បុរាណ Palmyra ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិ​ភណ​លោក​នេះ​តែម្ដង​។ បើទោះជា​លោក ពូ​ទីន ប្រកាស​ដក​កងកម្លាំង​ត្រលប់​មកវិញ​មួយ​ភាគ​ធំ​ក៏ដោយ រុស្សី​បន្ត​រក្សា​កម្លាំង​អាកាស​មួយចំនួនទៀត ដើម្បី​ជួយ​រដ្ឋាភិបាល​លោក អាសាដ ប្រយុទ្ធ​នឹង​ក្រុម​ជ្រុលនិយម​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា ប្រធានាធិបតី​ស៊ី​រី​លោក អាសាដ បាន​និយាយ​ទូរ​សព្ទ​ជាមួយ​សម​ភាគី​រុស្សី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន នៅក្រោយ​ការដណ្ដើម​បាន​Palmyra​បានមក​វិញ ។ ដោយ​លោក​បញ្ជាក់ថា ការគាំទ្រ​របស់​រុស្សី​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ដណ្ដើម Palmyra ហើយ​ទីក្រុង​នេះ​នឹងត្រូវ​កសាងឡើង​វិញ​ផងដែរ​។

​សូម​រម្លឹក​ដែរ​ថា ទីក្រុង​បុរាណ Palmyra ត្រូវបាន​ក្រុម​រដ្ឋ​ឥស្លាម​ដណ្ដើម​កាន់កាប់​កាលពី​ឆ្នាំ​២០១៥ និង​បាន​បើក​យុទ្ធនា​ការបំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​UNESCO​។ សំណង់​មួយចំនួន​នៅ​ទីនោះ​ត្រូវបាន​កម្ទេច ដែល​សកម្មភាព​នោះ​ត្រូវបាន UNESCO ចាត់ទុកជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ លើសពីនោះ​Palmyra ក៏​ក្លាយជា​វាលពិឃាត​សម្រាប់​ក្រុម​រដ្ឋ​ឥស្លាម​សម្លាប់​មនុស្ស​ជា​សាធារណៈ​ផងដែរ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​