សារ​​មន្ទីរ DENVER ART MUSEUM​ ​ប្រគល់​បដិមា​​ «​ដងខ្លួន​ព្រះ​រាម​» មក​​​​ប្រទេស​កម្ពុជា​​​វិញ​

រាជធានី​ភ្នំពេញ ​៖​ នៅ​ថ្ងៃ​ទី​២៨ ​មីនា ​​២០១៦ ស្ថិតនៅ​​ទីស្តីការគណៈ​រដ្ឋមន្ត្រី សារ​មន្ទីរ Denver Art Museum (​សារមន្ទីរ DAM) និង​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​ធ្វើ​ការ​​ប្រគល់​រូប​បដិមា​ខ្មែរ​ ធ្វើ​អំពី​ថ្មភក់​ នា​សតវត្ស​ទី​១០មក​ឱ្យ​​ប្រទេស​​កម្ពុ​ជា​​វិញ​ ដោយ​រូប​បិដ​មា​ដង​ខ្លួន​​ព្រះ​រាម​​នេះ​ ត្រូវ​​ដាក់​តាំង​ក្នុង​សារមន្ទីរ​អស់​រយៈពេល​ជិត​៣០​​ឆ្នាំ​។

ក្នុងអំឡុងពេល​នៃ​ការ​ស្រាវជ្រាវ​ពី​រូប​បដិមា​​នេះ និង​បន្ទាប់​ពី​ពិភាក្សា​ជាមួយ​សហការី​នៅ​ប្រទេស​កម្ពុជា សារមន្ទីរ DAM បានដឹង​នូវ​អង្គ​ហេតុ​ថ្មី​ ស្តី​ពី​ប្រភព​របស់​រូប​បដិមា ដែល​មិនដឹង​នៅ​ពេល​សា​រ​មន្ទីរ​ទិញ​រូប​បដិមា​នេះ​ ។ រូប​បដិមា​ដងខ្លួន​ព្រះ​រាម ជា​រូបចម្លាក់​ធ្វើ​ពី​ថ្មភក់​របស់​ព្រះ​រាម​ ដែល​មាន​បំពង់​ព្រួញ​នៅ​ពីក្រោយ​​ព្រះ​អង្សា​ស្តាំ​ ។ រូប​បដិមា​ធ្វើ​ឡើង​នៅ​ដើម​សតវត្ស​ទី​១០ មាន​កម្ពស់​៦២​អ៊ី​ញ (​ប្រហែល​១៥៧​សង់ទីម៉ែត្រ​) និង​នៅ​បាត់​ព្រះ​កេស ព្រះ​ហ​ស្ថ និង​ព្រះបាទ​។

សារមន្ទីរ Denver Art Museum បាន​ទិញ​រូប​បដិមា​ដងខ្លួន​ព្រះ​រាម​នៅ​ឆ្នាំ​១៩៨៦​ ពី Doris Weiner Gallery នៅ​ទីក្រុង​ញូ​វ​យ៉​ក​។ រូប​បដិមា​ដងខ្លួន​ព្រះ​រាម ត្រូវ​បាន​ដាក់​តាំង​ក្នុង​សារមន្ទីរ​ផ្នែក​សិល្បៈ​អាស៊ី​។