ចាន់ សំអាត និង ឡុ​ង សុវណ្ណ​ឌឿ​ន ស៊ី​កីឡាករ​ថៃ​ផុយ​មិន​គួរ​ឱ្យ​ជឿ​នៅ​លើ​រេញ​ស៊ីធីអិន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​កាលពី​ថ្ងៃ​សៅរ៍​ទី​២៦ មីនា កន្លង​មកនេះ កីឡាករ​កម្ពុជា ចាន់ សំអាត មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ និង​ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ផ្ដួល​កីឡាករ​ថៃ​ឱ្យ​សន្លប់​នៅ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥​មិន​គួរ​ឱ្យ​ជឿ​ដូច​គ្នា ។

ការ​ប្រកួត​រវាង ចាន់ សំអាត និង​កីឡាករ​ថៃ​ឈ្មោះ បៀ​ថៃ  ដាប​កន​កង​ហ្វា ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទាល់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ការ​ប្រកួត​មិន​បាន​ពាក់កណ្ដាល​ទឹក​ទី​១​ស្រួលបួល​ផង​ស្រាប់តែ ចាន់ សំអាត ដែល​គេ​មិនសូវ​ទុកចិត្ត​លើ​សមត្ថភាព​នោះ​បើក​ការ​វាយ​សម្រុក​គ្មាន​ប្រណី​ទៅ​លើ​គូប្រកួត​និង​ទាត់ត្រូវ​ជើង​ឆ្វេង​កីឡាករ​ថៃ​យ៉ាងដំណំ​បណ្ដាល​ឱ្យ​ប្រកួត​លែង​កើត​តែ​ម្ដង ។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត កីឡាករ​ថៃ​រង​របួសធ្ងន់​នៅ​ត្រង់​ក្បាលជង្គង់​ទើប​ដើរ​មិន​រួច​រហូត​ត្រូវ​គេ​សែង​យក​ទៅ​កាន់​កន្លែង​ព្យាបាល​របួស​ភ្លាម​ៗ​តែ​ម្ដង ។

ចំណែក​ឡុ​ង សុវណ្ណ​ឌឿ​ន វិញ​បាន​ផ្ដួល​កីឡាករ​ថៃ​ឈ្មោះ ផ្សា​សឿ សីត​គ្រូ​ដ​យ ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៣ ។ នៅ​ក្នុង​ទឹក​ទី​១​និង​ទី​២​គេ​ឃើញ ឡុ​ង សុវណ្ណ​ឌឿ​ន មាន​ប្រៀប​ជាង​កីឡាករ​ថៃ​រូប​នេះ​ដាច់​តែ​ម្ដង ។ លុះ​ឈាន​ចូល​ដល់​ទឹក​ទី​៣ ឡុ​ង សុវណ្ណ​ឌឿ​ន បាន​បុក​កែង​និង​ជង្គង់​យ៉ាង​សន្ធាប់​ទៅ​លើ​គូប្រកួត ហើយ​នៅ​ពាក់កណ្ដាល​ទឹក​ទី​៣ ឡុ​ង សុវណ្ណ​ឌឿ​ន​បាន​បុក​ចូល​ពោះ​ទឹក​មួយ​ជង្គង់​យ៉ាង​ពេញទំហឹង​បណ្ដាល​ឱ្យ​អ្នក​ប្រដាល់​ថៃ​រូប​នេះ​ដួល​ក្រោក​លែង​រួច​តែ​ម្ដង ។

រីឯ​គូប្រកួត​មិត្តភាព​វិញ​កីឡាករ សេក រាំ​បូ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប បាន​យកឈ្នះ​កីឡាករ កុយ ចាន់​តូ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ។ កីឡាករ ផា​ន់ ពិ​សិទ្ធ មក​ពី​ក្លិប​គជសារ​កីឡា ឈ្នះ​ពិន្ទុ​កីឡាករ ជឹ​ម សា​រ៉ាត់ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​កីឡាករ​អាំង សំអាត មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យឈ្នះ​ពិន្ទុ កីឡាករ ផា​ន់ ផាត់​យុទ្ធ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​ទាំង​លំបាក​បំផុត ។

ដោយឡែក​សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ីពេល​យប់​វិញ​កីឡាករ សរ រាជសីហ៍ មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង បាន​យកឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ហ្វា​និមិត្ត វិ​រិ​យៈ​ហ្វា​ម ដោយ​ពិន្ទុ ចំណែក​ពេជ្រ សីហា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ឈ្មោះ​ផ្លាំ​ង​នុម លូក​ម៉ា​ខាម​វ៉ា​ន ទាំង​មិន​អស់ចិត្ត ។ សរ រាជសីហ៍ ប្រកួត​បាន​២​លើក ចាញ់​១ ឈ្នះ​១​មាន​៣​ពិន្ទុ ឯ​ពេជ្រ សីហា ប្រកួត​បាន​២​លើក ចាញ់​ទាំង​២​លើក ដូច្នេះ​បើ​ចាញ់​១​ប្រកួត​ទៀត នឹង​អស់​ផ្លូវ​អ៊ុត​ហើយ ។

ចំណែក​គូប្រកួត​មិត្តភាព​វិញ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ឈ្នះ​ពិន្ទុ​ទេស ឧត្តម មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​ពេជ្រ ប៊ុ​ន​សេន  មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ឈ្នះ​ពិន្ទុ គឿ​ម សុវណ្ណ​ឌឿ​ត មក​ពី​ក្លិប​មោងឬ​ស្សី​មរតក​គុន​ខ្មែរ ៕