វាយប្រហារ​អត្តឃាត​នៅ​ក្រុង​ឡា​ហ័​រ ប៉ា​គី​ស្ថាន​ស្លាប់​69​នាក់ និង​របួស​ជាង​300​នាក់

ប្រភព​ព័ត៌មាន​ផ្លូវការ​នានា​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៦៩​នាក់​ស្លាប់ និង​ជាង​៣០០​នាក់​ទៀត​រង​របួស​ដោយសារ​ការ​វាយប្រហារ​អត្តឃាត​មួយ​កាលពី​យប់​ថ្ងៃ​ទី​២៧ មីនា នៅ​ជិត​ឧទ្យាន​សាធារណៈ​មួយ​នៃ​ទីក្រុង​ឡា​ហ័​រ ទីប្រជុំជន​ខេត្ត PENDJAB ភាគ​ខាងកើត​ប៉ា​គី​ស្ថាន ។

នាយទាហាន​មួយ​រូប​នៅ​ទីក្រុង​ឡា​ហ័​រ អនុសេនីយ៍ត្រី USMAN និយាយ​ថា ក្នុង​ចំណោម​អ្នក​ស្លាប់មាន​កុមារ​២៣​នាក់ ហើយ​កុមារ​៥៦​នាក់​ទៀត​រង​របួស​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។

ប្រមុខ​ប៉ូលិស​ម្នាក់​នៃ​ទីក្រុង​ឡា​ហ័​រ លោក HAIDER ASHRAF រៀបរាប់​ថា ជន​អត្តឃាត​បាន​ធ្វើ​ឱ្យ​ផ្ទុះ​នៅ​កន្លែង​ចត​ម៉ូតូ​មួយ​ស្ថិត​នៅ​ជិត​ច្រកចូល​សំខាន់​នៃ​ឧទ្យាន GULSHAN-E-IQBAL ។ លោក​អះអាង​ថា នា​ពេល​វាយប្រហារ​អ្នក​ទៅ​លេង​នៅ​ក្នុង​ឧទ្យាន​នេះ​មាន​ច្រើន​ខុសធម្មតា ព្រោះតែ​បណ្តា​គ្រឹ​ស្ត​សាសនិក​ក៏​លើកគ្នា​ទៅ​ទីនោះ​ដែរ ដើម្បី​ប្រារព្ធ​បុណ្យ​គ្រឹ​ស្ត PÂQUES ។ អ្នកជំនាញ​ខាង​គ្រឿងផ្ទុះ​និយាយ​ថា ជន​អត្តឃាត​ប្រើ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ដល់​ពី​៨​ទៅ​១០​គីឡូក្រាម​សម្រាប់​ការ​វាយប្រហារ​នេះ។

ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន​មួយ​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​អត្តឃាត​នេះ ។ អ្នកនាំពាក្យ​របស់​ក្រុម TEHRIK-E-TALIBAN ប៉ា​គី​ស្ថាន​គូសបញ្ជាក់​ថា យើង​សូម​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ប្រឆាំង​ពួក​គ្រិស្ត​ខណៈ​ពួក​គេ​ប្រារព្ធ​បុណ្យ​សាសនា​មួយ ។

ក្រោយ​ការ​វាយប្រហារ​នេះ គ្រប់​ឧទ្យាន​ទាំងអស់​នៃ​ទីក្រុង​ឡា​ហ័​រ​ត្រូវ​បិទ ហើយ​មនុស្ស​ម្នា​ត្រូវ​បាន​ស្នើ​ឱ្យ​ស្ថិត​នៅ​ក្នុងផ្ទះ ។

ក្នុង​ចំណោម​អ្នក​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ JINNAH និង​មន្ទីរពេទ្យ SHEIKH ZAID ភាគច្រើន​ជានា​រី និង​កុមារ ហើយ​ក្នុង​ចំណោម​អ្នក​ទាំងនេះ​ជា​ច្រើន​សិប​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងន់ ។

មនុស្ស​ជា​ច្រើន​រយ​នាក់​លើកគ្នា​ទៅ​កាន់​បណ្តា​មន្ទីរពេទ្យ ព្រោះ​ចង់​តាម​រក​សាច់ញាតិ​ដែល​បាត់​ខ្លួន​ក្រោយ​ការ​វាយប្រហារ​នេះ តែ​ត្រូវ​រារាំង​មិន​ឱ្យ​ចូល ។

អាជ្ញាធរ​ក្រុង​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ជួយ​បរិច្ចាគ​ឈាម​ដល់​មន្ទីរពេទ្យ​ទាំងឡាយ ដើម្បី​ជួយ​សង្គ្រោះ​បណ្តា​អ្នក​របួស ។

ប៉ូលិស​បាន​រក​ឃើញ​អត្តសញ្ញាណប័ណ្ណ​របស់​ជន​អត្តឃាត​នៅ​ជិត​សាកសព​របស់​គេ ដែល​បង្ហាញ​ថា ជន​នេះ​ជា​អ្នក​រស់នៅ​ទីក្រុង MUZFFARGARH ជាទី​ក្រុង​មួយ​នៃ​ខេត្ត PENDJAB កើត​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​១៩៨៨ ។ នៅ​ទីក្រុង​នេះ​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​១៥​នាក់ ក្នុង​នោះ​មាន​បងប្អូន​ជន​អត្តឃាត​២​នាក់ ។ អាជ្ញាធរ​ខេត្ត PENDJAB ប្រកាស​ពី​ការ​កាន់​មរណទុក្ខ​រយៈពេល​៣​ថ្ងៃ ។

នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក​ណា​វ៉ាស​សារី​ហ្វ ព្រមទាំង​ប្រធានាធិបតី​លោក MAMNOON HUSSAIN បាន​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​នេះ ដោយ​ស្នើ​ដល់​បណ្តា​មន្ទីរពេទ្យ​ឱ្យ​ដុតដៃដុតជើង ជួយ​ព្យាបាល​អ្នក​របួស ។ ដោយសារ​ការ​វាយប្រហារ​នេះ លោក​សារី​ហ្វ ដែល​ត្រូវ​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​នៅ​ប្រទេស​អង់គ្លេស​នា​ថ្ងៃ​ទី​២៨ មីនា នោះ បាន​សម្រេចចិត្ត​ពន្យារពេល​វិញ ៕