វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​ព្រុ​ច​សែ​ល​ការ​គោរព​វិញ្ញាណក្ខន្ធ​ស្ទះ​ដោយសារ​បាតុកម្ម​ពួក​ជាតិនិយម

ការ​គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ដោយសារ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​ព្រុ​ច​សែ​ល​ត្រូវ​ស្ទះ​កាលពី​ថ្ងៃ​ទី​២៧ មីនា ដោយសារ​បាតុកម្ម​នានា​របស់​ពួក​ជាតិនិយម​នៅ​លើ​ទីលាន​ដែល​ប្រែ​ក្លាយទៅជា​ទីតាំង​គោរព​វិញ្ញាណក្ខន្ធ​នៅ​រាជធានី​បែ​ល​ហ្សិ​ក ខណៈ​ប្រតិបត្តិការ​ប្រឆាំង​ពួក​ភេរវ​ករ​នៅ​បន្ត​ជាមួយ​ការ​ចាប់ខ្លួន​មនុស្ស​ថ្មី​ៗ​ទៀត ។

កងកម្លាំង​ប៉ូលិស​បាន​ប្រើ​កាណុង​បាញ់​ទឹក ដើម្បី​បំបែកពួក​បាតុករ​ប្រមាណ​ជា​៣០០​នាក់ ស្លៀកពាក់​ខ្មៅ​ស្រែក​ពាក្យ​នានា​ប្រទេច​ក្រុម​ជី​ហា​ដ រដ្ឋ​អ៊ិ​ស្លា​ម ដែល​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​២២ មីនា នោះ ។ ពួក​អ្នក​ជាតិនិយម​មួយ​ចំនួន​រហូត​ដល់​ស្រែក​រិះគន់​ថា «​រដ្ឋ​រួមគំនិត​ជាមួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​» ។ ពួក​បាតុករ​ក៏​គប់​ដប​សាំង​ដុត​ដាក់​ប៉ូលិស​ផង​ដែរ ។ ពួក​បាតុករ​ជាតិនិយម​ប្រមាណ​ជា​១០​នាក់​ត្រូវ​ចាប់ខ្លួន ហើយ​នាយក​រដ្ឋមន្ត្រី​បែ​ល​ហ្ស៊ិ​ក លោក CHARLES MICHEL បាន​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​អុកឡុក​នេះ ។

ចំណែក​ការ​ដើរ​ហែ​ក្បួន​មួយ​មានឈ្មោះ​ថា «​ដើរ​ហែ​ក្បួន​ប្រឆាំង​ការ​ភ័យ​ខ្លាច​» គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២៧ មីនា ត្រូវ​បាន​លុប​ចោល​វិញ ដោយសារ​បញ្ហា​សន្តិសុខ ។

ការ​ឆែកឆេរ​ថ្មី​១៣​កន្លែង​ត្រូវធ្វើ​កាលពី​ថ្ងៃ​ទី​២៧ មីនា នៅ​ក្រុង​ព្រុ​ច​សែ​ល និង​នៅ​ភាគ​ខាងជើង​បែ​ល​ហ្ស៊ិ​ករួច​មនុស្ស​៤​នាក់​ត្រូវ​ចាប់​ឃុំឃាំង ។

ពួក​អ្នកស៊ើប​អង្កេត​បន្ត​ស្រាវជ្រាវ​ថា តើ​ជនសង្ស័យ​ម្នាក់​ដែល​ចាប់​ឃុំឃាំង ដោយសារ​ជាប់​ទាក់ទិន​ផ្ទាល់​នឹង​ការ​វាយប្រហារ​នៅ​ក្រុង​ព្រុ​ច​សែ​ល​ឈ្មោះ FAYCAL CHEFFOU ពិតជា​បុរស​ពាក់មួក​ដែល​ដាក់​គ្រាប់បែក តែ​មិន​ផ្ទុះ​នៅ​ព្រ​លាន​យន្តហោះ ZAVENTEM ក្រុង​ព្រុ​ច​សែ​ល​ឃើញ​ក្នុង​វី​ដេ​អូ​កំពុង​រុញ​រទេះ​អីវ៉ាន់​ក្បែរ​ជន​អត្តឃាត​២​នាក់ JBRAHIM EL BAKRAOU និង NAJIM LAACHRAOUI ប្រាកដ​មែន ឬ​យ៉ាងណា ៕