គន្លឹះ​សាមញ្ញ ៥ ដើម្បី​បញ្ឈប់​ខ្លួន​ឯង​ពី​ភាព​រវល់​ខ្លាំង និង​របៀប​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់

មនុស្ស​ម្នាក់ៗ​គឺ​សុទ្ធ​តែ​មាន​ភាព​មមាញឹក និង រវល់​ខ្លាំង​ក្នុង​កិច្ចការ​ប្រចាំ​ថ្ងៃ​រៀងៗ​ខ្លួន​ ។ ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​រវល់​ខ្លាំង​ពេក​ ពេល​ខ្លះ​វា​មិន​មែន​ជា​សូចនាករ​ ដែល​បង្ហាញ​ថា​អ្នក​នឹង​ទទួល​បាន​ជោគជ័យ ឬ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ការងារ​ឡើយ។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​សាមញ្ញ​ខ្លះ​ដើម្បី​បញ្ចៀស​ខ្លួន​ឯង​ពី​ភាព​រវល់​ខ្លាំង និង ការ​ចាប់​ផ្តើម​ធ្វើ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព។

 

១) កុំ​និយាយ​ពាក្យ​ថា បាទ (Yes) ទៅ​គ្រប់​កិច្ចការ​ទាំង​អស់

 

ប្រសិន​បើ​អ្នក​នៅ​មាន​កិច្ចការ​ច្រើន​ទៀត​ ​ដែល​អ្នក​នៅ​អាច​ធ្វើ​បាន អ្នក​មិន​ត្រូវ​និយាយ​ព្រម​ទទួល​កិច្ចការ​ផ្សេង​ទៀត​ពី​អ្នក​ដទៃ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ទាំង​នោះ​សប្បាយ​ចិត្ត​នោះ​ឡើយ​។ ទង្វើ​ទាំង​នេះ​នឹង​ទៅ​កាត់​បន្ថយ​ប្រសិទ្ធភាព​ការងារ​របស់​អ្នក​ រួម​ទាំង​អត្រា​នៃ​ភាព​ជោគជ័យ​របស់​អ្នក​នៅ​កាន់​តែ​តិច ក៏​ព្រោះ​តែ​អ្នក​ បាន​បែងចែក​នូវ​ថាមពល​របស់​អ្នក​ ក្នុង​ការងារ​ពីរ ផ្សេង​គ្នា ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ផ្តោត​យក​ចិត្ត​ទុកដាក់​បាន​គ្រប់គ្រាន់​ទៅ​លើ​ការងារ​តែ​មួយ។

 

២) បង្កើត​និង​កំណត់​ពេល​វេលា សម្រាប់ គ្រួសារ និង មិត្តភ័ក្ដិ

 

នៅ​ពេល​ដែល​អ្នក​ដឹង​ពី​គុណ​តម្លៃ​ នៃ​ការ​ស្រលាញ់​នរណា​ម្នាក់ អ្នក​នឹង​អាច​បង្កើត​ពេល​វេលា​មួយ​ដ៏​មាន​គុណ​តម្លៃ​ចំពោះ​ពួក​គេ។ មួយ​ជីវិត​មនុស្ស​មិន​មែន​រស់​ត្រឹម​តែ​ធ្វើ​ការងារ​មួយ​មុខ​នោះ​ឡើយ អ្នក​គួរ​តែ​ចេះ​បន្ថែម​ថាមពល​ឲ្យ​ខ្លួន​ឯង ធ្វើ​ឲ្យ​ចិត្ត​ខ្លួន​ឯង​បាន​សម្រាក​ ជាមួយ​នឹង​ការ​ចំណាយ​ពេល​ជាមួយ​ គ្រួសារ ឬ មិត្តភ័ក្ដិ គឺ​ជា​រឿង​ល្អ​បំផុត​មួយ​ក្នុង​ការ​បង្កើត​សុភមង្គល​ឲ្យ​ជីវិត។

 

៣) ការ​កំណត់​អាទិភាព

 

កំណត់​ការងារ​ណា​ដែល​ជា​អាទិភាព​ និង បញ្ឈប់​ចំណាយ​ពេល​ឥត​ប្រយោជន៍​ ជា​មួយ​កិច្ចការ​ដែល​មិន​មាន​សារសំខាន់។ ត្រូវ​ចេះ​ធ្វើ​ការ​ម្តង​មួយ កិច្ចការ​មួយ​ណា​សម្រេច​ហើយ ត្រូវ​ចេះ​ធ្វើ​កិច្ចការ​អាទិភាព​ទី២ ទី៣ រហូត​ដល់​ការ​ងារ​មិន​សូវ​សំខាន់​នៅ​ចុង​ក្រោយ​គេ តែ​ត្រូវ​ចាំ​ថា​ មិន​គួរ​ធ្វើ​កិច្ចការ​ច្រើន​ក្នុង​ពេល​តែ​មួយ​ទេ។

 

៤) មិន​ត្រូវ​ឲ្យ​មនុស្ស​ដទៃ​មក​រំខាន​ ឬ បង្អាក់​សកម្មភាព​របស់​អ្នក

 

ដាក់​ចិត្ត​ដាក់​កាយ និង​ផ្តោត​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្លាំង​បំផុត​ទៅ​លើ​កិច្ចការ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ហើយ​មិន​ត្រូវ​ បណ្តោយ​ឲ្យ​មិត្ត​រួម​ការងារ ឬ អ្វី​ផ្សេង​មក​រំខាន​អ្នក​ឡើយ​ រហូត​ដល់​អ្នក​ធ្វើ​វា​បាន​សម្រេច​ ឬ រហូត​ដល់​ពេល​អ្នក​សម្រាក។ ប្រសិន​បើ​អ្នក​ដាក់​ថាមពល​ក្នុង​រាងកាយ​ទាំង​អស់​ទៅ​លើ​ការងារ​តែ​មួយ​ដែល​អ្នក​កំពុង​ធ្វើ​ អ្នក​នឹង​មើល​ឃើញ​ថា​ អ្នក​បាន​ចំណាយ​ពេល​កាន់​តែ​តិច​ដើម្បី​ធ្វើ​ការងារ​អ្វី​មួយ​ឲ្យ​សម្រេច។

 

៥) គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង រៀប​ចំ​កាល​វិភាគ​ពេល​សម្រាក​ឲ្យ​ខ្លួន​ឯង

 

ប្រសិន​បើ​អ្នក​គេង​មិន​បាន​គ្រប់​គ្រាន់ ដោយ​បន្ត​មាន​អារម្មណ៍​ហត់នឿយ​ពី​ថ្ងៃ​ម្សិលមិញ នោះ​អ្នក​មិន​អាច​ធ្វើ​ការងារ​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដូច​ការ​ចង់​បាន​របស់​អ្នក​ឡើយ។ ព្យាយាម​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​យ៉ាង​ហោច​ណាស់ ៧ ទៅ ៨ ម៉ោង​ក្នុង​មួយ​យប់​។ បន្ថែម​ពី​លើ​នេះ​ ចេះ​កំណត់​ពេល​សម្រាក​ឲ្យ​ខ្លួន​ឯង​ ក្នុង​ពេល​កំពុង​ធ្វើ​ការងារ​ ដោយ​នៅ​ឲ្យ​ឆ្ងាយ​ពី​តុ​ការងារ​ ដើម្បី​ទុក​ឲ្យ​ខួរ​ក្បាល​បាន​សម្រាក​បន្តិច​ ដើម្បី​ពង្រឹង​ស្មារតី​ឡើង​វិញ​ នេះ​ជា​មធ្យោបាយ​មួយ​ជួយ​ឲ្យ​អ្នក​ផ្តោត​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​បាន​ពេញ​មួយ​ថ្ងៃ​ ដើម្បី​ជួយ​ធ្វើ​ឲ្យ​អ្នក​បញ្ចប់​កិច្ចការ​បាន​កាន់​តែ​លឿន។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: entrepreneur.com