បួន​នាក់​ស្លាប់​ក្នុង​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​សង្គ្រោះបន្ទាន់​ក្នុង​រដ្ឋ​អា​ឡា​បា​ម៉ា​

​បរទេស​៖ ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា មនុស្ស​បួន​នាក់​រួមទាំង​អ្នកជំងឺ​ម្នាក់ ដែល​ត្រូវបាន​ដឹក​តាម​យន្តហោះ​ពី​កន្លែង​គ្រោះថ្នាក់​រថយន្ត​ទៅកាន់​មន្ទីរពេទ្យ ត្រូវបាន​ស្លាប់​នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈពេលដែល​យន្តហោះ​សង្គ្រោះបន្ទាន់​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ក្នុង​រដ្ឋ​អា​ឡា​បា​ម៉ា សហរដ្ឋអាមេរិក​។  

 

​កាកបាទក្រហម​បាន​ឲ្យ​ដឹង​ដោយ​ដកស្រង់​សម្តី​អាជ្ញាធរ​ថា យន្តហោះ​សង្គ្រោះបន្ទាន់​រួមទាំង​មនុស្ស​បួន​កំពុងធ្វើដំណើរ​បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅក្នុង​តំបន់​ព្រៃ​មួយ​ក្នុង​ទីក្រុង Coffee County រដ្ឋ​អា​ឡា​បា​ម៉ា​។  

 

​យោងតាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រៅពី​អ្នកជំងឺ ក្នុងនោះ​មាន​អ្នកបើកបរ​យន្តហោះ គិលានុបដ្ឋាយិកា និង​វេ​ជ្ច​បណ្ឌិត​ផងដែរ​ត្រូវបាន​ស្លាប់​ទាំងអស់​។​

 

​ក្រុមមន្ត្រី​មកពី​ក្រុម​ប្រឹក្សាជាតិ​សុវត្ថិភាព​មធ្យោបាយ​ធ្វើដំណើរ កំពុងធ្វើការ​ស៊ើបអង្កេត​អំពី​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​ប្រភេទ AS350 ដ៏​អកុសល​នេះ ដែល​បាន​កើតឡើង​ចំងាយ​ជាង​៤០​គីឡូម៉ែត្រ (២៤​ម៉ា​យល៍​) ភាគ​ខាងជើង​ជាប់​បណ្តោយ​ព្រំដែន​រដ្ឋ​ផ្លរីដា​៕

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: REUTERS