ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ​ច័ន្ទ​ ២៨ មីនា

១) ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​សួន​ឧទ្យាន​សាធារណៈ​ក្នុង​ទីក្រុង ឡាហ័រ (Lahore) ប្រទេស ប៉ាគីស្ថាន បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៦៩ នាក់ និង ច្រើន​ជាង ៣០០ នាក់​បាន​រង​របួស ដោយ​ភាគ​ច្រើន​អ្នក​ស្លាប់​និង រង​របួស​ជា​ស្ត្រី និង កុមារ។

 

២) ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ល្បែង​ពាណិជ្ជកម្ម​ថ្មី​មួយ​រវាង​មហាអំណាច​ថាមពល​ពីរ នៅ​អាស៊ី គឺ ចិន និង ឥណ្ឌា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រយៈ​ពេល​យូរ​ជា​មួយ​គ្នា។

 

៣) ប៉ូលិស ប៊ែលហ្សិក បាន​ប្រើ​កាណុង​បាញ់​ទឹក​ដាក់​លើ​ហ្វូង​បាតុករ​រាប់​រយ​នាក់​ ដែល​ប្រមូល​ផ្តុំ​គ្នា​មក​តវ៉ា​នៅ​កណ្តាល​រដ្ឋ​ធានី​ ប្រ៊ុចសែល នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ បន្ទាប់​ពី​ហ្វូង​បាតុករ​ទាំង​នោះ​ព្រងើយ​កន្តើយ​ចំពោះ​ការ​ស្នើ​សុំ​របស់​ប៉ូលិស ឲ្យ​ពន្យារពេល​ នូវ​ពិធី​ដង្ហែក្បួន​សាមគ្គី​ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​កាល​ពី​សប្តាហ៍​មុន។

 

៤) សកម្មជន​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​ចាប់​ផ្តើម​យុទ្ធនាការ​ ប្រឆាំង​នឹង​ទីក្រុង ព្យុងយ៉ាង​ តាម​រយៈ​ការ​បង្ហោះ​ខិត្តប័ណ្ណ​រាប់​ពាន់​ចូល​ទៅ​ក្នុង​ប្រទេស​ កូរ៉េខាងជើង​ ដែល​នេះ​ជា​លើក​ទី ២ ហើយ​ក្នុង​រយៈ​ពេល ៣ ឆ្នាំ​ចុង​ក្រោយ​នេះ​ ពោល​គឺ​ចំ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​មាន​ភាព​តានតឹង​នឹង​គ្នា​ នៅ​លើ​ឧបទ្វីប​កូរ៉េ។

 

៥) យោធា​ប្រទេស ស៊ីរី បាន​វាយ​ដណ្តើម​យក​មក​វិញ​ទាំង​ស្រុង​នូវ​ទីក្រុង បុរាណ​របស់​ខ្លួន Palmyra ពី​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម ISIS កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ។

 

៦) ព្យុះ​កំណាច Katie បាន​វាយប្រហារ​ភាគ​ខាង​ត្បូង​ចក្រភព​អង់គ្លេស ដែល​ល្បឿន​ខ្យល់​នៅ​ពេល​នេះ​មាន​សន្ទុះ​ដល់​ទៅ ១៦៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែល​បង្ខំ​ឲ្យ​អង់គ្លេស​លុប​ចោល​ជើង​ហោះហើរ​ជា​ច្រើន រួម​ទាំង​ផ្លូវ​សំខាន់​មួយ​ចំនួន​ទៀត​ត្រូវ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com, channelnewsasia.com, telegraph.co.uk