ក្រុមហ៊ុន​ទឹក​ពិសា ​វី​តា​ល់ ចូលរួម​ឧបត្ថម្ភ​កម្មវិធី​ផ្តល់​ឈាម​នៅ​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង

ក្រុមហ៊ុន​ទឹក​ពិសា ​វី​តា​ល់ ចូលរួម​ឧបត្ថម្ភ​កម្មវិធី​ផ្តល់​ឈាម​នៅ​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង



ភ្នំពេញ​ ៖ ដោយមាន​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុមហ៊ុន អិន វី ស៊ី ខ​ប​ភើ​រេ​សិន វី​តា​ល់​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែ​មីនា ​ឆ្នាំ​២០១៦ សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ បាន​ប្រារព្ធ​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ ក្រោម​ប្រធានបទ «​ផ្តល់​ឈាម ផ្តល់​ក្តី​សង្ឃឹម​» ក្រោម​អធិបតីភាព​របស់​លោក​ ហោ ប៉េង ​សកលវិទ្យាធិការ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង។​

ក្រៅពី​និស្សិត​ ក៏​មាន​ការចូលរួម​ពី​មន្ត្រី​សាលា​ខណ្ឌ​ដូនពេញ​ផង​ដែរ ដែល​ដឹកនាំ​ដោយ​លោក​គួច​ ចំរើន​ អភិបាលខណ្ឌ​ និង​មន្ត្រី​ក្រោម​ឱវាទ​មួយ​ចំនួន​ទៀត។ នេះ​គឺជា​លើក​ទី​៣ ដែល​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ប៉ុន្តែ​កម្មវិធី​លើក​នេះ​ គឺ សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ​បាន​រៀបចំ​ឡើង​មាន​ទ្រង់ទ្រាយ​ធំ ដែល​មាន​និស្សិត​ចូលរួម​រហូត​ដល់​ទៅ​ជាង​១.០០០​នាក់ ហើយក៏​រំពឹង​ថា ​នឹង​ទទួល​បាន​ប្លោក​ឈាម​សប្បុរស​យ៉ាង​តិច​ណាស់​៣០០​ប្លោក។ គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​នេះ​ឡើង ​គឺ​ដើម្បី​លើកកម្ពស់​ដល់​ការចូលរួម​របស់​និស្សិត​ឲ្យ​បាន​ចូលរួម​ជាមួយ​សកម្មភាព​មនុស្សធម៌​ក្នុង​សង្គម​តាម​ការ​បរិច្ចាគ​ឈាម ក៏​ជាការ​គាំទ្រ​ផងដែរ​ដល់​យុទ្ធនាការ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​លុបបំបាត់ ការ​ស្លាប់​របស់​ប្រជាជន​កម្ពុជា​ដោយ​កង្វះ​ឈាម។

កម្មវិធី​បរិច្ចាគ​ឈាម​នេះ​អាច​ប្រារព្ធ​ទៅ​បាន​យ៉ាង​អធិកអធម​ដោយសារតែ​មានការ​ឧបត្ថម្ភ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ពី ជាពិសេស​គឺ​ក្រុមហ៊ុន​ទឹក​ពិសា វី​តា​ល់ ដែល​ជានិច្ចកាល តែងតែ​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​នានា​ក្នុង​សង្គម។ ដើម្បី​លើកទឹកចិត្ត​ដល់​និស្សិត​ដែល​បាន​ផ្តល់​ឈាម​ទាំងឡាយ វី​តា​ល់​ បាន​ឧបត្ថម្ភ​ទឹក ​វី​តា​ល់​ ម្នាក់​១​យួរ បន្ថែម​លើក​ការឧបត្ថម្ភ​ទឹក​ប្រើប្រាស់​ក្នុង​កម្មវិធី​ទាំង​មូល។

លោក ហោ ប៉េង សកលវិទ្យាធិការ​ នៃ​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ក៏បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ក៏ដូចជា​ក្រុមហ៊ុន វី​តា​ល់​ ដែល​បាន​ចូលរួម​ចំណែក ក្នុង​ការរៀបចំ​កម្មវិធី​សប្បុរស​នេះ​ឡើង​ម្តង​ទៀត​ក្នុង​បរិវេណ​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ហើយ​លោក​ក៏បាន​អបអរសាទរ​ដល់​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​របស់​និស្សិត​កសិកម្ម​ទាំងឡាយ ដែល​ប្អូនៗ មាន​សន្តាន​ចិត្ត​សប្បុរស​ក្នុង​ការ​បរិច្ចាគ​ឈាម លោក​ថា​ទង្វើ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់ នូវ​ឆន្ទៈ​សាមគ្គីភាព​របស់​យុវជន​ខ្មែរ​ជំនាន់​ថ្មី។

លោក​សកលវិទ្យាធិការ ក៏បាន​ថ្លែងអំណរគុណ​ផង​ដែរ​ចំពោះ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​ដែល​តែងតែ​ចូលរួម​ឧបត្ថម្ភ​ក្នុង​កម្មវិធី​មនុស្សធម៌​នានា ​ជាពិសេស​កម្មវិធី​បរិច្ចាគ​ឈាម​នៅ​សាលា​ជាតិ​គ្រប់គ្រង ដែល វី​តា​ល់​ តែងតែ​មាន​វត្តមាន​ជាច្រើន​ឆ្នាំ​រួចមកហើយ។

មន្ត្រី​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ថ្លែងអំណរគុណ​ដល់​និស្សិត​ជាតិ​គ្រប់គ្រង​ទាំង​អស់​ដែល​បាន​ប្រារព្ធ​កម្មវិធី​ផ្តល់​ឈាម​នេះ​ឡើងជា​លើក​ទី​៣ ដែល​ការចូលរួម​បរិច្ចាគ​ឈាម​នេះ​គឺ​ពិតជា​ប្រសើរ​ណាស់ ព្រោះ​ស្តុក​ឈាម​របស់​យើង​ក៏​កំពុងតែ​ត្រូវការ​ប្លោក​ឈាម​ដើម្បី​បំពេញ​បន្ថែម​សម្រាប់​ការ​ផ្គត់ផ្គង់​ដល់​តម្រូវការ​ដែល​មាន​ការ​កើនឡើង​ជា​រៀងរាល់ថ្ងៃ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពេល​ថ្មីៗ​នេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ​ដែល​ដឹក​នាំ​ដោយ​លោក​ប្រធាន​វេជ្ជបណ្ឌិត ហុក គឹម​ចេង បាន​ធ្វើ​ឲ្យ​កម្មវិធី​ផ្តល់​ឈាម​មាន​សកម្មភាព​យ៉ាងសកម្ម​ ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទូទៅ​គ្រប់​ស្រទាប់​ដូចជា សិស្ស​ និស្សិត នាយទាហាន មន្ត្រីរាជការ​ តាម​ក្រសួង និង​រួម​ទាំង​បុគ្គលិក​វិស័យ​ឯកជន​នានា​ផង​ដែរ​ ដែល​ទង្វើ​នេះ​មិន​ត្រឹមតែ​អាច​បង្កើន​ចំនួន​ស្តុក​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ប៉ុណ្ណោះ​ទេ ក៏​ជា​យុទ្ធនាការ​ផ្សព្វផ្សាយ​ដើម្បី​ជា​ការ​យល់ដឹង​យ៉ាង​ប្រសើរ​ពី​ការ​បរិច្ចាគ​ឈាម​ដោយ​សុវត្ថិភាព​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ទឹក​ពិសា ​វី​តា​ល់ សន្យា​ថា​នឹង​បន្ត​គាំទ្រ និង​ឧបត្ថម្ភ​ដល់​កម្មវិធី​បរិច្ចាគ​ឈាម និង​សកម្មភាព​មនុស្សធម៌​សង្គម​ផ្សេងៗ​ទៀត ដើម្បី​ជា​សក្ខីភាព​ នៃ​ការចូលរួម​របស់​អតិថិជន​វី​តា​ល់​ក្នុង​មូលនិធិ​២៥៛ ពី​ការ​លក់​ទឹក​១ដប​៕

ក្រុមហ៊ុន​ទឹក​ពិសា ​វី​តា​ល់ ចូលរួម​ឧបត្ថម្ភ​កម្មវិធី​ផ្តល់​ឈាម​នៅ​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង