ក្រុមហ៊ុន​បារាំង​ទទួល​បាន ​«​ពានរង្វាន់​ក្រុមហ៊ុន​ដែល​មាន​ការ​ទទួលខុសត្រូវ​ផ្នែក​សង្គម​»

ក្រុមហ៊ុន​បារាំង​ទទួល​បាន ​«​ពានរង្វាន់​ក្រុមហ៊ុន​ដែល​មាន​ការ​ទទួលខុសត្រូវ​ផ្នែក​សង្គម​»



ភ្នំពេញ ៖ លោក​ សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុម ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក ហ្ស​ង់​-​ក្លូដ ពាំ​បឺ​ហ្វ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា កាល​ពី​ល្ងាច ថ្ងៃ​សៅរ៍​ ទី​២៦​ ខែ​មីនា ​ឆ្នាំ​២០១៦ ​បាន​ប្រគល់​«​ពានរង្វាន់​ក្រុមហ៊ុន​ដែល​មាន​ការ​ទទួលខុសត្រូវ​ផ្នែក​សង្គម​» ឬ Corporate Social Responsibility (CSR) Awards ដល់​ក្រុមហ៊ុន​បារាំង​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​ចីរភាព។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ​កាលពី​ថ្ងៃ​ទី​២៨ ​ខែ​មីនា ​បាន​ឲ្យ​ដឹងថា​ ការ​ប្រឡង​ប្រណាំង​ពានរង្វាន់ CSR 2016​នេះ​ ត្រូវ​បាន​រៀបចំ​ឡើងជា​លើក ទី​១​នៅ កម្ពុជា​ដោយ ក្រុម​ទី​ប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​បារាំង​នៅ​កម្ពុជា ដែល​ជា​បណ្ដាញ​សហគ្រិន​និង​ធុរជន​បារាំង​បំពេញការងារ​នៅ​តាម​ក្រុមហ៊ុន​តូច​ធំ​នានា ក្នុង​គោលបំណង​លើកស្ទួយ​ការអនុវត្ត​ល្អៗ​របស់​ក្រុមហ៊ុន​បារាំង​នៅ​កម្ពុជា ក៏ដូចជា​លើកកម្ពស់​ការអនុវត្ត​ទាំងនេះ​នៅ​ក្នុង​ចំណោម​សហគមន៍​ធុរកិច្ច​សកម្ម​ផ្សេងទៀត។ ពានរង្វាន់​នេះ​ត្រូវ​បាន​ចែកចេញជា​៣​ប្រភេទ ដើម្បី​លើក ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​បារាំង​ទាំង​ឡាយ​ណា ដែល​មាន​ស្នាដៃ​រួមចំណែក​ការពារ​បរិស្ថាន ផល​ប៉ះពាល់​សង្គម និង​អភិបាលកិច្ច​សេដ្ឋកិច្ច។

សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​បន្ត​ថា​ ការ​ប្រកួតប្រជែង​លើកដំបូង​នេះ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ចំនួន​១៣ ក្នុង​នោះ​មាន​ទាំង​ក្រុមហ៊ុន​ពហុ​សាសន៍ ​និង​សហគ្រាស​ធុន​តូច​ និង​មធ្យម ដែល​កំពុង​វិនិយោគ​ក្នុង​វិស័យ​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការចែក​ចាយ ឱសថ ទំនាក់ទំនង និង​កសិចំណីអាហារ។

ការ​ចូលរួម​ចម្រុះ​នេះ​បង្ហាញ​ថា សកម្មភាព​ដែល​មាន​ការទទួលខុសត្រូវ​ផ្នែក​សង្គម​អាច​អនុវត្ត​បាន​ដោយ​ក្រុមហ៊ុន​ទាំងអស់ មិន​ថា​តូច​ ឬ​ធំ ឬ​មាន​ប្រភព​មក​ពី​ណា​នោះ​ឡើយ។

បន្ទាប់ពី​ឆ្លងកាត់​ការវាយតម្លៃ​យ៉ាង​ល្អិតល្អន់​ពី​គណៈកម្មការ​ប្រកួត​ពាន​រង្វាន់​ក្រុមហ៊ុន​ដែល​មាន​ការទទួលខុសត្រូវ​សង្គម​ឆ្នាំ​២០១៦ ផ្នែក​បរិស្ថាន​ត្រូវ​បាន​ប្រគល់​ជូន​ទីភ្នាក់ងារ ទេសចរណ៍ Exotissimo រីឯ​ផ្នែក​ផល​ប៉ះពាល់​សង្គម​ត្រូវ​បាន​ទៅលើ​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា ខណៈ​ដែល​ក្រុមហ៊ុន​ខន​ហ្វី​រេល និង​ក្រុមហ៊ុន Endorphine Concept ទទួល​បាន​ពានរង្វាន់​ស្ទួន​ផ្នែក​អភិបាលកិច្ច​សេដ្ឋកិច្ច​។ ក្រុមហ៊ុន​ទទួល​ជ័យលាភី​ទាំងនេះ​ត្រូវ​បាន​ជ្រើសរើស​តាមរយៈ​ការវាយតម្លៃ​គម្រោង ដោយ​ផ្អែកលើ​លក្ខណៈ​វិនិច្ឆ័យ​៥​យ៉ាង​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​នៃ​ដំណើរការ​អាជីវកម្ម ការ​ដាក់​បញ្ចូល​ក្នុង​គម្រោង​របស់​ក្រុមហ៊ុន​នូវ​ចំណុច​អាទិភាព​ នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការផ្ទេរ​ចំណេះដឹង​ដល់​អ្នកទទួល​ផលប្រយោជន៍។

ក្នុង​ឱកាស​ប្រគល់​ពានរង្វាន់​ខាងលើ លោក គ្រី​ស្តូ​ហ្វ ហ្វ​ក​ស៊ី​នែ​ទី ប្រធាន​ក្រុម​ទី​ប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​បារាំង​នៅ​កម្ពុជា​បាន​គូស​បញ្ជាក់​ពី​សារសំខាន់​ នៃ​ការ​លើក​កម្ពស់​ការ​ទទួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​បារាំង​នៅ​កម្ពុជា ដែល​តែង​យល់​ឃើញ​ថា ខ្លួន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ការពារ បរិស្ថាន​ និង​សង្គម ក៏ដូចជា​ជួយ​ពង្រឹង​អភិបាលកិច្ច​ទាំង​ថ្នាក់​មូលដ្ឋាន​ និង​ថ្នាក់​ជាតិ​។

លោក គ្រី​ស្តូ​ហ្វ ហ្វ​ក​ស៊ី​នែ​ទី បាន​បន្ត​ថា ជា​មួយ​នឹង​ការទទួលខុសត្រូវ​ផ្នែក​សង្គម ក្រុមហ៊ុន​ទាំង​នេះ​មិន​ត្រឹមតែ​ផ្តល់​ឱកាស​ល្អៗ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សកម្មភាព​ពួកគេ​ក៏​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ។

ចំណែក​លោក​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​វិញ​ក៏បាន​សាទរ​ចំពោះ​ជោគជ័យ​ នៃ​ការ​រៀបចំ​ការប្រកួត​នេះ​ផងដែរ​ដោយ​លោក​មានប្រសាសន៍ថា «​ខ្ញុំ​មាន​សេចក្ដី​រីករាយ​ណាស់ ​ដោយ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​បារាំង​ជាច្រើន​មិន​ត្រឹមតែ​បង្ហាញ​ការទទួលខុសត្រូវ​ផ្នែក​សង្គម​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន​រួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ដោយ​ប្រែក្លាយ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួកគេ​ឲ្យ​ទៅ​ជា​សកម្មភាព​ជាក់ស្ដែង​។ ក្នុង​ន័យ​នេះ ពួកគេ​កំពុង​គាំទ្រ​ការ​ពង្រឹង ​និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​»។

ក្នុង​ពិធី​នោះ​ដែរ លោក សុខ ចិន្តា​សោភា បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹង ប្រែង​របស់​ក្រុម​ធុរជន​បារាំង​ក្នុង​ការរៀបចំ​ការប្រកួត​នេះ ហើយ​លោក​ក៏បាន​បង្ហាញ​នូវ​សេចក្ដី​ត្រេកអរ​ផង​ដែរ ដោយសារតែ​ក្រុមហ៊ុន​ជ័យលាភី​សុទ្ធ​សឹង​ជា​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​វិស័យ​សំខាន់ៗ​ចំពោះ​អនាគត​សេដ្ឋកិច្ច​កម្ពុជា ក្នុង​នោះ​មាន​ទេសចរណ៍ ថាមពល ព័ត៌មានវិទ្យា និង​កសិកម្ម។

ការ​ប្រកួតប្រជែង​ពានរង្វាន់​ក្រុមហ៊ុន​ដែល​មាន​ការទទួលខុសត្រូវ​ផ្នែក​សង្គម ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួងពាណិជ្ជកម្ម ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួងបរិស្ថាន ក្រោម​ការ​ជ្រោមជ្រែង​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា។ ការប្រកួត​នេះ​រៀប​ចំឡើង​ដោយ​ក្រុម​ទី​ប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​បារាំង​នៅ​កម្ពុជា ដោយមាន​ជំនួយ​បច្ចេកទេស​ពី​សភា​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា៕