តុលាការ​ លើកលែង​ការចោទប្រកាន់​លើ​បុរស​ម្នាក់ ​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​

តុលាការ​ លើកលែង​ការចោទប្រកាន់​លើ​បុរស​ម្នាក់ ​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​



កណ្ដាល​ ៖ លោក ផូង វណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ សម្រេច​លើកលែង​ការចោទប្រកាន់​លើ​បុរស​ម្នាក់ ពី​បទ​ប៉ុនប៉ង​រំលោភ​សេព​សន្ថ​វៈ​លើ​នារី ​ដែល​សង្ស័យ​ថា ​មាន​វិបល្លាស​ស្មារតី។ ការសម្រេច​នេះ ក្រុមប្រឹក្សា​យល់​ឃើញ​ថា កន្លង​មក​ជនជាប់ចោទ​ និង​ជនរងគ្រោះ ដែល​អ្នកភូមិ​អះអាង​ថា មាន​វិបល្លាស​ស្មារតី ធ្លាប់​បាន​រួមភេទ​ជាមួយគ្នា​៣​ដង រួច​មក​ហើយ។ នៅ​ថ្ងៃ​កើត​ហេតុ ជនរងគ្រោះ​មិន​ព្រម​ទើប​ឈាន​ដល់​ការ​ដាក់​ពាក្យ​បណ្ដឹង។

ជនជាប់ចោទ​ ឈ្មោះ ម៉ៅ សឿន អាយុ​៥៣​ឆ្នាំ ត្រូវ​បាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល ឃាត់ខ្លួន​កាល​ពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ព្រែក​ថ្មី ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់​កណ្ដាល ខេត្តកណ្តាល។​

របាយការណ៍​របស់​នគរបាល​ខេត្តកណ្តាល​បាន​បញ្ជាក់​ថា ស្ត្រីជន​រងគ្រោះ ​អាយុ​៤៩​ឆ្នាំ មុខរបរ​នៅ​ផ្ទះ ជា​មនុស្ស​សតិ​មិនល្អ ខណៈ​ជនល្មើស ​ឈ្មោះ ម៉ៅ សឿន ដោយ​អ្នក​ទាំងពីរ​នាក់​នេះ ធ្លាប់​រួមរ័ក​ជាមួយគ្នា ៣​ដង​រួច​មក​ហើយ ក្នុង​អំឡុង​ឆ្នាំ​២០១៤​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៥ ជនល្មើស​បាន​អង្គុ​យ​ផឹកស្រា ក្រោមផ្ទះ​ជាមួយ​មិត្តភក្ដិ លុះ​ផឹក​រួច ក៏​បែក​គ្នា​ទៅផ្ទះ​រៀងខ្លួន​។ ក្រោយមក​ជនល្មើស​បាន​ដើរ​ទៅផ្ទះ​ជនរងគ្រោះ ពេល​ទៅ​ដល់​ផ្ទះ​ជនរងគ្រោះ ឃើញ​ជនរងគ្រោះ​កំពុង​ដេក​ក៏​ដាស់​ជន​រង​គ្រោះ​សុំ​រួមភេទ តែ​ជនរងគ្រោះ​មិន​ព្រម ក៏​មាន​ការ​ប្រតាយប្រតប់​គ្នា ហើយ​ជនរងគ្រោះ​ស្រែក​ឲ្យ​គេ​ជួយ​ភ្លាម​​នោះ​ប្អូនថ្លៃ​ជនរងគ្រោះ បានឮ​ចុះទៅ​មើលឃើញ​ជនល្មើស នៅ​ក្នុងផ្ទះ​ជនរងគ្រោះ​ប្អូនថ្លៃ​បាន​សួរនាំ ពេលនោះ​ជនល្មើស បាន​វាយ​ត្រូវ​ប្អូនថ្លៃ​១​ដៃ ត្រូវ​មុខ​រួច​គេចខ្លួន​ទៅផ្ទះ​បាត់​។​

លុះ​ព្រឹក​ឡើង​កូន​របស់​ជនរងគ្រោះ បាន​មក​ដាក់ពាក្យ​បណ្ដឹង នៅ​ប៉ុស្តិ៍​ជ័យ​ធំ ហើយ​បាន​ឃាត់ខ្លួន​ជនល្មើស​តែម្តង៕ ​