សភា​ពាណិជ្ជកម្ម​ក្រុង​កាន​ចូ​វ​ មក​ស្វែងយល់​ពី​ស្ថានភាព​របស់​ថ្នាក់រៀន​ភាសា​ចិន​ វិទ្យាស្ថាន​ខុង​ជឺ​ប្រចាំ​វិទ្យាល័យ​អង្គរ​

សភា​ពាណិជ្ជកម្ម​ក្រុង​កាន​ចូ​វ​ មក​ស្វែងយល់​ពី​ស្ថានភាព​របស់​ថ្នាក់រៀន​ភាសា​ចិន​ វិទ្យាស្ថាន​ខុង​ជឺ​ប្រចាំ​វិទ្យាល័យ​អង្គរ​



សៀមរាប ៖ លោក Li Jian Ming ប្រធាន​សភា​ពាណិជ្ជកម្ម​ក្រុង​កាន​ចូ​វ​ បាន​ដឹកនាំ​គណៈប្រតិភូ​មក​ស្វែងយល់​ពី​ស្ថានភាព​របស់​ថ្នាក់រៀន​ភាសា​ចិន​ សាខា​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ប្រចាំ​វិទ្យាល័យ​អង្គរ​ខេត្ត​សៀមរាប​ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦។

ក្នុង​ជំនួប​ជាមួយ​នាយក ថ្នាក់ដឹកនាំ គ្រូបង្រៀន និង​បុគ្គលិក​សិក្សា​នៅ​វិទ្យាល័យ​អង្គរ លោក Li បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ វិទ្យាល័យ​អង្គរ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​ចែករំលែក​បទ​ពិសោធន៍​ផ្នែក​ភាសា ​និង​វប្បធម៌​ នៃ​ប្រទេស​យើង​ទាំងពីរ ហើយ​លោក​បាន​ឯកភាព​លើ​សំណើ​របស់​លោក​បណ្ឌិត ជា មុនី​ឫទ្ធិ នាយក​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង លោក រិ​ន ឡូត នាយក​វិទ្យាល័យ​អង្គរ ក្នុង​ការ​បង្កើន​អាហារូបករណ៍​ដល់​សិស្ស​នៅ​ក្នុង​វិទ្យាល័យ​អង្គរ​ទៅ​បន្ត​ការសិក្សា​នៅ​ក្នុង​ខេត្ត​ជាំ​ង​ស៊ី។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដោយមាន​កិច្ច​សម្របសម្រួល​របស់​វិទ្យាស្ថាន​ខុង​ជឺ ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៣​មក ខេត្ត​ជាំ​ង​ស៊ី ប្រទេស​ចិន​ និង​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ខេត្ត​សម្ពន្ធភាព ហើយ​ខេត្ត​ជាំ​ង​ស៊ី​បាន​ផ្តល់​អាហារូបករណ៍​ចំនួន​៥​កន្លែង​ដល់​សិស្ស​វិទ្យាល័យ​អង្គរ​ក្នុង​ការ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​ចិន បន្ថែម​ពីលើ​អាហារូបករណ៍​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ចិន និង​វិទ្យាស្ថាន​ខុង​ជឺ​ ទីស្នាក់ការ​កណ្តាល​របស់​ប្រទេស​ចិន។

លោក​បណ្ឌិត ជា មុនី​ឬ​ទ្ធិ នាយក​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ឲ្យ​ដឹង​បន្ថែម​ថា ថ្នាក់រៀន​ភាសា​ចិន​នេះ ​គឺជា​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​រវាង​ចិន​ និង​កម្ពុជា​ បាន​រួម​ចំណែក​ជាមួយ​សាលាខេត្ត​សៀមរាប​ក្នុង​ការ​ពង្រឹង ​និង​ពង្រីក​ចំណងទាក់ទង​ជា​មិត្តភាព​រវាង​ប្រជា​ជាតិ​យើង​ទាំងពីរ។ ជាមួយគ្នានេះដែរ ថ្នាក់រៀន​នេះ​ជា​មជ្ឈមណ្ឌល​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​របស់​វិទ្យាល័យ​អង្គរ​ និយាយ​ដោយឡែក ដល់​សិស្ស និស្សិត មន្ត្រីរាជការ​ក្នុង​ខេត្ត​សៀមរាប​និយាយ​រួម​ក្នុង​ការ​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា និង​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន។ តាមរយៈ​បទ​ពិសោ​ធន៍​ជាង​កន្លះ​ទសវត្សរ៍​នេះ ថ្នាក់រៀន​ដែលមាន​កម្រិត​អន្តរជាតិ​នេះ​បាន​ជួយ​ពង្រីក​ឱកាស​ការងារ​ជូន​ដល់​អ្នកសិក្សា​ដែលមាន​ពុទ្ធិ​ភាសា​ចិន​ច្បាស់លាស់​ក្នុង​ការ​រក​ប្រាក់​ចំណូល​ពី​ជនជាតិ​ចិន​ដែល​បាន​មក​ទេសចរណ៍ ​និង​មក​វិនិយោគ​នៅក្នុង​ខេត្តសៀមរាប។ វិនិយោគិន​ជនជាតិ​ចិន​ភាគច្រើន​មិនដែល​រំលង​មក​ទស្សនកិច្ច​នៅ​ថ្នាក់រៀន​ភាសា​ចិន របស់​វិទ្យាស្ថាន​ខុង​ជឺ ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ប្រចាំ​វិទ្យាល័យ​អង្គរ​ឡើយ ក្នុងពេលដែល​បំពេញ​ទស្សនកិច្ច​នៅក្នុង​ខេត្តសៀមរាប៕