ទូរទស្សន៍ ៧១ប្រទេសលើពិភពលោក ត្រៀមផ្សាយផ្ទាល់​ព្រឹត្តិការណ៍​បាល់ទាត់ Euro 2016 ក្នុងនោះ​ក៏មាន​កម្ពុជាដែរ

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប «UEFA Euro 2016» ដែលមានបារាំងធ្វើម្ចាស់ផ្ទះ នោះ គឺមានក្រុមហ៊ុនទូរទស្សន៍ ៧១ប្រទេសនៅលើពិភពលោក បានកំពុងត្រៀម​ខ្លួនរួចជាស្រេច ក្នុងការផ្សាយបន្ត ផ្ទាល់ពីព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះ នេះបើយោងតាមគេហទំព័រ UEFA បានឲ្យដឹងនៅថ្ងៃទី២៨ ខែមីនានេះ ។

ប្រភពពីសហព័ន្ធខាងលើដដែលបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ UEFA (យូហ្វា) បានលក់ សិទ្ធិផ្សាយបន្តផ្ទាល់ទៅបណ្តាប្រទេសនានានៅលើពិភពលោកបាន ៧១ប៉ុស្តិ៍ទូរ​ទស្សន៍​ហើយ ដើម្បីផ្សាយបន្តផ្ទាល់ពីយុទ្ធនាការ Euro 2016 លើកទី១៥ ដែលមានទាំងអស់៥១ប្រកួត មាន២៤ក្រុមចូលរួមចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនា និងបញ្ចប់ទៅវិញថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងពហុកីឡដ្ឋានទាំង១០កន្លែង នៅក្នុងប្រទេសបារាំង ។ តែយ៉ាងណាក៏ដោយ UEFA មិនបានបញ្ជាក់ពីតម្លៃទិញសិទ្ធិផ្សាយបន្តផ្ទាល់នោះឡើយ គ្រាន់តែបញ្ជាក់ថា កម្ពុជាក៏ ទទួលបានសិទ្ធិផ្សាយផងដែរ គឺទូរទស្សន៍ CTN ចំពោះព្រឹត្តិការណ៍ល្បីរន្ទឺទូទាំងពិភពលោក ដែលមានរយៈពេល ៤ឆ្នាំម្តង ។ CTN ជាក្រុមហ៊ុនទើបតែទទួលបាន​សិទ្ធិផ្សាយបន្តផ្ទាល់​ព្រឹត្តិការណ៍បាល់ទាត់​ពិភពលោក FIFA World Cup 2014 នៅប្រទេសប្រេស៊ីល ផងដែរ ។

ទូរទស្សន៍កីឡាល្បីៗ​នៅលើសកលលោក មានដូចជា Sky Sport (អ៉ីតាលី), BBC (អង់គ្លេស), SportTV (អង់ហ្គូឡា), Astro (ប្រ៊ុយណេ និងម៉ាឡេស៊ី), CCTV (ចិន) និងទូរទស្សន៍ ESPN របស់អាមេរិកសុទ្ធ​តែមានសិទ្ធិផ្សាយបន្តផ្ទាល់ដូច គ្នា គ្រាដែលទូរទស្សន៍​២៦ប្រទេស ក្នុងចំណោម៥៤ប្រទេសនៅក្នុងទ្វីបអឺរ៉ុប​ក៏ចូលរួមផ្សាយដែរ ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ Euro 2016 នៅសល់រយៈពេល៧៣ថ្ងៃគត់នឹងចាប់ផ្តើមជាផ្លូវការ ដោយមានក្រុមជម្រើសជាតិអេស្ប៉ាញ ជាក្រុមការពារតំណែងជើងឯក និងអ៊ីតាលី ជាជើងឯករងកាលពីរដូវកាលមុនឆ្នាំ២០១២ ដោយចាប់ផ្តើមចេញដំណើរដំបូងពីកីឡដ្ឋាន Stade de France ស្ថិតក្នុងទីក្រុងប៉ារីស ដោយ បារាំង ប៉ះរ៉ូម៉ានី បើកឆាកក្នុងពូល A មុនគេ ៕

ទូរទស្សន៍ ៧១ប្រទេសលើពិភពលោក ត្រៀមផ្សាយផ្ទាល់​ព្រឹត្តិការណ៍​បាល់ទាត់ Euro 2016 ក្នុងនោះ​ក៏មាន​កម្ពុជាដែរ

ប្រភពៈ freshnewsasia