យុវជន​ ស្រី ចំរើន ថា​សាលាក្រុង​អនុញ្ញាតឲ្យ​ដង្ហែញត្តិ​ទៅផ្ទះលោក​ កឹម សុខា

យុវជន ស្រី  ចំរើន ដែលបាន​ចេញមុខជា​បន្ត​បន្ទាប់​ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា បានឲ្យដឹងថាសាលាក្រុង​អនុញ្ញាតឲ្យ​ក្រុមយុវជនហែញត្តិទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិនិងផ្ទះរបស់លោក កឹម សុខា នៅថ្ងៃអង្គារស្អែក​នេះ ប៉ុន្តែអភិបាលរង​សាលារាជធានីថា​ខ្លួន​មិន​បាន​ទទួល​លិខិត​របស់​យុវជន​នោះទេ។​

លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន ប្រាប់​​វីអូឌីថាលោកបានដាក់លិខិតជូនដំណឹងទៅផ្នែក​រដ្ឋបាល​នៃ​សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះ ហើយ​ថាសាលារាជធានីបានអនុញ្ញាតឲ្យមាន​ការ​ហែ​ញត្តិនោះ​។ លោកបន្តថា៖ “ខ្ញុំដាក់លិខិត​នៅព្រឹក​មិញនេះ គា​ត់(ផ្នែករដ្ឋបាល​)​ទទួល​ហើយ​អនុញ្ញាត។ គេ​គ្រាន់តែហាមយើងកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ  ជៀសវាងការបង្កហិង្សា។ យើង​គ្រាន់តែសុំគាត់(កឹម សុខា​)បកស្រាយទេ ហើយអត់មានបង្កហិង្សាអ្វី​ទេ”

យុវជន​ ស្រី ចំរើន ថា​សាលាក្រុង​អនុញ្ញាតឲ្យ​ដង្ហែញត្តិ​ទៅផ្ទះលោក​ កឹម សុខាយុវជន ស្រី ចំរើន ដែល​ចេញមុខ​តវ៉ា​កាលពីកន្លងទៅ​

បើតាមលោក ស្រី ចំរើន លោកនឹងដឹកនាំយុវជនប្រមាណ២០០នាក់ នៅវេលាម៉ោង២រសៀលថ្ងៃស្អែកនេះ​ ដោយ​ដង្ហែញត្តិ​ពីមុខរដ្ឋសភាទៅដាក់នៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅបឹងកេងកង រួច​បន្តទៅទីស្នាក់ការបក្ស​សង្រ្គោះជាតិនៅចាក់អង្រែនិងបន្តទៅបន្ត​ទៅ​ផ្ទះលោក កឹម សុខា នៅទួលគោក។ លោកបន្តថាការដាក់ញត្តិនេះដើម្បីស្នើលោក កឹម សុខា ចេញបកស្រាយ​រឿងខ្សែអាត់សំឡេង​ដោយ​ថា“​ប៉ះពាល់ធ្ងន់ធ្ងរផ្នែក​ច្បាប់ វប្បធម៌ ប្រពៃណីនិងជាគំរូអាក្រក់ដល់យុវជន”

លោក ស្រី ចំរើន បាន​បញ្ជាក់ថាការដង្ហែ​ញត្តិនេះ​​អាចជា​ការ​ធ្វើដំណើរតាមរថយន្ត ម៉ូតូឬ​ដើរ​តាមលទ្ធភាពដែលមាន។

ទោះ​ជាយ៉ាងណា អភិបាល​រង​រាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រាប់​វីអូឌី​ថា​លោក​មិន​ទាន់​បាន​ទទួល​លិខិត​ស្នើ​សុំ​របស់ក្រុមយុវជននោះទេ។ លោក​បន្ត​ថា​សាលារាជធានី​មិន​អាច​ឲ្យ​មាន​ការ​ដើ​រហែជាក្បួន​ឬ​ជិះរថយន្ត​​ជាក្បួនតាមផ្លូវនោះទេ។

លោក ឃួង ស្រេង បន្ថែមថា៖ “ប៉ុន្តែបើទៅតាមឡានអីខ្ញុំពិចារណា ប៉ុន្តែខ្ញុំអត់ទាន់បានទទួលលិខិតហ្នឹងទេ ចាំខ្ញុំឆែកមើលជាមួយកូនចៅខ្ញុំសិន…បាទយើងទៅហាមគេម៉េចបើគេជិះឡានម៉ូតូ…ប៉ុន្តែបើហែបានប៉ះពាល់ ហែជាក្បួន ហែជាឡានក៏ប៉ះពាល់ដែរ ហ្នឹងជាបញ្ហា”

វីអូឌីមិនអាច​ទាក់ទង​យុវជន ស្រី ចំរើន​ ជាលើកទីពីរ ដើម្បី​សុំការឆ្លើយ​តបទៅនឹង​ការលើកឡើង​របស់​អភិបាល​រងរាជធានីភ្នំពេញ។​

អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថាគណបក្ស​បានទទួលដំណឹង​ពីគម្រោងតវ៉ានេះ ហើយ​ថ្នាក់ដឹកនាំគណបក្ស​កំពុងតែ​ពិភាក្សា​​បញ្ហានេះ។​

ប្រធានផ្នែកអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថាវាជារឿងធម្មតាសម្រាប់ប្រជាពលរដ្ឋដែលមានសិទ្ធិក្នុងការហែក្បួនទាមទារអ្វីដែលគាត់ចង់បាន។ ប៉ុន្តែលោកថាប្រសិនបើអាជ្ញាធររាជធានីអនុញ្ញាតឲ្យក្រុមនិស្សិតនេះហែក្បួនមែននោះ លោកថាក្រុមនិស្សិតនេះទទួលឱកាសច្រើនពីអាជ្ញាធរបើប្រៀបធៀបជាមួយក្រុមផ្សេងទៀតដែលសុំហែក្បួនទាមទារសិទ្ធិដីធ្លីនិងការគោរពសិទ្ធិមនុស្សជាដើម។ លោកបន្ថែមថា៖ “ដល់ពេលក្រុមហ្នឹង(ក្រុមនិស្សិត)មានលក្ខណៈអោយ​ស្រួលជាង អ៊ីចឹងយើងឃើញថាការអនុវត្តរបស់អាជ្ញាធរហ្នឹងនៅមានកម្រិតដែលយើងឲ្យថាមានស្តង់ដារពីរហ្នឹងណាមិនខុសទេ”

គួរបញ្ជាក់ថា​កាលពីឆ្នាំ​២០១៥ គណបក្សសង្រ្គោះជាតិធ្លាប់​បាន​​ដាក់លិខិតមួយច្បាប់ទៅ​សាលារាជធានីភ្នំពេញ ដោយ​ស្នើ​ឲ្យ​ចាត់កម្លាំងការពារ​ផ្ទះរបស់​មេដឹក​នាំ​បក្ស​ប្រឆាំង​ ព្រមទាំង​ទីស្នាក់ការគណបក្សនៅសង្កា​ត់ចាក់អង្រែក្រោម ក្រោយពីមានហេតុការណ៍​​នៃ​ការវាយតំណាងរាស្រ្ត​បក្សប្រឆាំងនៅក្បែររដ្ឋសភា។​ កាលពីថ្ងៃទី​២៦ខែតុលា ឆ្នាំ​២០១៥ បាតុករមួយ​ក្រុម​បាន​តវ៉ានៅផ្ទះរបស់​លោក កឹម សុខា ទាមទារ​ឲ្យ​លោក​ចុះ​ចេញពីតំណែង​ជា​ប្រធានទី​១នៃ​រដ្ឋសភា។ ការតវ៉ានោះ​មាន​ការ​គប់ដំថ្មមួយចំនួន​ចូលផ្ទះរបស់​លោក កឹម សុខា ផងដែរ​។​

គួរបញ្ជាក់ថាពាក់ព័ន្ធនឹង​រឿងអាស្រូវស្នេហានេះ កាលពីសប្តាហ៍មុន ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានប្រកាសទទួលយកបណ្ដឹងរបស់ក្រុមយុវជនដែលបានប្ដឹងលោក កឹម សុខា ថាបានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយថា​​អាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ចំណែករដ្ឋសភាបានផ្ញើលិខិតមួយទៅលោក កឹម សុខា ឲ្យបកស្រាយរឿងអាស្រូវស្នេហានេះ តាមញត្តិរបស់យុវជនដែលបានដាក់ទៅរដ្ឋសភា៕​ ដោយ ស៊ុន ណារិន និង​លោក ទូច សុខា​

ប្រភពៈ VOD