លោក កឹម សុខា៖ ​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ត្រូវ​​​ផ្តោត​​​លើ​​​​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​

លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​​​​​​​ច្រាន​​​ចោល​​​​​​ការ​​​តវ៉ា​​​​​​ពី​​​សំណាក់​​​និស្សិត​​​​​​មួយ​​​ក្រុម​​​​​​ដែល​​​ទាម​ទារ​​​ឲ្យ​​​លោក​​​​​​ឆ្លើយ​​​តប​​​​​​នឹង​​​ការ​​​អះ​​​អាង​​​ថា ​​​លោក​​​មាន​​​​​​ទំនាក់​​​ទំនង​​​ស្នេហា​​​ក្រៅ​​​អាពាហ៍​​​ពិពាហ៍​​​​​​ជា​​​ច្រើន​​​ ដោយ​​​ប្រាប់​​​អ្នក​​​គាំ​​​ទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ឲ្យ​​​ត្រៀម​​​​​​​​​ខ្លួន​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​​​​ឃុំ​​​សង្កាត់​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​នេះ។​​​​​​

ថ្លែង​​​នៅ​​​ឯ​​​​​​សន្និបាត​​​រាល់​​​ពី​​​រ​​​ឆ្នាំ​​​ម្តង​​​​​​លើក​​​ទី​​​ពីរ​​​​​​ចាប់​​​តាំង​​​ពី​​​​​​ការ​​​បង្កើត​​​​​​ជា​​​គណ​​​បក្ស​​​រួប​​​រួម​​​មួយ​​​ក្នុង​​​ខែ​​​កក្កដា ឆ្នាំ​​​២០១២ ពោល​​​គឺ​​​រយៈ​​​ពេល​​​មិន​​​ដល់​​​មួយ​​​ខែផង​​​ក្រោយ​​​ពី​​​​​​គណបក្ស​​​ទាំង​​​ពីរ​​​​​​ចាញ់​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​​​​លើក​​​មុន​​​ លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​ក្រោយ​​​​​​គឺ​​​សំខាន់​​​ណាស់។

លោក កឹម សុខា អនុប្រធាន​​​​​​គណបក្ស​​​ប្រឆាំង​​​​​​ថ្លែង​​​​​​ក្នុង​​​​​​សន្និបាត​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ។ រូប​​​ថតដោយ ស៊ីវ ចាន់ណា/ខេមបូឌា ដេលី

លោក សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​សំខាន់​​​បំផុត​​​គឺ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ផ្តោត​​​លើ​​​​​​ការ​​​ត្រៀម​​​ខ្លួន​​​​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត។​​​ ការ​​​បោះ​​​ឆ្នោត​​​ថ្នាក់​​​មូល​​​ដ្ឋាន​​​​​​ក្នុង​​​ឆ្នាំ​​​២០១៧​​​គឺ​​​ជា​​​ស្ពាន​​​​​​សម្រាប់​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​ ដើម្បី​​​ឈាន​​​ទៅ​​​យក​​​ជ័យ​​​ជម្នះ​​​​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​សាកល​​​​​​ក្នុង​​​ឆ្នាំ​​​២០១៨ ហើយ​​​ឈាន​​​ទៅ​​​​​​ដឹក​​​នាំ​​​​​​​​​ប្រទេស​​​កម្ពុជា​​​​​​នៅ​​​ពេល​​​​​​ខាង​​​មុខ​​​”។​​​​​​​​​​​​

ការ​​​បោះ​​​ឆ្នោត​​​​​​ឃុំ​​​សង្កាត់​​​​​​ដែល​​​គ្រោង​​​​​​ធ្វើ​​​នៅ​​​​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៧​​​​​​នឹង​​​ជា​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​លើក​​​ដំបូង​​​​​​​​​ ចាប់​​​តាំង​​​ពី​​​​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០១៣​​​ដ៏​​​ចម្រូង​​​ចម្រាស ជា​​​លើក​​​ដំបូង​​​ក្នុង​​​ប្រវត្តិសាស្ត្រ​​​កម្ពុជា​​​​​​ដែល​​​គណបក្ស​​​កាន់​​​អំណាច​​​​​​បាន​​​ប្រឈម​​​នឹង​​​​​​គណបក្ស​​​ប្រឆាំង​​​រួប​​​រួម​​​គ្នា។​​​​​​

លោក សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា សមាជិក​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ត្រូវ​​​ត្រៀម​​​ខ្លួន​​​​​​ទប់​​​ទល់​​​ការ​​​ជ្រៀត​​​ជ្រែក​​​​​​ពី​​​​​​គណបក្ស​​​កាន់​​​អំណាច​​​ ក្នុង​​​ខណៈ​​​ដែល​​​ការ​​​បោះ​​​ឆ្នោត​​​ខិត​​​ជិត​​​មក​​​ដល់។

cam-photo-CNRP_KHMER-1លោក សុខា បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “​​​សូម​​​ចាំ​​​ គូប្រកួត​​​របស់​​​យើង​​​​​​ដឹង​​​ថា កម្ពុជា​​​ភាគ​​​ច្រើន​​​​​​បែរ​​​មក​​​គាំទ្រ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ហើយ​​​ដូច្នេះ​​​គេ​​​នឹង​​​មិន​​​ឲ្យ​​​យើង​​​ឈ្នះ​​​​​​ដោយ​​​ស្រួលៗ​​​ទេ ហើយ​​​គេ​​​​​​នឹង​​​​​​មិន​​​ឲ្យ​​​ឱកាស​​​យើង​​​ធ្វើការ​​​ដោយ​​​សេរី​​​ដែរ។ ខ្ញុំ​​​សូម​​​អំពាវ​​​នាវ​​​​​​​​​ដល់​​​ដៃគូ​​​ប្រកួត​​​​​​​​​នយោបាយ​​​ទាំង​​ឡាយ​​​ សូម​​​​​​​​​មេត្តា​​​ប្រកួត​​​គ្នា​​​​​​ដោយ​​​ស្មើ​​​ភាព និង​​​​​​ដោយ​​​ថ្លៃ​​​ថ្នូរ​​​ ជៀស​​​វាងនូវ​​​ការ​​​ប្រើ​​​​​​អំពើហិង្សា ​​​ការ​​​​​​យក​​​​​​អំណាច​​​រដ្ឋ​​​​​​គាប​​​សង្កត់​​​​​​​​​លើ​​​ដៃ​​​គូ​​​​​​​​​ប្រកួត​​​​​​របស់​​​ខ្លួន​​​​​​”។

លោក សុខ ឥសាន អ្នក​​​នាំពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក សុខា មិន​​​​​​ត្រូវ​​​ភ័យ​​​ខ្លាច​​​អ្វី​​​​​​ទេ ហើយ​​​ថា​​​គណៈកម្មាធិការ​​​​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ថ្មី​​​​​​​​​​​​ធានា​​​​​​ថា ការ​​​បោះ​​​ឆ្នោត​​​ប្រព្រឹត្ត​​​​​​ទៅ​​​យ៉ាង​​​ល្អ​​​ប្រសើរ។

អ្នកនាំពាក្យ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គ្មាន​​​នរណា​​​​​​គាប​​​សង្កត់​​​គេ​​​ទេ ប៉ុន្តែ​​​​​​ក្នុង​​​ករណី​​​​​​​​​ថា មាន​​​ករណី​​​ខ្លះ​​​កើត​​​ឡើង​​​​​​ដោយ​​​សារ​​​តែ​​​សមាជិក​​​មួយ​​​ចំនួន​​​តូច​​​ [​​​គណបក្ស​​​កាន់​​​អំណាច​​​]​​​ គឺ​​​គេ​​​មាន​​​សិទ្ធិ​​​​​​ដាក់​​​បណ្តឹង​​​ទៅ​​​ គ.ជ.ប ហើយ​​​ស្ថាប័ន​​​នេះ​​​​​​នឹង​​​​​​កំណត់​​​ប្រាក់​​​ពិន័យ”។

នៅ​​​ខាង​​​ក្រៅ​​​សន្និបាត​​​កាល​​​ពី​​​​​​ថ្ងៃ​​​សៅរ៍​​​​​​ក្នុង​​​​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា ក្រុង​​​ភ្នំពេញ និស្សិត​​​មួយ​​​​​​ក្រុម​​​​​​ដែល​​​កំពុង​​​តាម​​​លោក សុខា ទៅ​​​កន្លែង​​​ធ្វើ​​​ពិធី​​​ផ្សេងៗ​​​​​​កាល​​​ពី​​​ខែ​​​មុន​​​ បាន​​​បន្ត​​​តវ៉ា​​​ ដើម្បី​​​ជំទាស់​​​នឹង​​​​​​ការ​​​បដិសេធ​​​របស់​​​លោក​​​មិន​​​ឆ្លើយ​​​សំណួរ​​​ពួក​​​គេ។​​​​​​

និស្សិត​​​បាន​​​ទាមទារ​​​​​​ឲ្យ​​​​​​អនុប្រធាន​​​បក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បក​​​ស្រាយ​​​ថា តើ​​​​​​វា​​​ជា​​​សំឡេង​​​របស់​​​លោក​​​​​​ក្នុង​​​​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​​​​បែក​​​ធ្លាយ​​​​​​រវាង​​​លោក និង​​​ស្រី​​​កំណាន់ ឬ​​​ថា​​​តើ​​​លោក​​​​​​ចង់​​​អះ​​​អាង​​​ថា វា​​​មិនមែន​​​​​​ជា​​​សំឡេង​​​របស់​​​លោក។​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​អនុវត្ត​​​​​​គោល​​​ការណ៍​​​មួយ​​​ថា “មិន​​​​​​ឈ្លោះ មិន​​​ឆ្លើយ មិន​​​ឆ្លង​​​​​​” ជា​​​ការ​​​ឆ្លើយ​​​តប​​​នឹង​​​ការ​​​អះអាង​​​បែប​​​នេះ។

​​​​ការ​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​មួយ​​​សន្ទុះ​​​​​​រវាង​​​​​​និស្សិត និង​​​អ្នក​​​គាំទ្រ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ខ្លះ​​​បាន​​​កើត​​​ឡើង​​​​​​នៅ​​​ខាង​​​ក្រៅ​​​​​​សន្និបាត​​​​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ប៉ុន្តែ​​​ត្រូវ​​​គ្រប់​​​គ្រង​​​យ៉ាង​​​រហ័ស​​​​​​ដោយ​​​នគរបាល។

មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង លោក សម រង្ស៊ី​​​ ដែល​​​កំពុង​​​និរទេស​​​ខ្លួន​​​ ដើម្បី​​​គេច​​​ខ្លួន​​​ពី​​​​​​ការ​​​ចាប់​​​ខ្លួន​​​​​​តាម​​​ការ​​​ផ្តន្ទាទោស​​​ពី​​​​​​​​​បទ​​​បរិហារកេរ្តិ៍ បាន​​​បង្ហាញ​​​ខ្លួន​​​​​​នៅ​​​ឯ​​​សន្និបាត​​​តាម​​​​​​រយៈ​​​ស្កែប។​​​​​​​​​​​​​​​

លោក រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​យើង​​​នឹង​​​រៀប​​​ចំ​​​ឡើង​​​វិញ​​​នូវ​​​​​​​​​កសិកម្ម​​​​​​ ដើម្បី​​​​​​លើក​​​ស្ទួយ​​​ជីវ​​​ភាព​​​​​​គ្រួសារ​​​កសិករ​​​​​​ឲ្យ​​​ធូរ​​​ធា​​​ដូច​​​​​​ប្រទេស​​​ជិត​​​ខាង​​​ដែរ។ ក្នុង​​​គោល​​​បំណង​​​នេះ យើង​​​នឹង​​​បែង​​​ចែក​​​​​​ដី​​​ធ្លី​​​​​​​​​ដែល​​​ប្រមូល​​​បាន​​​ពី​​​​​​ការ​​​លុប​​​ដី​​​សម្បទាន​​​​​​ជូន​​​កសិករ​​​ទូ​​​ទៅ”។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​បាន​​​ចោទ​​​​​​លោក រង្ស៊ី​​​ ថា​​​​​​បាន​​​ទាមទារ​​​ឲ្យ​​​មាន​​​សង្គ្រាម​​​វណ្ណៈ​​​​​​តាម​​​រយៈ​​​គោល​​​នយោ​​​បាយ​​​បែប​​​នេះ​​​ ប៉ុន្តែ​​​លោក រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បែង​​​ចែក​​​​​​ដី​​​ធ្លី​​​​​​ឡើង​​​វិញ​​​នឹង​​​កើត​​​មាន​​​​​​ឡើង​​​​​​​​​​​​ដោយ​​​មាន​​​បង្កើត​​​​​​តុលាការ​​​​​​ឯករាជ្យ​​​​​​ដើម្បី​​​ជំនុំ​​​ជម្រះ​​​​​​ករណី​​​​​​ការ​​​រំលោភ​​​ដី​​​ធ្លី​​​​​​​​​ស្ថិត​​​ក្រោម​​​​​​​​​រដ្ឋា​​​ភិបាល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ប៉ុណ្ណោះ៕

 

The post លោក កឹម សុខា៖ ​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ត្រូវ​​​ផ្តោត​​​លើ​​​​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​ appeared first on ខេមបូឌា ដេលី.