កម្មករ​ទូទាំងប្រទេស ធ្វើ​សកម្មភាព​តាម​រោងចក្រ​របស់ខ្លួន ដើម្បី​ប្រឆាំង​ច្បាប់​សហជីព​

​តំណាង​សហជីព​ទូទាំងប្រទេស នឹង​កៀងគរ​កម្មករ​តាម​រោងចក្រ​នីមួយៗ ដើម្បី​ធ្វើ​សកម្មភាព​នៃ​ការមិន​ស្វា​ម​គន៍​ចំពោះ​វត្ត​មាននៃ​ច្បាប់​ស្តីពី​សហជីព ដែល​រដ្ឋសភា នឹង​ពិនិត្យ​អនុម័ត នៅពេល​ខាងមុខ​។ មេ​សហជីព សង្ឃឹមថា  ការតវ៉ា​នេះ នឹង​ជំរុញ​ឲ្យ អ្នកនយោបាយ​គ្រប់រូប រួមគ្នា​ពិចារណា​សាជាថ្មី លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​។ 

​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ ២០១៦ កម្មករ​និ​យោ​ជិ​ក​ទូទាំងប្រទេស នឹងធ្វើ​សកម្មភាព​ផ្សេងៗ​នៅតាម​រោងចក្រ និង​សហគ្រាស ដែល​ខ្លួន​កំពុង​បម្រើ​ការងារ ដើម្បី​បង្ហាញ​ពី​ការមិន​ពេញចិត្ត ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​។ ការ​ឈានដល់​ដំណាក់កាល​នៃ​ការតវ៉ា​ទូទាំងប្រទេស​បែបនេះ ដោយសារតែ​រដ្ឋសភា​និង​រដ្ឋាភិបាល តែងតែ​ព្រងើយកន្តើយ​ចំពោះ​សំណូមពរ​របស់​មេ​សហ​ជីព ដែល​បានស្នើ​ម្តង​ហើយ​ម្តងទៀត ឲ្យ​ស្ថាប័ន​កំពូល​ទាំងនោះ កែប្រែ​និង​លុបចោល​ចំណុច​អវិជ្ជមាន​មួយចំនួន ក្នុង​សេចក្តីព្រាងច្បាប់​នេះ​។   

​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បាន​អះអាង តំណាង​សហជីព រួមទាំង​កម្មករ​និ​យោ​ជិ​ក មិនអាច​ស្ងប់​អារម្មណ៍​ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​ឡើយ​។ លោក​ថា ដើម្បី​រារាំង​រដ្ឋសភា​ក្នុងការ​អនុម័ត​ច្បាប់​នេះ មេ​សហជីព​ទូទាំងប្រទេស នឹង​កៀងគរ​កម្មករ​តាម​រោងចក្រ​និង​សហគ្រាស ដែល​ខ្លួន​ឈរជើង ដើម្បី​រួមគ្នា​ធ្វើ​សកម្មភាព​នានា ក្នុង​គោលបំណង​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ ចំពោះ​ការតាក់តែង​ច្បាប់​ស្តីពី​សហជីព​នៅ​កម្ពុជា​។

កម្មករ​ទូទាំងប្រទេស ធ្វើ​សកម្មភាព​តាម​រោងចក្រ​របស់ខ្លួន ដើម្បី​ប្រឆាំង​ច្បាប់​សហជីព​

​មេ​សហជីព​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​តំណាង​សហជីព​នីមួយៗ គេ​នឹងធ្វើ​សកម្មភាព​នៅតាម​រោងចក្រ​របស់គេ ដើម្បី​បញ្ចេញ​ទស្សនៈ​ឬ​ការយល់ឃើញ​ផ្សេងៗ​ចំពោះ​ច្បាប់​សហជីព​»​។ ពួកគេ អាច​នឹង​លើក​បដា និង​ផ្ទាំង​ផ្សេងៗ ដែល​បង្ហាញ​ពី​ការមិនគាំទ្រ​ឲ្យ​បង្កើត​ច្បាប់​នេះ​»​។  ,

​បន្ថែម​ពីលើ​លោក អាត់ ធន់ លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ បាន​លើកឡើងថា បើទោះបីជា​រដ្ឋសភា រួមទាំង​រដ្ឋាភិបាល មិន​ព្រម​កែប្រែ​សេចក្តីព្រាងច្បាប់​នេះ តាម​សំណើ​របស់​សហជីព​ក៏ដោយចុះ តែ​សហជីព​នៅតែ ចាប់ដៃគ្នា បន្ត​ទាមទារ​ជានិច្ច ដោយ​មិន​បោះបង់ចោល​ដាច់ខាត​។ លោក បន្តថា តាមរយៈ​ការ​បំផុស​ចលនា​កម្មករ​ទូ​ទាំង​ប្រទេស​បែបនេះ នឹង​អាច​ញ៉ាំង​ឲ្យ​តំណាងរាស្ត្រ រួមទាំង​នាយករដ្ឋមន្ត្រី ពិចារណា​ឡើងវិញ​ចំពោះ​ការអនុម័ត​ច្បាប់​នេះ ដែលមាន​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិសេរីភាព​សហជីព​និង​កម្មករ​។

កម្មករ​ទូទាំងប្រទេស ធ្វើ​សកម្មភាព​តាម​រោងចក្រ​របស់ខ្លួន ដើម្បី​ប្រឆាំង​ច្បាប់​សហជីព​

​លោក ប៉ាវ ស៊ីណា បាន​សង្កត់ធ្ងន់ថា​៖«​ទោះបីជា យើង​ទាមទារ​កន្លងមក មិនបាន​លទ្ធផល​អ្វី​ក៏ដោយ តែ​យើង​នៅតែ​បន្ត​ទាមទារ​រហូត យើង​មិន​បោះបង់ចោល​ទេ​។ យើង​ធ្វើ​ឲ្យ​អស់​លទ្ធភាព​។ យើង​មិន​ធ្វើ​ដើម្បី​បក្ស​ណា ឬ​ក្រុម​ណាមួយ​ឡើង តែ​យើង​ធ្វើ​ដើម្បី​បងប្អូន​កម្មករ​របស់​យើងទាំងអស់គ្នា​»៕

​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព មាន​១៧​ជំ​ពួក និង​១០០ មាត្រា​។ នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ ២០១៦ រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៥ ដើម្បី​ពិនិត្យ​និង​អនុម័ត​ច្បាប់​នេះ​៕

កម្មករ​ទូទាំងប្រទេស ធ្វើ​សកម្មភាព​តាម​រោងចក្រ​របស់ខ្លួន ដើម្បី​ប្រឆាំង​ច្បាប់​សហជីព​

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​