មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ថា​នឹង​បើក​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​១៦៧​នាក់​នៅ​មុន​ចូល​ឆ្នាំ

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កំពុង​ដោះស្រាយ​ប្រាក់​បៀវត្ស​មូលដ្ឋាន និង​ប្រាក់​បំណាច់​មុខងារ​ជូន​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ដែល​បាន​ប្រឡង​ជាប់​ចូល​បំពេញ​ការងារ​ចំនួន ១៦៧​នាក់។

ការ​ចេញ​លិខិត​ស្នើ​ឲ្យ​ក្រសួង​មុខងារ​សាធារណៈ ដោះស្រាយ​បញ្ហា​ប្រាក់​បៀវត្ស​ជាពិសេស​នេះ នៅ​បន្ទាប់​ពី​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ជាច្រើន​នាក់ ផ្ទុះ​ការ​ទាមទារ​បើក​ប្រាក់​បៀវត្ស​ក្រោយ​ពី​បំពេញ​ការងារ​អស់​រយៈពេល ១៦​ខែ​ហើយ នៅ​មិន​ទាន់​បាន​បើក​ប្រាក់​ខែ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ហែល ចំរើន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ប្រាក់​បៀវត្ស​នេះ​នឹង​បើក​ជូន​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ៖ «ក្រោយ​ពី​បាន​ព័ត៌មាន​នោះ​មក យើង​បាន​ចាត់ចែង​ហើយ។ ឯកឧត្តម​រដ្ឋមន្ត្រី លោក​បាន​ចេញ​វិធានការ​ជា​លិខិត​ជូន​ក្រសួង​មុខងារ​សាធារណៈ ហើយ​យើង​ក្នុង​កម្រិត​ជំនាញ គឺ​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ម៉េច ដើម្បី​ដោះស្រាយ​រៀបចំ​បៀវត្ស​ជូន​ជា​អាទិភាព​ដល់​មន្ត្រី​ទាំងអស់​នោះ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ»

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ ក្រុម​មន្ត្រី​រាជការ​ទាំង​នោះ​ហាក់​មាន​ភាព​កក់ក្តៅ​ឡើង​វិញ ប៉ុន្តែ​ពួក​គេ​លើក​ឡើង​ថា ក្នុង​លិខិត​អន្តរាគមន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច នោះ គឺ​បាត់​ឈ្មោះ​មន្ត្រី​រាជការ​ច្រើន។ ពួក​គេ​បញ្ជាក់​ថា តាម​លិខិត​ប្រកាស​ទទួល​ស្គាល់​លេខ​៨៣១ ស..វ របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាល​ពី​ឆ្នាំ​២០១៥ គឺ​មាន​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ចំនួន ១៧៤​នាក់ មិន​មែន ១៦៧​នាក់​ឡើយ។ ម្យ៉ាង​វិញ​ទៀត បើ​បូក​សរុប​ជាមួយ​មន្ត្រី​រាជការ​ជំនាន់​ផ្សេងៗ​ទៀត​នោះ គឺ​មាន​រហូត​ដល់ ២៧៤​នាក់​ដែល​មិន​ទាន់​ទទួល​បាន​ប្រាក់​បៀវត្ស។

ចំពោះ​បញ្ហា​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ហែល ចំរើន លើក​ឡើង​ថា ចំនួន​មន្ត្រី​រាជការ​ដែល​មិន​ទាន់​បើក​ប្រាក់​បៀវត្ស​នោះ លោក​មិន​ច្បាស់​ឡើយ ប៉ុន្តែ​ប្រសិន​បើ​មន្ត្រី​រូប​ណា​មិន​ឃើញ​ឈ្មោះ​ក្នុង​បញ្ជី​នោះ គឺ​ពួក​គេ​អាច​ទាក់ទង​សួរ​នាំ​ព័ត៌មាន​នៅ​អគ្គលេខាធិការដ្ឋាន ដើម្បី​រៀបចំ​ដោះស្រាយ​ជូន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។