ការរិះគន់​របស់​លោក​Trump អំពី​​បញ្ហា​សន្តិសុខ​នៅ​អាស៊ី​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ពី​ការ​ប្រជែង​គ្នា​ខាង​អាវុធ​នុយក្លេអ៊ែរ

ការរិះគន់​របស់​លោក​Trump អំពី​​បញ្ហា​សន្តិសុខ​នៅ​អាស៊ី​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ពី​ការ​ប្រជែង​គ្នា​ខាង​អាវុធ​នុយក្លេអ៊ែរ

ទាហាន​កូរ៉េ​ខាង​ត្បូង​ឈរលើ​រថក្រោះ​ K-55 នៅ​ក្នុង​សមយុទ្ធ​ប្រចាំ​ឆ្នាំ​មួយ​ក្នុង​ក្រុង Paju​ ព្រំដែន​ជាមួយ​កូរ៉េ​ខាង​ជើង​ នៅ​ថ្ងៃ​ទី​៧​ ខែ​មិនា​ ឆ្នាំ​២០១៦។​

លោក Donald Trump បេក្ខជន​នាំ​មុខ​របស់​គណបក្ស​សាធារណរដ្ឋ​សម្រាប់តំណែង​ប្រធានាធិបតី​អាមេរិក​ មិន​សូវ​សម្បូរ​មិត្តភ័ក្ដិ​ច្រើន​ទេ​នៅ​តំបន់​អាស៊ី​ ក្រោយ​ពី​លោក​ បាន​រិះគន់​ការ​រួមចំណែក​ដល់​សន្តិសុខ​តំបន់​របស់​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​សំខាន់ៗ​របស់​អាមេរិក​នៅ​ក្នុង​តំបន់​នោះ។

លោក Trump ក៏​បាន​លើក​ឡើង​ថា​ ប្រទេស​ទាំង​នេះ​ក៏​អភិវឌ្ឍ​ឃ្លាំង​ស្តុក​អាវុធ​បរមាណូ​របស់​ខ្លួនផ្ទាល់​ដែរ។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត​ The New York Times​ បេក្ខជន​នាំ​មុន​ខាង​គណបក្ស​សាធារណរដ្ឋ​រូប​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​វាយតម្លៃ​ឡើង​វិញ​ឲ្យ​បាន​ពេញលេញ​ អំពី​កិច្ច​ព្រមព្រៀង​សន្តិសុខ​ដ៏​យូរ​អង្វែង​របស់​អាមេរិក​ជាមួយ​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង។​

លោក Trump កាល​ពី​មុន​ធ្លាប់​រិះគន់​ថា​ ប្រទេស​ទាំង​ពីរ​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នៅ​តំបន់​អាស៊ី​នេះ​ថា​ ជា​«អ្នក​ជិះ​សេះ​លែង​ដៃ» ដោយសារ​ការ​បង់​ប្រាក់​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​តិចតួច​ពេក​ ជា​ថ្នូរ​នឹង​ការណ៍​ដែល​អាមេរិក​ដាក់​ទ័ព​របស់​ខ្លួន​៥០.០០០​នាក់​នៅ​ជប៉ុន​ និង​២៨.៥០០​នាក់​នៅ​កូរ៉េ​ខាងត្បូង​ ដើម្បី​រក្សា​សន្តិសុខ​និង​សន្តិភាព។​

​លោក Trump បាន​ថ្លែង​ប្រាប់​កាសែត​ The New York Timesថា សហរដ្ឋ​អាមេរិក​ «មិន​អាច​ខាត​បង់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ»​ ដើម្បី​ឧបត្ថម្ភ​ដល់​ការ​រក្សា​សន្តិសុខ​និង​សន្តិភាព​នៅ​ក្នុង​តំបន់​នេះ​បានទេ»។

លោក​ថ្លែង​បន្ត​ថា​ លោក​នឹង​ពិចារណា​ដក​ទ័ព​ពី​ចេញ​ពី​តំបន់​នេះ​វិញ​ ប្រសិន​បើ​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​និង​សេអ៊ូល​មិនព្រម​បង្កើន​ថ្លៃ​ការពារ​សន្តិសុខ​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទេ​នោះ។

លោក​ Trump មាន​ប្រសាសន៍​ថា​ លោក​នឹង​បើក​ទូលាយ​ឲ្យ​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​ ផលិត​អាវុធ​បរមាណូ​ ដើម្បី​ការពារ​ខ្លួន​ទប់ទល់​នឹង​ការ​គំរាម​កំហែង​បរមាណូ​ពី​កូរ៉េ​ខាង​ជើង​និង​ចិន។

លោក​បន្ថែម​ថា​ «ប្រសិន​បើ​សហរដ្ឋ​អាមេរិក​នៅ​តែ​រក្សា​មាគ៌ា​របស់ខ្លួន​ គឺ​មាគ៌ា​ដ៏​ខ្សោយ​ដូច​បច្ចុប្បន្ន​នេះ​ ប្រទេស​ទាំង​នោះ​ក៏​នៅ​តែ​ចង់​មាន​អាវុធ​បរមាណូ​ដដែល​ហ្នឹង​»៕