ក្រសួង​ការ​បរទេស​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ដែល​ផ្សាយ​ថា​កូរ៉េ​ខាង​ជើង​ឲ្យ​ជម្លៀស​ពលរដ្ឋ​ខ្មែរ

មន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឲ្យ​ដឹង​ថា ក្រសួង​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ។ ការ​ថ្លែង​នេះ គឺ​នៅ​បន្ទាប់​ពី​មាន​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ផ្សព្វផ្សាយ​ថា រដ្ឋាភិបាល​កុម្មុយនីស្ត​កូរ៉េ​ខាង​ជើង ទុក​ពេល ៥​ថ្ងៃ​ឲ្យ​ស្ថានទូត​បរទេស ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញ​ពី​ប្រទេស​នេះ ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា ផង​ដែរ។

បើ​ទោះ​បី​ជា​ការ​ប្រកាស​របស់​ក្រសួង​ការ​បរទេស ថា​កំពុង​តាម​ដាន​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ក្តី ប៉ុន្តែ​ក្រសួង​នេះ​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវ​ការ​ជុំវិញ​រឿង​ស្នើ​ឲ្យ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​កូរ៉េ​ខាង​ជើង​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ មីនា ថា រហូត​មក​ទល់​ពេល​នេះ ក្រសួង​ការ​បរទេស ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវ​ការ​ណា​មួយ​ជុំវិញ​បញ្ហា​នេះ​ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង នៅ​ឡើយ។ លោក ជុំ សុន្ទរី កត់​សម្គាល់​ដែរ​ថា ព័ត៌មាន​នៃ​ការ​ស្នើ​របស់​កូរ៉េ​ខាង​ជើង ឲ្យ​ស្ថានទូត​បរទេស​ជម្លៀស​ពលរដ្ឋ​ពេល​នេះ ហាក់​ភ្ញាក់​ផ្អើល​តែ​ក្នុង​បណ្ដាញ​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា ប៉ុណ្ណោះ។ លោក​សង្កត់​ធ្ងន់​ថា បើ​មាន​បញ្ហា​ដូច​នេះ​មែន ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ទាំង​ពីរ ប្រាកដ​ជា​ផ្តល់​ដំណឹង​ដល់​ក្រសួង​ការ​បរទេស​មិន​ខាន​ឡើយ។

ទោះ​បី​ជា​បែប​នេះ​ក្តី មន្ត្រី​នាំ​ពាក្យ​រូប​នេះ​ឲ្យ​ដឹង​ថា ក្រសួង​ការ​បរទេស​នៅ​បន្ត​តាម​ដាន​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ ដើម្បី​ចាត់​វិធានការ​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ខ្មែរ​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​ថា តើ​វិធានការ​អាច​មាន​អ្វី​ខ្លះ​នោះ​ឡើយ៖ «ព័ត៌មាន​នេះ​ផ្អើល​តែ​ក្នុង​ស្រុក​ខ្មែរ​យើង​ទេ បើ​រឿង​នេះ​មាន​ប្រាកដ​មែន វា​មិន​អាច​ប្រព័ន្ធ​ឃោសនា​បរទេស​មិន​ផ្សព្វផ្សាយ​សោះ។ ខ្ញុំ​ដូចជា​មិន​ជឿ​តែ​ម្តង​ថា​កូរ៉េ​ខាង​ជើង មាន​បញ្ហា​ដល់​ប៉ុណ្ណឹង បញ្ហា​ធំ​បំផុត​ហើយ​បែរ​ជា​ប្រព័ន្ធ​ឃោសនា​បរទេស​អត់​មាន​ផ្សាយ​អី​មួយ​ម៉ាត់ ហើយ​យ៉ាង​ហោច​បំផុត ខ្ញុំ​ជឿ​ថា​នៅ​ពេល​ដែល​កូរ៉េ​ខាង​ជើង ប្រាប់​ឲ្យ​ស្ថានទូត​រៀបចំ​ចេញ​ឲ្យ​ផុត​ក្នុង​ពេល ៥​ថ្ងៃ ស្ថានទូត​យើង​នៅ​កូរ៉េ​ខាង​ជើង យើង​អត់​រាយការណ៍។ ខ្ញុំ​អត់​ជឿ​សោះ​តែ​ម្តង។ ខ្ញុំ​ខ្លាច​ក្រែង​រឿង​ហ្នឹង​ជា​ព័ត៌មាន​ដែល​ផ្អើល​តែ​នៅ​ស្រុក​ខ្មែរ​ប៉ុណ្ណោះ»

កម្ពុជា បាន​បញ្ជូន​ពលករ​ច្រើន​ពាន់​នាក់​ទៅ​ធ្វើ​ការ​ជា​កម្មករ​នៅ​ឧបទ្វីប​កូរ៉េ ជាពិសេស​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ត្រូវ​បាន​កូរ៉េ​ខាង​ជើង គំរាម​វាយ​ប្រហារ​ជាច្រើន​ដង។

បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៨ មីនា ថា រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ទុក​ពេល ៥​ថ្ងៃ​ឲ្យ​ស្ថានទូត​បរទេស​រួម​ទាំង​កម្ពុជា ផង ជម្លៀស​ប្រជាជន​ចេញពី​​ក្រុង​ព្យុងយ៉ាង (Pyongyang) ប្រទេស​កូរ៉េ​ខាង​ជើង។ លើស​ពី​នេះ ពួក​គេ​ថា ប្រទេស​អូស្ត្រាលី និង​ថៃ កំពុង​រៀបចំ​ផែនការ​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ដូច​ការ​អះអាង​របស់ លោក ជុំ សុន្ទរី គេ​នៅ​មិន​ទាន់​ឃើញ​បណ្ដាញ​សារព័ត៌មាន​ធំៗ​របស់​បរទេស​ផ្សព្វផ្សាយ​ពី​រឿង​នេះ​នៅ​ឡើយ។

សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ បាន​តានតឹង​ជា​ថ្មី​ទៀត​ក្រោយ​ពី​កូរ៉េ​ខាង​ជើង បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ (Nuclear) កាល​ពី​ខែ​មករា និង​បាន​បាញ់​គ្រាប់​មីស៊ីល (Missile) ជា​បន្តបន្ទាប់ ដែល​ទង្វើ​ទាំងអស់​នេះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ថា ជា​ការ​ផ្គើន​របស់​កូរ៉េ​ខាង​ជើង និង​រំលោភ​ទៅ​លើ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​កំហិត​មិន​ឲ្យ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ។ កាល​ពី​ពេល​ថ្មីៗ​នេះ អង្គការ​សហប្រជាជាតិ បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅ​លើ​កូរ៉េ​ខាង​ជើង ដើម្បី​បិទ​ដង្ហើម​សេដ្ឋកិច្ច និង​លទ្ធភាព​របស់​កូរ៉េ​ខាង​ជើង ក្នុង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ទណ្ឌកម្ម​ថ្មី​នេះ កំពុង​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង ក្តៅ​ស្លឹក​ត្រចៀក​ជា​ខ្លាំង។

ទាក់ទង​នឹង​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ នេះ រដ្ឋាភិបាល​កម្ពុជា តែង​ស្នើ​ឲ្យ​កូរ៉េ​ខាង​ជើង រក្សា​ភាព​អត់ធ្មត់ និង​ងាក​ទៅ​រក​ការ​ចរចា​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​បញ្ចៀស​នូវ​ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ ដែល​នាំ​ឲ្យ​មាន​អសន្តិសុខ​ក្នុង​តំបន់។ ជំហរ​របស់​កម្ពុជា នេះ ត្រូវ​បាន​បង្ហាញ​ជា​ថ្មី​ទៀត នៅ​ពេល​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាង​ជើង ប្រចាំ​កម្ពុជា លោក ហុង គីចុល (Hong Ki Chol) កាល​ពី​ថ្ងៃ​ទី​១៧ មីនា ក្នុង​ពេល​ឯកអគ្គរដ្ឋទូត​រូប​នេះ​ចូល​លា លោក ហោ ណាំហុង គ្រា​ដែល​លោក​បញ្ចប់​អាណត្តិ​ការងារ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។