ស្ត្រី​ខ្មែរ​មេម៉ាយ​កូន​៣​ចងក​សម្លាប់​ខ្លួន សង្ស័យ​ប្តី​ចុង​ជនជាតិ​កូរ៉េ​សម្លាប់​បំបិទមាត់

ស្ត្រី​ខ្មែរ​មេម៉ាយ​កូន​៣​ចងក​សម្លាប់​ខ្លួន សង្ស័យ​ប្តី​ចុង​ជនជាតិ​កូរ៉េ​សម្លាប់​បំបិទមាត់



ភ្នំពេញ ៖ ស្ត្រី​ខ្មែរ​មេម៉ាយ​កូន​៣​ម្នាក់​បាន​ស្លាប់​ដោយ​ការ​សង្ស័យ​ថា ប្តី​ចុង​របស់​នាង​ជនជាតិ​កូរ៉េ​ជា​អ្នក​សម្លាប់​បំបិទមាត់​ពាក់ព័ន្ធ​រឿង​ខ្ចី​លុយ​គេ​មិន​សង តែ​ជនសង្ស័យ​ប្រាប់​សមត្ថកិច្ច​កិច្ច​ថា នាង​បាន​ចងក សម្លាប់​ខ្លួនឯង។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ចន្លោះ​យប់​ថ្ងៃ​ទី​២៧​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ២០១៦ តែ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​នៅ​វេលា​ម៉ោង​១០​កន្លះ​ព្រឹក​ថ្ងៃ​ទី​២៨ នៅ​ក្នុង​បូរី​ពិភព​ថ្មី ម្តុំ​មុខ​ផ្សារ​ដី​ហុយ អគារ​ផ្ទះល្វែង​លេខ​៥០ ផ្លូវ​បេតុង​លេខ​០៧ ដោយសារតែ​ខាង​ក្រុម​គ្រួសារ​សាកសព​មក​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុ​ស្តិ៍​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដើម្បី​ឲ្យ​ជួយ​ស៊ើប​អង្កេត រក​យុត្តិធម៌​ជូន ពួកគាត់។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា សាកសព​ឈ្មោះ​គឹម វ​ត្តី ភេទ​ស្រី ​អាយុ​៣៣​ឆ្នាំ គ្មាន​មុខរបរ​(​នៅផ្ទះ​) ជា​ស្ត្រី​មេម៉ាយ​កូន​៣​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំ​។ មាន​ប្តី​ក្រោយ​ឈ្មោះ គីម ជុន​ឃ្យូ​ង​(Kim Chun kyoung) ​កើត​នៅ​ឆ្នាំ​១៩៦២ ជា​ជនជាតិ​កូរ៉េ កាន់​លិខិត​ឆ្លងដែន​លេខ M02990896 មាន​មុខរបរ​ជា​វិស្វករ​សំណង់។

ពាក់ព័ន្ធ​ការ​ស្លាប់​នេះ​ប៉ូលិស​និយាយ​ថា ដឹង​ដោយសារ​បុរស​ជា​ពុក​បង្កើត​របស់ សាកសព​បាន​មក​ប្តឹង​សមត្ថកិច្ច​នៅ​ទីស្នាក់ការ​នគរបាល​រដ្ឋ​បាល​ប៉ុស្តិ៍ ភ្នំពេញ​ថ្មី ហើយ​នៅ​ពេល​មក ដល់​ផ្ទះ​កើត​ហេតុ​បាន​ឃើញ​សាកសព​ដេក​ស្លាប់​នៅ​លើ​កំរាល​អិដ្ឋ ក្នុង​ផ្ទះ​ល្វែង អគារ​លេខ៥០ ផ្លូវ​លេខ​០៧ ក្នុង​បូរី​ពិភព​ថ្មី។ តាមរយៈ​ការ​ឆ្លើយ​ប្រាប់​ពី​បុរស​ជា​ប្តី​ជនជាតិ​កូរ៉េ នោះ​គេ​បាន​ប្រាប់​ប៉ូលិស​ដោយ​និយាយ​ជា​ភាសា​ខ្មែរ​ថា មុន​ពេល​កើត​ហេតុ​គាត់​នឹង​ប្រពន្ធ​(​សព​)​បាន​ឈ្លោះ​គ្នា រឿង​ខ្ចី​លុយ​គេ រាប់​ម៉ឺន​ដុល្លារ ដែល​គាត់​បាន​ឲ្យ​នាង​ទៅ​ខ្ចី​លុយ​គេ​តែ​ពេល​គេ​មក​ទារ​លុយ​អត់​ទាន់​មាន​លុយ​សង។ លុះ​ពេលព្រឹក​ឡើង​នាង​បាន​ចងក​សម្លាប់​ខ្លួន​ ដោយ​កន្សែង​ភ្ជាប់​ទៅ​ហ្នឹង​គ្រែ ដេក​របស់​កូន​ៗ​(​គ្រែ​ច្រើន​ជាន់​)​។

បុរស​ជា​ប្តី​បន្ត​ថា ពេល​ឃើ​ញ​ដូច្នេះ គាត់​ក៏​ស្រាយចំណង​ចេញ​ហើយ​ដឹក​នាង​យក​ទៅ​ពេទ្យ​សែន​សុខ តែ​ពេទ្យ​មិន​ទទួល​ព្រោះ​នាង​ស្លាប់​បាត់​ទៅ​ហើយ។ ក្រុម​គ្រួសារ​សព​បាន​និយាយ​ថា សង្ស័យ​បុរស​ជនជាតិ​កូរ៉េ​នេះ​រឹត​ក​សម្លាប់​នាង​បំបិទមាត់​រឿង​ជំពាក់​លុយ​គេ​រាប់​ម៉ឺ​ន​ដុល្លារ​នោះ កុំ​ឲ្យ​ពាក់ព័ន្ធ​ដល់​ខ្លួន​ហើយ​មក​កុហក ប៉ូ​លិស​ថា នាង​បាន​ធ្វើ​អត្តឃាត ចងក​សម្លាប់​ខ្លួន​ដោយ​ខ្លួនឯង ដែល​នៅ​លើ​សាកសព​មាន​ស្នាម​ជាំ​ត្រង់​ក​។ ចំណែក​ឯ​បុរស​ជា​ប្តី​មាន​ស្នាម​មុត​នៅ​លើ​កំភួនដៃ​ដោយ​ស្នាម​ក្រចក ចំនួន​៣​ម្រាម​ដែល​គេ​សង្ស័យ​ថា នៅ​ពេល​រឹត​ក​នាង​សម្លាប់​នាង​ត្រដរ​ប្រតាយប្រតប់​ជាមួយ​ជន​ដៃដល់​នេះ។ ទោះ​បី​យ៉ាង​ណា​នេះ​គ្រាន់តែ​ជា​ការ​សង្ស័យ​ក្រៅផ្លូវការ​ប៉ុណ្ណោះ។

ប្រភព​ព័ត៌មាន​ផ្សេងទៀត​ពី​ក្រុម សន្តិសុខ​ដែល​យាម​ប្រចាំការ​នៅ​ក្នុង​បូរី​ពិភព​ថ្មី​នោះ​បាន និយាយ​ថា ជារឿយៗ​បុរស​ជនជាតិ​កូរ៉េ​រូប​នេះ​តែងតែ​ប្រើ​អំពើ​ហិង្សា ដេញ​វាយតប់​នាង តាំង​ពី​ក្នុង​ផ្ទះ​រហូតដល់​ផ្លូវ​បណ្តាល​ដួល​សន្លប់ ហើយ​ក្រុម​សន្តិសុខ​បាន​រត់​ទៅ​ជួយ​ឃាត់ ហើយ​បុរស​ជនជាតិ​កូរ៉េ​រូប​នេះ ដេញ​វាយ​កង​សន្តិសុខ​ទៀត​ផង។

ពាក់ព័ន្ធ​រឿង​លុយកាក់​នេះ​ត្រូវ​បាន​គេ​នាំ​គ្នា​និយាយ​ថា បុរស​ជា​ប្តី​បាន​បង្ខំ​នាង​ឲ្យ​ទៅ​ដើ​រ​រក​ខ្ចី​លុយ​គេ​ច្រើន​គ្នា​ណាស់ ហើយ​នៅ​ពេល​នាង​រកលុយ​មិនបាន​តែង​វាយ​ធ្វើ​ទារុណកម្ម​នាង។

ប៉ូលិស​កំពុងតែ​ធ្វើ​ការស្រាវជ្រាវ​លើ​ករណី​នេះ​ដោយ​យកចិត្តទុកដាក់ ប៉ុន្តែ​នៅ​មិន​ដឹង​ថា លទ្ធផល​បែប​ណា​នោះ​នៅ​ឡើយ​ទេ៕

ស្ត្រី​ខ្មែរ​មេម៉ាយ​កូន​៣​ចងក​សម្លាប់​ខ្លួន សង្ស័យ​ប្តី​ចុង​ជនជាតិ​កូរ៉េ​សម្លាប់​បំបិទមាត់