ព្រះសង្ឃ​កម្ពុជា​អំពានាវ​រក​បច្ច័យ​ដើម្បី​កសាង​ទី​អារាម​ទាំង​៨​នៅ​ប្រទេស​ឥណ្ឌា ស្រប​ពេលដែល​ការ​ចំណាយ​អស់​ជិត​១០​លាន​ដុល្លារ​ហើយ

ព្រះសង្ឃ​កម្ពុជា​អំពានាវ​រក​បច្ច័យ​ដើម្បី​កសាង​ទី​អារាម​ទាំង​៨​នៅ​ប្រទេស​ឥណ្ឌា ស្រប​ពេលដែល​ការ​ចំណាយ​អស់​ជិត​១០​លាន​ដុល្លារ​ហើយ



ភ្នំពេញ ៖ ព្រះសង្ឃ​នៅ​ប្រទេស​កម្ពុជា ដឹកនាំ​ដោយ​ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា ព្រះប្រធាន​សមាគម​សមណ​និស្សិត និង​ជា​ព្រះចៅអធិការ​វត្ត​ខ្មែរ​ទាំង​៨​នៅ​ប្រទេស​ឥណ្ឌា និង​នេ​ប៉ាល់​
​បាន​នឹង​កំពុង​អំ​នាវ​នាវ​ទៅដល់​ពុទ្ធបរិស័ទ និង​សប្បុរសជន ដើម្បី​ចូលរួម​រក​បច្ច័យ​យក​ទៅ​កសាង​ទី​វត្ត​អារាម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​នេ​ប៉ាល់ ដែលជា​ទីកន្លែង​កំណើត ត្រាស់ដឹង និង​ចូល​បរិនិព្វាន​របស់​ព្រះពុទ្ធ ស្រប​ពេលដែល​ការចំណាយ​មកដល់ពេលនេះ​អស់​ជិត​១០​លាន​ដុល្លារ​ហើយ។

ការស្វែងរក​បច្ច័យ​នេះ​នឹង​ធ្វើឡើង​តាមរយៈ​បុណ្យផ្កា​ប្រាក់​សាមគ្គី​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែមីនា នា​វត្ត​កោះ​មេត្តា​ពោធិ​វង្ស ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវម៉ុង​រិទ្ធី ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ ដោយ​ក្នុង​ពិធី​នោះ​ក៏​មានការ​រាប់បាត្រ​ជាមួយ​ព្រះសង្ឃ​ចំនួន​១០៨​អង្គ​ផងដែរ។

ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២៨ មីនា​ថា បច្ច័យ​បាន​មក​ពី​បុណ្យផ្កា​ប្រាក់​សាមគ្គី​នេះ នឹង​យក​ទៅ​កសាង​វត្ត​ខ្មែរ​ទាំង​៨ នៅ​ទឹកដី​ពុទ្ធភូមិ ដែល​ជាទី​ភូមិ​ដ៏​ប្រសើរ​នៃ​មនុស្ស និង​ទេវតា តែងតែ​គោរព​បូជា​ទាំង​យប់​ទាំង​ថ្ងៃ​។ ព្រះអង្គ​មាន​សង្ឃដីកា​បញ្ជាក់​ថា ក្នុងចំណោម​វត្ត​ទាំង​៨​នោះ គឺ​មាន​វត្ត​ខ្លះ​សង់​បាន​សមិទ្ធផល សាលាឆាន់ កុដិ​ព្រះសង្ឃ ក្លោងទ្វារ ជាដើម​។ ប៉ុន្តែ​ក៏​មាន​វត្ត​ខ្លះ​នៅ​មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ទើប​ទិញ​ដី​បាន និង​មិនទាន់​បាន​ចាក់​ដី​បំពេញ។

ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា បាន​ឲ្យ​ដឹង​ទៀត​ថា វត្ត​ទាំង​៨​នោះ ត្រូវ​បាន​ចំណាយ​ទឹកប្រាក់​អស់​ជិត​១០​លាន​ដុល្លារ​អាម៉េរិក​រួច​មក​ហើយ ប៉ុន្តែ​នៅ​ជំពាក់​គេ និង​ត្រូវការ​ថវិកា​បន្ថែម​ទៀត ក្នុង​ការកសាង​។ ព្រះអង្គ​បញ្ជាក់​ថា សព្វថ្ងៃ​នេះ​នៅ​ជំពាក់​ថវិកា​គេ​ចំនួន​៧០​ម៉ឺន ដុល្លារ​ទៀត។

ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា មាន​សង្ឃដីកា​ថា នេះ​ជា​លើក​ទី​១០​ហើយ ដែល​ព្រះសង្ឃ​តំណាង​ប្រទេស​កម្ពុជា​ធ្វើបុណ្យ​ផ្កាប្រាក់​សាមគ្គី ដើម្បី​ប្រមូល​បច្ច័យ​ទៅ​កសាង​វត្ត​ខ្មែរ​នៅលើ​ទឹកដី​ពុទ្ធភូមិ​។ កសាង​វត្ត​ខ្មែរ​នៅ​ទីនោះ ដើម្បី​បង្ហាញថា កម្ពុជា គឺជា​ប្រទេស​មួយ​ដែល​កាន់​ព្រះ​សាសនា​ពិតប្រាកដ និង​ដើម្បី​បានជា​កន្លែង​សម្រាប់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ដែល​ទៅ​ប្រតិបត្តិ​ព្រះធម៌​នៅ​ទីនោះ។

ប្រទេស​កម្ពុជា​បាន​ចាប់​កសាង​ទីវ​ត្ត​អារាម​នៅ​ក្នុង​ទឹកដី​ពុទ្ធភូមិ ក្នុង​អំឡុង​ឆ្នាំ​២០០៩ ដែល​ទី​វត្ត​នីមួយៗ​ធ្វើឡើង​តាម​រចនាបថ​ខ្មែរ​មាន​ប្រសាទ​អង្គ បា​យ័ន្ត ជាដើម​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា​៕

ព្រះសង្ឃ​កម្ពុជា​អំពានាវ​រក​បច្ច័យ​ដើម្បី​កសាង​ទី​អារាម​ទាំង​៨​នៅ​ប្រទេស​ឥណ្ឌា ស្រប​ពេលដែល​ការ​ចំណាយ​អស់​ជិត​១០​លាន​ដុល្លារ​ហើយ