ខ្យល់គរ​​នៅ​​ក្រោយ​ផ្ទះ​ខ្លួនឯង​ចម្ងាយ​២០ម៉ែត្រ​​ ស្លាប់​ជា​ច្រើន​ម៉ោង​ ទើប​ក្រុម​គ្រួសារ​ដឹង

ខ្យល់គរ​​នៅ​​ក្រោយ​ផ្ទះ​ខ្លួនឯង​ចម្ងាយ​២០ម៉ែត្រ​​ ស្លាប់​ជា​ច្រើន​ម៉ោង​ ទើប​ក្រុម​គ្រួសារ​ដឹង



ពោធិ៍សាត់​ ៖ ​បុរស​ម្នាក់​ ត្រូវ​បាន​ក្រុម​គ្រួសារ​ ប្រទះឃើញ​ដេក​ស្លាប់​នៅ​ក្រោយ​ផ្ទះ​ ចម្ងាយ​ជាង​២០​ម៉ែត្រ​ ​បន្ទាប់ពី​បាត់​ខ្លួន​ជាច្រើន​ម៉ោង​រួច​មក។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ​ថ្ងៃ​ទី​២៧ ខែ​មីនា ​ឆ្នាំ​២០១៦ ​ស្ថិត​ត្រង់​ចំណុច​ក្រោយ​ផ្ទះ​ជនរងគ្រោះ​ ស្ថិត​ក្នុង​ភូមិ​ពាធើ ​ឃុំ​ស្រែស្ដុក​​ ​ស្រុក​កណ្ដៀង ​ខេត្ត​ពោធិ៍សាត់។

ជនរងគ្រោះ​​ ត្រូវ​បាន​អាជ្ញាធរ​នៅ​ទី​នោះ​ប្រាប់​ថា ឈ្មោះ​ តុ​ក ញឿ​ន​ អាយុ​៥៥​ឆ្នាំ​ ភេទ​ប្រុស​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។

ក្រុម​គ្រួសារ​​ជនរងគ្រោះ ​បាន​រៀបរាប់​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​​​ថា​ ជនរងគ្រោះ​បាន​បាត់​ពី​ផ្ទះ​អស់​ជាច្រើន​​ម៉ោង​តាំងពី​ពិសា​ បាយ​ថ្ងៃត្រង់​រួច​មក​ម្ល៉េះ ហើយ​ក្រុម​គ្រួសារ​ស្មាន​ថា​ គាត់​ដើរ​ទៅ​លេង​ផ្ទះ​គេ។ លុះ​នៅ​​​ម៉ោង​៨​-៩​​​យប់​​​ ​ ​​មិន​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ទៀត​ ទើប​ក្រុម​គ្រួសារ​ដើរ​រក​គ្រប់​ទីកន្លែង​ក្នុង​ភូមិ​ ហើយ​សួរ​គេ​សួរ​ឯង​ ក៏​នៅតែ​មិន​ឃើញ។ ក្រោយ​មក​ក្រុម​គ្រួសារ​ដើរ​ទៅ​ក្រោយ​ផ្ទះ​​បាន​ប្រហែល​ជាង​២០​​ម៉ែត្រ ​ក៏​ប្រទះឃើញ​គាត់​ដេក​ស្លាប់​ស្លៀក​ខោខ្លី​ ក្រោម​ដើមឈើ​គួរ​ឲ្យ​អាណោចអាធ័ម​បំផុត។

សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​ នគរបាល​ស្រុក​កណ្ដៀង​បាន​ប្រាប់​ថា ​៖​ក្រោយ​ពេល​ពិនិត្យ​កន្លែង​កើតហេតុ​ ឃើញ​ថា​ជនរងគ្រោះ​​​ពុំ​មាន​ស្លាកស្នាម​នៅ​លើ​ខ្លួន​​នោះ​ទេ ហើយ​នៅ​​​​ជុំវិញ​កន្លែង​កើតហេតុ ក៏​គ្មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​​អ្វី​ដែរ។ តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ជាមួយ​គ្រូពេទ្យ​ជំនាញ​ រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន, បុរស​នេះ​បាន​ខ្យល់គរ​គាំង​បេះដូង​ដេក​ស្លាប់​ខ្លួនឯង។ សព​នេះ​ក្រោយ​ពិនិត្យ​​រួច ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

ខ្យល់គរ​​នៅ​​ក្រោយ​ផ្ទះ​ខ្លួនឯង​ចម្ងាយ​២០ម៉ែត្រ​​ ស្លាប់​ជា​ច្រើន​ម៉ោង​ ទើប​ក្រុម​គ្រួសារ​ដឹង