លោក​រដ្ឋមន្ត្រី វង សូត ៖ ប្រាកដ​ណាស់ កុមារ​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​មាន​សំខាន់​បំផុត​សម្រាប់​ប្រទេសជាតិ

លោក​រដ្ឋមន្ត្រី វង សូត ៖ ប្រាកដ​ណាស់ កុមារ​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​មាន​សំខាន់​បំផុត​សម្រាប់​ប្រទេសជាតិ



ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​ចាត់​ទុក​កុមារ​គឺជា​ទំពា​ង​ស្នង ឫស្សី នឹង​គឺជា​អ្នក​បន្តវេន​ដ៏​មាន​សារៈសំខាន់​សម្រាប់​ប្រទេសជាតិ តាមរយៈ​ការ​ជំរុញ​បង្កើន​ធនធានមនុស្ស​ថ្មីៗ ក្រោម​ការ​យក​ចិត្តទុកដាក់​យ៉ាង​ខ្លាំង របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​វិស័យ​អប់រំ​នេះ​តែម្ដង។

លោក វង សូត រដ្ឋ​មន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​លើក​ឡើង នៅ​ក្នុង​ពិធី​ចែក​កង់​ចំនួន​៤០០​គ្រឿង ដែល​ជា​ជំនួយ​របស់​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ជប៉ុន ជូន​ដល់ កុមារ ក្នុងស្រុក​ចំនួន​ពីរ នៅ​ខេត្ត​ត្បូងឃ្មុំ ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៦។

លោក​រដ្ឋមន្ត្រី​វង សូត​បន្ត​ថា ប្រទេស​ជប៉ុន​គឺជា ដៃគូ​សំខាន់​មួយ​ជាពិសេស​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល កុ​កឹ​សៃ នេះ​ជាដើម គឺ​បាន​ចូល​រួម​ចំណែក​ជា បន្តបន្ទាប់ ក្នុង​ការ​ផ្តល់​ជា​សម្ភារៈ​ផ្សេងៗ ជួយ​មកដល់​កុមារ​កំព្រា​នៅ​កម្ពុជា។ សកម្មភាព​ជាក់​ស្តែង​នៅ​ពេល​នេះ អង្គការ​បាន​ផ្តល់​កង់​ចំនួន​៤០០​គ្រឿង ជូន​ដល់​កុមារ​កំព្រា កុមារ​ទីទ័លក្រ កុមារ​ងាយ​រងគ្រោះ នៅ​តាម​សហគមន៍ ក្នុងស្រុក​តំបែរ និង​ស្រុក​ក្រូចឆ្មារ ដែល​ជា​ឱកាស​យ៉ាង​ល្អ​ប្រសើរ ដើម្បី​ជួយ​ដល់​កុមារ ទាំងនោះ ឲ្យ​មានលទ្ធភាព​បន្ត​ក្នុង​ការ​ស្វែងរក​ចំណេះដឹង​បន្ថែម ឬ​ការ​ប្រកបមុខរបរ​ផ្សេងៗ។

លោក​រដ្ឋមន្ត្រី មានប្រសាសន៍​បន្ត​ទៀត​ថា ក្រៅពី​ការ​ផ្តល់​ជំនួយ​ពី​ប្រទេស​ជា​ដៃគូ ឬ​អង្គការ ដែល​ជា​ដៃគូ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង លើ​កា​រលើ​កម្ពស់​ដល់​ប្អូនៗ​កុមារ ព្រោះ​ប្អូនៗ​ជា​ទំពាំង​ស្នង​ឫស្សី នឹង​ជា​សសរទ្រូង​សម្រាប់​ប្រទេសជាតិ​យ៉ាង​សំខាន់ ដែល​រាជរដ្ឋាភិបាល បាន​កំពុង​ជំរុញ​យកចិត្តទុកដាក់​លើ​វិស័យ​អប់រំ​នេះ ដើម្បី​ឲ្យ​កម្ពុជា​ជា​ប្រទេស​មាន​ធនធានមនុស្ស ប្រកបដោយ​សក្តានុពល​ដើម្បី​ជំរុញ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​ឥត​ឈប់ឈរ។

ជាមួយនឹង​ការ​ផ្តល់​កង់​ចំនួន​៤០០​គ្រឿង​ជូន​ដល់​កុមារ​នៅ​ពេល​នេះ លោកស្រី គឹម គិ​ម​ឡាង តំណាង អង្គការ​កុមារ អាស៊ី​អេស​ស្បេ​ការ បាន​លើក​ឡើង​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​៤៤​ហើយ ដែល​អង្គការ កុ​កឹ​សៃ បាន​ផ្តល់​កង់​ជូន​ដល់​មជ្ឈមណ្ឌល​កុមារ​កំព្រា​ នឹង​តាម​បណ្តា​សហគមន៍​ក្រីក្រ​ផ្សេងៗ សរុប​កង់ ទាំងអស់ មាន​ជិត​២​ម៉ឺន​គ្រឿង​ហើយ សម្រាប់​ការ​អនុវត្តន៍​គម្រោង ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មកដល់​ពេល បច្ចុប្បន្ន ហើយ​សម្រាប់​ពេលនេះ​ផង​ដែរ គឺ​អង្គការ​បាន​ផ្តល់​កង់​ចំនួន​៤០០​គ្រឿង​បន្ថែមទៀត ដើម្បី ឲ្យ​កុមារ​នៅ​ក្នុង​ស្រុក​ទាំងពីរ​នេះ ទទួល​បាន​ឱកាស​កាន់តែ​ប្រសើរ។

លោកស្រី តំណាង​អង្គការ​កុមារ​អាស៊ី​អេស​ស្បេ​ការ បាន​សំណូមពរ​ឲ្យ​ប្អូនៗ ដែល​ទទួល​បាន កង់​នៅ​ក្នុង​ថ្ងៃនេះ ត្រូវ​រក្សា​កង់​ឲ្យ​បាន​ល្អ ព្រោះ​វា​ផ្តល់​សារៈសំខាន់​ដល់​ប្អូនៗ ក្នុង​ការ​ធ្វើដំណើរ​ទៅកាន់ ទីកន្លែង​ផ្សេងៗ និង​ត្រូវ​ជិះ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​បង្ក​កុំ​ឲ្យ​មាន​គ្រោះថ្នាក់ ផ្សេងៗ​កើតមានឡើង​និង​សូម​ឲ្យ​ប្អូនៗ​ត្រូវ​ខិតខំ​រៀន​សូត្រ​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ឲ្យ​ក្លាយទៅជា​មនុស្ស ល្អ​ក្នុងសង្គម នឹង​ជា​ទំ​ពាង​ស្នង​ឫស្សី​ពិតប្រាកដ​ណាស់​ដែល​មិន​អាច​ខ្វះ​បាន៕

លោក​រដ្ឋមន្ត្រី វង សូត ៖ ប្រាកដ​ណាស់ កុមារ​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​មាន​សំខាន់​បំផុត​សម្រាប់​ប្រទេសជាតិ លោក​រដ្ឋមន្ត្រី វង សូត ៖ ប្រាកដ​ណាស់ កុមារ​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​មាន​សំខាន់​បំផុត​សម្រាប់​ប្រទេសជាតិ