អាវុធហត្ថ​ឃាត់​ខ្លួន​ជនជាតិ​ឡាវ​២​នាក់ ​ជាមួយ​គ្រឿងញៀន​(ICE)​ជិត​១​គីឡូក្រាម

អាវុធហត្ថ​ឃាត់​ខ្លួន​ជនជាតិ​ឡាវ​២​នាក់ ​ជាមួយ​គ្រឿងញៀន​(ICE)​ជិត​១​គីឡូក្រាម



ស្ទឹងត្រែង ​៖​ កម្លាំង​អាវុធហត្ថ ​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី​អៀង វ៉ាន់ឌី ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ បាន​បើក​ប្រតិបត្តិការ ចុះ​បង្ក្រាប​ការ​ចែកចាយ​ជួញដូរ ​គ្រឿងញៀន ​ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជនជាតិ​ឡាវ​២​នាក់ រួម​ជាមួយ​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​ ម្សៅ​ក្រាម​​ពណ៌​ស​(ICE)​ចំនួន​១​កញ្ចប់​ស្មើ​នឹង​៩៣៧,៦​ក្រាម។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿងញៀន​ខាង​លើ​នេះ ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៨​ ខែ​មីនា ​ឆ្នាំ​២០១៦​ នៅ​ត្រង់​ចំណុច​មុខ​ស្នាក់​ការ​អាវុធហត្ថ​៧៤៧ ស្ថិត​គីឡូ​៨ សង្កាត់​សាមគ្គី ​ក្រុង​-​ខេត្ត​ស្ទឹងត្រែង​ ​ហើយ​បាន​បញ្ជូន​​ទាំង​មនុស្ស​ និង​វត្ថុ​តាង​ មក​ដល់​ទីបញ្ជាការ​អាវុធហត្ថ​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ លោក​ឧត្ដមសេនីយ៍ត្រី​អៀង វ៉ាន់ឌី ​បាន​ឲ្យ​ដឹង​ថា ​៖​ជនសង្ស័យ​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​១​​. ឈ្មោះ​ផា ខាយ​ខាំ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ២. ​ឈ្មោះ​ផា ខាយ​ណ​យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ។ ពួកគេ​ទាំង​២​នាក់​ជា​បងប្អូន​បង្កើត ​​មុខ​របរ​ កសិករ​ មាន​ទីលំនៅ​ក្នុង​ភូមិ​ខី ណាក​ស្រុក​មឿង​ខូង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ។

លោក​មេ​បញ្ជាការ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ៖ ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ខាង​លើ​នេះ​ ​គឺ​​ស្ថិត​ក្រោម​ការ​ចង្អុលបង្ហាញ បញ្ជា​ផ្ទាល់​ ដោយ​នាយ​ឧត្ដមសេនីយ៍​សៅ សុខា មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​ទើប​កម្លាំង​ជំនាញ​បាន​ដាក់​កម្លាំង​តាម​គោលដៅ​ជាប់​ព្រំដែន ដែល​ជា​កន្លែង​ចរាចរណ៍​គ្រឿងញៀន​ឆ្លងកាត់ យ៉ាងសកម្ម​របស់​ក្រុម​ឧក្រិដ្ឋជន។ លុះ​មកដល់​ចំណុច​ខាងលើ ទើប​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​រួម​នឹង​គ្រឿងញៀន​(ICE)​ចំនួន​៩៣៧,៦​ក្រាម ​និង​ម៉ូតូ​មួយ​គ្រឿង​ ​រួច​បញ្ជូន​មកកាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សាកសួរ។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា ពិតជា​របស់​ខ្លួន​ពិតប្រាកដ​មែន ដោយ​បាន​ទទួល​ពី​គេ​ម្នាក់ ​ដើម្បី​យក​​​ទៅ​ឲ្យ​គេ​ម្នាក់ទៀត ហើយ​ដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​បាន​អាវុធហត្ថ​ចាប់ខ្លួន​តែម្តង។ គ្រឿង​ញៀន​ត្រូវ​បាន​ធ្វើតេស្ត​ចំពោះ​មុខ​ជនសង្ស័យ ​និង​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត ​ឃើញ​ថា​ពិត​ជា​សារធាតុ​ញៀន​​​ប្រាកដ​មែន។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​រួមទាំង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​៩៣៧,៦​ក្រាម ម៉ូតូ​មួយ​គ្រឿង កំពុង​រក្សាទុក​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ និង​កំពុង​ធ្វើការ​សាកសួរ​ពី​សមត្ថកិច្ច​ជំនាញ ដើម្បី​រៀបចំ​សំណុំរឿង​ពាក់ព័ន្ធ​ក្នុង​ករណី​គ្រឿងញៀន​នេះ​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី៕

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
​ ​អាវុធហត្ថ​ឃាត់​ខ្លួន​ជនជាតិ​ឡាវ​២​នាក់ ​ជាមួយ​គ្រឿងញៀន​(ICE)​ជិត​១​គីឡូក្រាម

អាវុធហត្ថ​ឃាត់​ខ្លួន​ជនជាតិ​ឡាវ​២​នាក់ ​ជាមួយ​គ្រឿងញៀន​(ICE)​ជិត​១​គីឡូក្រាម

អាវុធហត្ថ​ឃាត់​ខ្លួន​ជនជាតិ​ឡាវ​២​នាក់ ​ជាមួយ​គ្រឿងញៀន​(ICE)​ជិត​១​គីឡូក្រាម
​ ​