រថយន្ត​ដឹក​គ្រឿងសំណង់​គាំង​ចង្កូត ​ក្រឡាប់​ស្លាប់​មនុស្ស​ម្នាក់​នៅ​ស្រុក​បាកាន

រថយន្ត​ដឹក​គ្រឿងសំណង់​គាំង​ចង្កូត ​ក្រឡាប់​ស្លាប់​មនុស្ស​ម្នាក់​នៅ​ស្រុក​បាកាន



ពោធិ៍សាត់ ​៖​ រថយន្ត​មួយ​គ្រឿង ​ខណៈ​​​​កំពុង​ចរាចរណ៍​​លើ​ផ្លូវ​ជាតិ​លេខ​៥​សុខៗ​ ស្រាប់តែ​គាំង​ចង្កូត​​​បណ្ដាល​ឲ្យ​ក្រឡាប់​ស្លាប់​ម្នាក់ ​នៅ​កន្លែង​កើតហេតុ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​ត្រង់​ចន្លោះ​​គីឡូម៉ែត្រ​លេខ​១៩២-១៩៣​ កាលពី​វេលា​​ម៉ោង​៤​​​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​ភូមិ​រលាំង ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។

លោក​រស់ ចំរើន ​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា ​៖​ ស្ត្រី​ ដែល​ស្លាប់​ក្នុង​ឧប្បត្តិហេតុ​ចរាចរណ៍​នេះ​ឈ្មោះ​កាន សារុន ( ហៅ​មុំ ) អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ទទឹង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

លោក​រស់ ចំរើន ​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ឧប្បត្តិហេតុ​នេះ​ថា មាន​រថយន្ត​មួយ​គ្រឿង​ប្រភេទ​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C. 53-08 បាន​ចរាចរណ៍​ពី​លិច​ទៅ​កើត​លើផ្លូវ​ជាតិ​លេខ​០៥ ដោយ​បើកបរ​ដឹក​គ្រឿង​សំណង់​ខាងក្រោយ​ និង​មាន​មនុស្ស​ស្រី​៣​នាក់​ជិះ​លើ​រថយន្ត​នោះ។ ពេល​​កំពុង​ចរាចរណ៍​លើ​ផ្លូវ​ជាតិ​លេខ​៥​សុខៗ មកដល់​ចំណុច​កើតហេតុ​ខាង​លើ​​ ស្រាប់តែ​គាំង​ដៃចង្កូត ​​ក្រឡាប់​ប្រាស​ទៅ​ខាង​ត្បូង​ផ្លូវ។ ពេល​នោះ​​ស្ត្រី​ពីរ​នាក់​នៅ​លើ​រថយន្ត​នោះ ​ក៏​ហក់​គេច​ផុត​ពី​គ្រោះថ្នាក់​ ឯ​ស្ត្រី​ដែល​ស្លាប់​នោះ​មិន​ព្រម​ហក់​គេច​ ក៏​ត្រូវ​ការុង​​ស៊ីម៉ងត៍​សង្កត់​លើ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​តែម្ដង។ ចំណែក​អ្នក​បើកបរ​​​​​​​​ ​​បាន​គេច​ខ្លួន​បាត់។

លោក​បញ្ជាក់​ថា​ ក្រោយ​កើតហេតុ​ ភ្លាមៗ​ សមត្ថកិច្ច​បាន​ទៅដល់​ទីតាំង​​​នោះ​ ដើម្បី​ប្រគល់​សព​ជនរងគ្រោះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ។ ចំណែក​វត្ថុតាង​រថយន្ត​នេះ​យក​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់៕

រថយន្ត​ដឹក​គ្រឿងសំណង់​គាំង​ចង្កូត ​ក្រឡាប់​ស្លាប់​មនុស្ស​ម្នាក់​នៅ​ស្រុក​បាកាន