ពិធី​សំណេះសំណាល​ និង​សួរសុខទុក្ខ​នៅ​សាលា​កុមារ​គថ្លង់​ និង​ពិការ​ភ្នែក​ខេត្ត​សៀមរាប

ពិធី​សំណេះសំណាល​ និង​សួរសុខទុក្ខ​នៅ​សាលា​កុមារ​គថ្លង់​ និង​ពិការ​ភ្នែក​ខេត្ត​សៀមរាប



សៀមរាប ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែ​មីនា ​ឆ្នាំ​២០១៦​នេះ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ទៀ​បាញ់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​សៀមរាប និង​លោកជំទាវ​ព្រមទាំង​ឯកឧត្តម​លោក​ឧកញ៉ា​លោកជំទាវ​ ជា​សមាជិក​រដ្ឋសភា​ រដ្ឋ​លេខាធិការ​ អនុរដ្ឋលេខាធិការ​គណៈ​អភិបាលខេត្ត​ មេបញ្ជាការ​យោធភូមិភាគ​ទី​៤​ និង​កងពលធំ​អន្តរាគមន៍​លេខ​២​ ព្រមទាំង​អស់លោក​លោក​ស្រី​ជា​ភរិយា​ថ្នាក់ដឹកនាំ​មន្ទីរ​ស្ថាប័ន​អង្គភាព​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ធ្វើការ​សំណេះសំណាល​ជាមួយ​ក្មួយៗ​កុមារ​នៃ​សាលា​កុមារ​គ​ថ្លង់​ និង​ពិការ​ភ្នែក​ខេត្តសៀមរាប។

ក្នុង​កិច្ច​ស្វាគមន៍​របស់​លោក​ស្រី​នាយិកា​សាលា​កុមារ​គ​ថ្លង់​ និង​ពិការ​ភ្នែក​ខេត្ត​បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា ​ឆ្លងកាត់​រយៈពេល​១៦​ឆ្នាំ​មកនេះ​សាលា​កុមារ​ គ​ថ្លង់ និង​ពិការ​ភ្នែក​ខេត្ត​មាន​អគារ​ចំនួន​១២​ខ្នង បុគ្គលិក​ចំនួន​៤០​នាក់​ស្រី​១៦​នាក់​ និង​មាន​សិស្ស​សរុប​១២២​នាក់​ ស្រី​៤១​នាក់ ​ក្នុង​នោះ​សិស្ស​គ​ថ្លង់​៩៤​នាក់​នាក់ ​ស្រី​៣០​នាក់ ​សិស្ស​ពិការ​ភ្នែក​២៨​នាក់ ​ស្រី​១១​នាក់ ​និង​ស្នាក់នៅ​រៀន​សូត្រ​ក្នុង​សាលា​ចំនួន​៧២​នាក់ ​ស្រី​៣៣​នាក់។

ក្នុង​នោះ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ និង​លោកជំទាវ ព្រមទាំង​សប្បុរសជន បាន​ឧបត្ថម្ភ​គាំទ្រ ជា​សម្ភារៈ​សិក្សា ស្បៀងអាហារ​ប្រចាំខែ ដល់​សាលា​កុមារ​គ​ថ្លង់ និង​ពិការ​ភ្នែក ដែល​​​សកម្មភាព​ទាំងនេះ​ជា​ការ​ផ្តល់​នូវ​ភាព​កក់ក្តៅ​ចំពោះ​កុមារ និង​ជំរុញ​ឲ្យ​កុមារ​ទាំងអស់​មាន​ការ​ពុះពារ​តស៊ូ​ទៀតផង។

បន្ទាប់ពី​ធ្វើ​ចំណាប់អារម្មណ៍​ថ្លែងអំណរគុណ​របស់​តំណាង​សិស្ស​ពិការ​ភ្នែក​ចំពោះ​គណៈប្រតិភូ​រួចមក​ មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ក្មួយៗ​ជា​កុមារគ​ថ្លង់​ និង​ពិការ​ភ្នែក​នា​ឱកាស​នោះ​ឯកឧត្ដម​ទៀ​បាញ់​ក៏បាន​សម្ដែង​នូវ​ការ​អាណិតអាសូរ​ចំពោះ​ក្មួយៗ​កុមារ​គ​ថ្លង់ ​និង​ពិការ​ភ្នែក​ពី​កំណើត​ដែល​ត្រូវ​បាន​ទទួល​ការអប់រំ​រៀន​សូត្រ​នៅ​តាម​មជ្ឈមណ្ឌល​នូវ​ចំណេះដឹង​ទូទៅ​ និង​បច្ចេកទេស​ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោកគ្រូ​អ្នកគ្រូ​ ដែល​ជា​ម្ដាយ​ទី​២​របស់​ក្មួយ​ៗ​ ហើយ​ទាំងនេះ​ក៏​ត្រូវបាន​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​កិច្ចដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ និង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​តែង​បាន​ធ្វើការ​ផ្គត់ផ្គង់​ជាប្រចាំ​ខែ​ដល់​ក្មួយៗ​នៃ​សាលា​កុមារ​គ​ថ្លង់​ និង​ពិការ​ភ្នែក ​និង​បាន​ធ្វើ​ការរៀបចំ​ជួបជុំ​លេង​សប្បាយ​ជាមួយ​ក្មួយៗ​ទៀតផង។

ឯកឧត្ដម​ទៀ​បាញ់​ក៏បាន​ធ្វើការ​កោតសរសើរ​​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ ដែល​បាន​ខិតខំ​បង្ហាត់បង្រៀន​ដល់​ក្មួយៗ​ទាំងអស់​រហូត​បាន​រក​នូវ​ការងារ​ជូន​ដល់​សិស្ស​គ​ថ្លង់​ និង​និង​ពិការ​ភ្នែក​បាន​ធ្វើ​នៅ​តាម​បណ្តា​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​រក​នូវ​កម្រៃ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​របស់​ខ្លួន។ កត្តា​ទាំងនេះ​ក៏​សបញ្ជាក់​ផង​ដែរ​ចំពោះ​បណ្តា​ក្រុមហ៊ុន​ឯកជន​ដែល​មិនមាន​ភាព​រើស​​អើ​ង​ចំពោះ​ជនពិការ​មកពី​កំណើត​ពីព្រោះថា​មនុស្ស​យើង​គ្រប់រូប​កើតមក​គឺមាន​ទេពកោសល្យ​ទៅតាម​ចំណង់​ចំណូលចិត្ត​រៀងៗ​ខ្លួន​មិន​ថា​ជា​ជនពិការ ​ឬ​មិន​ពិការ​ឡើយ។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ ក៏បាន​លើក​នូវ​ដំបូន្មាន​ល្អៗ​មួយ​ចំនួន​សម្រាប់​ក្មួយៗ​កុមារ​គ​ថ្លង់​និង​ពិការ​ភ្នែក​ទាំងអស់​ត្រូវ​គោរព​ត្រងត្រាប់​នូវ​ដំបូន្មាន​របស់​លោក​គ្រូ​អ្នកគ្រូ​ និង​ចេះ​ជួយ​នូវ​ទុក្ខ​ធុរៈ​មិត្ត​ភ័​ក្ត​ ចេះ​ស្រឡាញ់​សាមគ្គី​គ្នា​ឲ្យ​បានល្អ​នៅក្នុង​មជ្ឈមណ្ឌល​ព្រមទាំង​ត្រូវខិតខំ​សិក្សា​រៀនសូត្រ​និង​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ដែល​សង្គម​ស្អប់ខ្ពើម​។

ក្នុងនោះដែរ​ឯកឧត្ដម ​និង​លោកជំទាវ​ក៏បាន​នាំយក​នូវ​អំណោយ​ចែកជូន​ដល់​សិស្ស​គ​ថ្លង់​ដោយ​ម្នាក់ៗ​សៀវភៅ​៥​ក្បាល ​ប៊ិច​២​ដើម​ សារុង​១​ ក្រមា​១​ ថវិកា​៣​ម៉ឺន​រៀល ​សិស្ស​ពិការ​ភ្នែក ​ម្នាក់ៗ​សារុង​១​ក្រមា​១​ថវិកា​៣​ម៉ឺន​រៀល​ លោកគ្រូ​អ្នកគ្រូ​ម្នាក់ៗ​សៀវភៅ​១៥​ក្បាល ​ប៊ិច​៥​ដើម​សារុង​១​ក្រមា​១​ថវិកា​៥​ម៉ឺន​រៀល​និង​ផ្គត់ផ្គង់​ស្បៀងអាហារ​នូវ​គ្រឿង​ឧបភោគបរិភោគ​ដល់​សាលា​រយៈពេល​៥​ខែ​នូវ​អង្ករ​៥​តោន​ត្រីខ​៥​កេស​, មី​២០​កេស , ទឹកក្រូច​៨​កេស​នំ​ស្រួយ ៣​កេស និង ៥​ថង​ធំ និង កុំព្យូទ័រ​១​គ្រឿង ព្រឹ​ន​ធ័​រ ១​គ្រឿង តុ​ការិយាល័យ​១ និង ថវិកា ចំនួន ៥​លាន​រៀល​ផងដែរ។

ក្នុង​ឱកាស​នោះ​ក៏​មាន​រៀបចំ​ជួបជុំ​ពិសា​​អាហារ​ថ្ងៃត្រង់​ជូន​ដល់​ក្មួយៗ​ពិការ​ ដោយ​ឯកឧត្តម​លោកជំទាវ​អស់លោក​លោកស្រី​បានធ្វើការ​ដួស​អាហារ​បញ្ចុក​អាហារ​ដល់​ក្មួយៗ​កុមារ​គ​ថ្លង់​និង​ពិការភ្នែក​ក្នុង​ភាព​ទឹក​ចិត្តជា​ម្តាយ​ឪ​ពុក​របស់​ក្មួយៗ​ប្រកបដោយ​ភាព​រីករាយ​ក្នុងការ​អាណិតអាសូរ​ដល់​ក្មួយៗ​កុមារ​ពិការ​បំផុត​៕
ពិធី​សំណេះសំណាល​ និង​សួរសុខទុក្ខ​នៅ​សាលា​កុមារ​គថ្លង់​ និង​ពិការ​ភ្នែក​ខេត្ត​សៀមរាប

ពិធី​សំណេះសំណាល​ និង​សួរសុខទុក្ខ​នៅ​សាលា​កុមារ​គថ្លង់​ និង​ពិការ​ភ្នែក​ខេត្ត​សៀមរាប