អាជ្ញាធរ​ខេត្ត ស្រុក​បាន​និងកំពុង​ជំរុញ​ល្បឿន​រក​ដំណោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​នៅ​ស្រុក​ពេ​ជ្រា​ដា ជូន​ពលរដ្ឋ

អាជ្ញាធរ​ខេត្ត ស្រុក​បាន​និងកំពុង​ជំរុញ​ល្បឿន​រក​ដំណោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​នៅ​ស្រុក​ពេ​ជ្រា​ដា ជូន​ពលរដ្ឋ



មណ្ឌលគិរី ៖ អាជ្ញាធរ​ស្រុក​ពេ​ជ្រា ​បាន​កោះហៅ ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង និង​ប្រជាពលរដ្ឋ​ចាម​ដែល​មាន​បញ្ហា​វិវាទ​ដីធ្លី​មួយ​កន្លែង​របស់​សហគមន៍​ពូ​លុ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ខែ​មិនា ឆ្នាំ​២០១៦ នៅ​សាលាឃុំ​ប៊ូ​ស្រា លើ​បញ្ហា​វិវាទ​ដីធ្លី​នៅ​តំបន់​សហគមន៍ ត្រង់ចំណុច វ៉ារយោង មក​ដោះស្រាយ​បញ្ចប់ទំនាស់​នៅ​សាលាឃុំ​។

សូម​ជម្រាប​ថា ដី​សម្បទាន​សង្គមកិច្ច​មួយ​កន្លែង ក្នុង ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត មណ្ឌលគិរី ដែល​រដ្ឋាភិបាល​សម្រេច​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ជនជាតិ​ចាម​មកពី​ខេត្ត​ត្បូងឃ្មុំ ចំនួន​៣០០​គ្រួសារ កាលពី ៣​ឆ្នាំមុន​រហូតដល់​ពេល​នេះ​នៅតែ​កើតមាន​ទំនាស់​មិន​ចប់​មិន​ហើយ រវាង​ប្រជាពលរដ្ឋ​ជនជាតិ​ចាម និង ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង​ដដែល បើ​ទោះ​បី​ដី​សម្បទាន​សង្គមកិច្ច​ខាងលើ​នោះ ​មាន​ច្បាប់​អនុប្រយោគ​ហើយ​ក្តី ដោយ​បងប្អូន​ជនជាតិ​ព្នង​ចោទ​ថា មានការ​ប៉ះពាល់​ដល់​ចំការ​វិល​ជុំ​ពី​ដូនតា ព្រៃ​ដំណម ព្រៃ​កប់ខ្មោច ។​ល​។​

លោក នួន សារ៉ន អភិបាលស្រុក​ពេ​ជ្រា​ដា ​បាន​ឲ្យ​ដឹង​ថា ចំពោះ​សម្បទាន​សង្គមកិច្ច​ដែល​កំពុង​មាន​ទំនាស់ មាន​ផ្ទៃដី​ចំនួន​៣០០០​ហិតា ហើយ​បាន​ធ្វើ​ការសិក្សា​នៅ​ផល​បះ​ពាល់​កាលពី​ឆ្នាំ២០១១ ក្រោយពេល​សិក្សា​ផល​ប៉ះពាល់​ឃើញ​ថា មាន​ផល​ប៉ះពាល់​ចំនួន​៥០០​ហិតា រដ្ឋាភិបាល​បាន​កាត់​ដី​ចំនួន​៦០០​ហិតា ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ខាងលើ​ជា​ដី​ចំការ​វិលជុំ​របស់​ពួកគាត់​។​

រហូតមកដល់​ពេលនេះ​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក និង ថ្នាក់​ខេត្ត តែ​មិនទាន់​ទទួល​បាន​លទ្ធផល​ប្រសើរ​នៅឡើយ​ទេ​។ កិច្ចប្រជុំ​ត្រូវ​បាន​បញ្ចប់​ក្រោយពី​មានការ​ជជែក​ដេញដោល​គ្នា​អស់​រយៈពេល ៣០​នាទី រវាង ប្រជាពលរដ្ឋ​ជនជាតិ​ចាម និង ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង ដែល​សម្របសម្រួល​ដោយ អភិបាលរង​ស្រុក មន្ត្រីឃុំ មន្ត្រី​ភូមិ និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ដោយ​សម្រេច​យក​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ អាជ្ញាធរ​ស្រុក ព្រមទាំង​ជំនាញ​ពាក់ព័ន្ធ និង ប្រជាពលរដ្ឋ​ជនជាតិ​ចាម និង ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង ដែល​រង​ផល​ប៉ះពាល់ ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋាភិបាល​នេះ សម្រេច​នឹង​ចុះ​ចង្អុល​តំបន់​ការពារ​របស់​ជន​ជាតិ​ដើម​ភាគតិច​ព្នង រួមមាន​តំបន់​ព្រៃ​ការពារ ព្រៃ​កប់ខ្មោច ព្រៃ​អារក្ស ព្រៃ​តំណម ព្រៃ​គោរពបូជា ព្រៃ​ផ្តល់​ផល នឹង ចំការ​វិលជុំ​របស់​ពួកគាត់ នឹង​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​បាន​ច្បាស់លាស់​។

លោក ស្វាយ សំ​អ៊ាង​អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថ្លែងប្រាប់​នៅ​រសៀល​ថ្ងៃនេះ​ថា ខេត្ត​និង​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​លើ​ច្បាប់​អនុប្រយោគ​ដី​សម្បទាន​សង្គមកិច្ច​នៅ​ចំណុច​ខាងលើ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ និង ​ធ្វើការ​ផ្ទៀងផ្ទាត់​ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ដី ធ្វើការ​សិក្សា​លើ​ផល​ប៉ះពាល់​ជា​មុនសិន​មុន​និង​ឈាន​ដល់​ការសម្រេច​ផ្តល់​ផ្ទៃដី​នេះ​ទៅ​ពួកគាត់​៕