ទឹកឃ្មុំ​ផ្តល់ឱ្យ​អ្នក​នូវ​កំពូល​សម្រស់ 7យ៉ាង​

ប្រទេស​កម្ពុជា​យើង​សំណាងល្អ​ណាស់ដែលមាន​របស់ល្អៗពី​ធម្មជាតិ​ជាច្រើន ថ្ងៃនេះយើង​ជ្រើស​រើសយក​ទឹកឃ្មុំ​ដែល​អាច​រក​ទិញបាន​យ៉ាង​ងាយ តែ​ត្រូវ​ជ្រើសរើស​ឱ្យបាន​ល្អប្រយ័ត្ន​ប៉ះ​របស់​ក្លែងក្លាយ ដោយ​ត្រូវ​ជ្រើសរើសទិញ​ពី​ប្រភព​ដែល​គួរឱ្យ​ទុកចិត្តបាន។ ការពិតទៅ ទឹកឃ្មុំ​មាន​ប្រយោជន៍​ទាំង​ចំពោះ​រាងកាយរបស់​យើង និង​ចំពោះ​ការថែរក្សា​សម្ផស្ស​របស់នារីៗយើង​ទៀតផង។ ខាងក្រោម​នេះ​គឺជា​ការថែរក្សា​សម្ផស្ស​ឱ្យនៅតែ​ស្រស់ស្អាត​ជានិច្ចជាមួយនឹង​ទឹកឃ្មុំ​ពី​ធម្មជាតិ តើ​មាន​អ្វីខ្លះ​នោះសូម​តាមដាន​ដូចតទៅ។

​​    1. ទឹកឃ្មុំ​បន្ថែមសំណើម​ដល់​ស្បែក
នៅពេល​ធាតុអាកាស​ចាប់ផ្តើម​ត្រជាក់ឬ​រងា​នោះ ស្បែក​នឹង​ងាយ​ស្ងួត​ណាស់ ដូច្នេះទើប​ស្បែក​យើង​ទាមទារ​ឱ្យ​បន្ថែម​ជាតិ​សំណើមដល់​ស្បែក​ឱ្យបាន​ច្រើនឡើង។ ថ្ងៃ​ណា​មានអារម្មណ៍​ថា​ចង់​មើលថែទាំ​ស្បែក​ដែល​ស្ងួតនោះ ចូរ​ប្រើ​ទឹកឃ្មុំ1ស្លាបព្រា​កាហ្វេ​លាបឱ្យ​សព្វ​លើ​ផ្ទៃមុខ​ជំនួស​ម៉ាស​ធម្មតា​របស់​អ្នកទុកចោល15នាទី ហើយ​លាង​ចេញ​ដោយទឹក​ក្តៅឧណ្ហៗ បន្ទាប់ពីនោះ​ក៏​បំប៉ន​ស្បែក​តាមប្រក្រតី។

    2. ទឹកឃ្មុំ​ជួយ​សម្អាត​រន្ធ​រោម
វិធីងាយៗក្នុងការ​សម្អាត​រន្ធ​រោម​ដោយទឹកឃ្មុំ​នោះ​គឺ ចូរ​លាយ​ទឹកឃ្មុំ​ជាមួយ​ប្រេង​ម្កាក់ឬ​ប្រេងដូង ហើយ​យកមក​ដុស​នៅលើ​កន្លែងដែល​ត្រូវ​ការ​សម្អាត​ថ្នមៗ បន្ទាប់ពីនោះ​ចូរ​លាងចេញ​ដោយ​ទឹក​ក្តៅឧណ្ហៗ និង​ជូត​ផ្តិត​ផ្ទៃមុខឱ្យ​ស្ងួត បើ​មាន​អារម្មណ៍​ថា​ឡើង​ខ្លាញ់ ចូរ​លាងដោយ​ជេ​ល​លាងមុខ​ប្រភេទ​ខ្សោយ​វិញ​ក៏បាន។

    3. ទឹកឃ្មុំ​ខាត់​កោសិកា​ស្បែក
ចូរ​ដាក់​ស្ករស​ប្រភេទ​គ្រាប់ល្អិតៗចូលទៅក្នុង​ទឹកឃ្មុំ(លាយ​ក្នុង​បរិមាណ​ស្មើគ្នា មួយមុខ2ស្លាបព្រា​បាយ) បន្ទាប់ពីនោះ យក​វា​មកខាត់​ស្បែក​រាងកាយ ឬ​ចង់​ខាត់​ស្បែ​កមុខ​បែបថ្នមៗក៏បាន​ដូចគ្នា ដោយ​ខាត់​វិល​ជា​រាង​រង្វង់មូលថ្នមៗឱ្យ​សព្វ រួចហើយ​លាង​ចេញ​ដោយទឹក​ក្តៅឧណ្ហៗជាការ​ស្រេច។

    4. ទឹកឃ្មុំ​ជួយ​លុបបំបាត់​សន្លាក​ស្នាម
ចូរ​បន្តក់​ទឹកឃ្មុំ​មួយ​តំណក់​តូច​នៅលើសន្លាក​ស្នាម​នោះ ហើយ​លាប​ឱ្យបាន​រៀងរាល់ថ្ងៃ នឹង​បាន​ឃើញថា សន្លាក​ស្នាម​នោះនឹង​រលុប​បាត់​បន្តិច​ម្តងៗជាមិនខាន ហើយ​យើងនៅ​អាច​លាប​ទឹកឃ្មុំ​នៅលើ​ស្បែក​កន្លែង​ដែលរលាកភ្លើង​បាន​ទៀតផង ដើម្បីឱ្យ​កាន់តែ​ឆាប់ជា​ឡើង តែ​មិន​គួរប្រើ​នៅលើ​មុខរបួស ឬ​ដំបៅដែល​មិនទាន់​ជា​នោះទេ។

​​    5. ទឹកឃ្មុំ​ថែបំប៉ន​សរសៃសក់
បើ​អប់ស​ក់ដោយ​ប្រេងដូង​ជាប់​ជាប្រចាំស្រាប់​ហើយ​នោះ ចូរ​លាយ​ទឹកឃ្មុំ​ចូលទៅ​ផងហើយ​យក​វា​ទៅ​អប់​លើ​សក់​ដែល​នៅ​សើមទុកចោល20នាទី ហើយ​លាង​ចេញ​ដោយ​ទឹកក្តៅឧណ្ហៗ បើ​អាចទៅរួច​ចូរ​ធ្វើឱ្យបាន​គ្រប់ពេលមុន​ពេល​អ្នក​កក់​សក់ ព្រោះ​វា​នឹង​ជួយ​ឱ្យសរសៃសក់​ទន់​រំសាយ និង​ភ្លឺរលោង។

    6. ត្រាំ​ទឹក​ក្តៅឧណ្ហៗបែបសប្បាយៗព្រមទាំង​បំប៉ន​ស្បែក​ផង
បើ​មាន​អាង​ងូតទឹក​ក្នុង​បន្ទប់ទឹក​នៅផ្ទះ ចូរយក​ទឹកឃ្មុំ2ស្លាបព្រា​បាយ​លាយ​ជាមួយទឹក​ក្តៅ1ពែង ហើយ​ទុកចោល10នាទី ក្នុងអំឡុង​ពេលនោះ​ចូរ​បើកទឹក​ក្តៅឧណ្ហៗទុកឱ្យហើយ រួច​យក​ទឹក​ល្បាយ​អម្បាញ់មិញ​នេះ​ទៅលាយ​ជាមួយ​ទឹក​ក្តៅឧណ្ហៗនៅក្នុង​អាង​ងូតទឹក​នោះ ហើយ​គេង​ត្រាំ​ឱ្យ​សប្បាយ​ចិត្ត​ចុះ ឬក៏​ចង់​បន្ថែម​ទឹក​ប្រេង​ក្រអូប​ក្លិន​ដែល​អ្នក​ចូលចិត្ត​ចូលទៅ​ផង​ក៏​បានដែរ។

​    7. ទឹកឃ្មុំ​កម្ចាត់​រោម
នារីៗជាច្រើន​នាក់​ដែល​ច្រើន​តែមាន​ដុះរោមខ្ចីៗនៅ​ម្តុំ​ចង្កា ឬ​ក្រោម​ច្រមុះ​នោះ អ្នកអាច​បក​ចេញ​ដោយ​ខ្លួនឯងបាន ដោយ​ប្រើទឹកឃ្មុំ1ស្លាបព្រា​បាយ ជាមួយ​ស្ករ​ក្រហម(មិនមែន​ស្ករត្នោត​ទេ) 3ស្លាបព្រា​បាយ និងទឹកក្រូច​ឆ្មារ1ស្លាបព្រា​កាហ្វេ ដាក់​ល្បាយ​នេះដាំ​នៅលើ​ភ្លើង និង​ឧស្សាហ៍​កូរ​រហូតដល់​ឡើងខាប់​ស្អិត រួច​ទុកចោល​រង់ចាំ​ឱ្យនៅ​ក្តៅ​បែបឧណ្ហៗសឹម​យកមក​លាប​នៅលើ​បរិវេណ​ដែលត្រូវការ​បក​រោម បន្ទាប់ពីនោះ​ក៏​យក​បន្ទះ​សម្រាប់បក​រោម​មក​បិទ​សង្កត់ពីលើ​ឱ្យ​ណែន ហើយទាញ​បក​បញ្ច្រាស​ឡើងមក​ជាការ​ស្រេច៕

ប្រភព៖ lareine

  • ទឹកឃ្មុំ​ផ្តល់ឱ្យ​អ្នក​នូវ​កំពូល​សម្រស់ 7យ៉ាង​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:សុខភាព
Tags: