ព័ត៌មាន​ថា ព្យុងយ៉ាង​​ ​ព្រមាន​ទូត​បរទេស​​ជម្លៀស​ប្រជាជន​ចេញ​​​​ ជា​ដំណឹង​ចាស់

​​ថ្ងៃ​នេះ​ មាន​ការ​ចែកចាយ​ព័ត៌មាន​តៗ​គ្នា​ថា កូរ៉េ​ខាង​ជើង ​បាន​ទុក​ពេល​ ៥ ថ្ងៃ ឲ្យ​ស្ថានទូត​បរទេស​ រួម​ទាំង​កម្ពុជា​ផង ជម្លៀស​ប្រជាជន​ចេញ ​ពី​ក្រុង​ព្យុងយ៉ាង​ ដែល​ផ្អើល​នៅ​លើ​​​​ Facebook ​ជា ដំណឹង​ចាស់ ហើយ​​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ចាត់​ទុក​ថា ការ​ចែកចាយ​នេះ ​អាច​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​មាន​ការ​ភ័ន្តច្រឡំ។

 

ឯកឧត្ដម ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រាប់ Sabay ថា នៅ​ថ្ងៃ​នេះ មាន​បណ្ដាញ​សារព័ត៌មាន​ជាច្រើន​ បាន​សាកសួរ​អំពី​ចំណាត់​ការ​របស់​ក្រសួង​ការបរទេស​ថា តើ​នឹង​មាន​វិធានការ​ដូចម្ដេច​ដែរ ខណៈ​មាន​ព័ត៌មាន​មក​ថា កូរ៉េ​ បាន​ស្នើ​ឲ្យ​ស្ថានទូត​បរទេស​ជម្លៀស​ប្រជាជន​ចេញ​ពី​ក្រុង?។ ប៉ុន្តែ ក្រោយ​ពី​ស្រាវជ្រាវ​ រក​ឃើញ​ថា ដំណឹង​ដែល​បាន​ចែកចាយ​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​នោះ គឺជា ព័ត៌មាន​តាំង​ពី​ឆ្នាំ ២០១៣ មក​ម្ល៉េះ ដូច្នេះ លោក​​ស្នើ​មិន​ធ្វើ​អធិប្បាយ​អ្វី​ទាំង​អស់​ជុំវិញ​បញ្ហា​នេះ។

 

ទោះ​យ៉ាង​ណា ឯកឧត្ដម ជុំ សុន្ទរី បាន​ទទូច​ឲ្យ​បណ្ដាញ​សារព័ត៌មាន​ ដែល​ដើរ​តួនាទី​ជា​អ្នក​ផ្សព្វផ្សាយ​ គឺ​ត្រូវ​ផ្សព្វផ្សាយ​អ្វី​មួយ​ការពិត​ និង​ ត្រឹមត្រូវ ហើយ​ការ​ចែកចាយ​ព័ត៌មាន​ចាស់​បែប​នេះ អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មាន​ការ​យល់​ច្រឡំ និង ចលាចល​ផ្សេង​ៗ ​ជាដើម៕

 

ព័ត៌មាន​ថា ព្យុងយ៉ាង​​ ​ព្រមាន​ទូត​បរទេស​​ជម្លៀស​ប្រជាជន​ចេញ​​​​ ជា​ដំណឹង​ចាស់

 រូបតំណាង