សារមន្ទីរ​នៅ​សហរដ្ឋ​អាមេរិក​ប្រគល់​បដិមា​ដង​ខ្លួន​ព្រះរាម​ឲ្យ​កម្ពុជា​វិញ

បដិមា​ដង​ខ្លួន​ព្រះរាម​មួយ​អង្គ ត្រូវ​បាន​សារមន្ទីរ​សិល្បៈ​ដេនវើ (Denver Museum of Art) នៅ​សហរដ្ឋ​អាមេរិក នាំ​យក​មក​ប្រគល់​ជូន​កម្ពុជា វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មីនា នៅ​រាជធានី​ភ្នំពេញ។

មន្ត្រី​កម្ពុជា ថ្លែង​ថា បដិមា​ដង​ខ្លួន​ព្រះរាម ដែល​មិន​មាន​ដៃ ជើង និង​សិរសា​នេះ មាន​កម្ពស់ ១,៥៧​ម៉ែត្រ ត្រូវ​បាន​ក្រុម​ជន​ល្មើស​លួច​យក​ទៅ​លក់​អំឡុង​ឆ្នាំ​១៩៧០ និង​បន្ទាប់​មក ត្រូវ​បាន​គេ​ជួញ​ដូរ​បន្ត​ទៅ​សហរដ្ឋ​អាមេរិក។

បដិមា​ដង​ខ្លួន​ព្រះរាម​នេះ ត្រូវ​បាន​សារមន្ទីរ​សិល្បៈ​ដេនវើ ទទួល​យក​ពី​សារមន្ទីរ​មួយ​ទៀត​នៅ​ទីក្រុង​ញីវយ៉ក (New York) កាល​ពី​ឆ្នាំ​១៩៨៦ និង​ត្រូវ​ថែ​រក្សា​ទុក​នៅ​សារមន្ទីរ​ដេនវើ រហូត​មក។ បដិមា​ដង​ខ្លួន​ព្រះរាម សតវត្ស​ទី​១០ នេះ នឹង​ត្រូវ​នាំ​ទៅ​តម្កល់​ទុក​នៅ​ប្រាសាទ​ចិន ស្ថិត​ក្នុង​ក្រុម​ប្រាសាទ​កោះ​កេរ ក្នុង​ខេត្ត​ព្រះវិហារ ដែល​ជា​ប្រភព​ដើម​នៃ​បដិមា​នេះ​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។