ប្រកាស​ថ្មី​ធនាគារពាណិជ្ជ​មួយ​ត្រូវមាន​ដើមទុន​ពី​៥០​ទៅ​៧៥​លាន​ដុល្លារ​អាមេរិក​

ភ្នំពេញ:
កាលពីពេល​ថ្មីៗ​កន្លងមកនេះ​ធនាគារជាតិ​នៃ​កម្ពុជា​បានប្រកាស​កំណត់​នូវ​ដើមទុន​ចុះបញ្ជី​អប្បបរមា​ចំពោះ​ធនាគារពាណិជ្ជ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ជាថ្មី​ឡើងវិញ​គឺថា​ក្រោម​ប្រកាស​ថ្មី​នេះ​សាខា​ធនាគារ​បរទេស​ទាំង​អស់​ត្រូវមាន​ដើមទុន​អប្បបរមា​ចំនួន​៥០​លាន​ដុល្លារ​អាមេរិក​និង​ធនាគារ​បើក​ថ្មី​ក្នុងស្រុក​ត្រូវមាន​ដើមទុន​អប្បបរមា​យ៉ាងតិច​៧៥​លាន​ដុល្លារ​អាមេរិក​។ ការណែនាំ​នេះ​គឺ​បាន​កើតឡើង​បន្ទាប់ពី​មុននេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្តល់នូវ​អនុសាសន៍​មួយចំនួន​ទាក់ទង​នឹង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ផងដែរ​។​

​    ​កាលពី​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៦ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​ប្រកាស​មួយ​កំណត់​ឡើងវិញ​នូវ​ដើមទុន​ចុះបញ្ជី​អប្បបរមា​ចំពោះ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងអស់​ក្នុង​គោលដៅ​ពង្រឹង​មូលដ្ឋាន​ដើមទុន​ឲ្យ​កាន់តែ​រឹងមាំ​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ផងដែរ​។​

​    ​ស្ថិតក្រោម​ប្រកាស​ថ្មី​នេះ​ធនាគារពាណិជ្ជ​បង្កើតឡើង​ក្រោមរូបភាព​ជា​សាខា​ធនាគារ​បរទេស​ត្រូវ​មាន​ដើមទុន​ចុះបញ្ជី​អប្បបរមា​ស្មើនឹង​២០០​ពាន់​លាន​រៀល​ឬ​ប្រមាណ​ជា​៥០​លាន​ដុល្លារ​អាមេរិក​។​ចំពោះ​ធនាគារពាណិជ្ជ​ដែល​បង្កើតឡើង​ក្រោមរូបភាព​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ឬ​ជា​បុគ្គល​សម្ព័ន្ធ​ធនាគារ​បរទេស​ត្រូវមាន​ដើមទុន​ចុះបញ្ជី​អប្បបរមា​ស្មើនឹង​៣០០​ពាន់​លាន​រៀល​ឬ​ប្រមាណ​៧៥​លាន​ដុល្លារ​អាមេរិក​។​

​    ​ដោយឡែក​សម្រាប់​ធនាគា​រ​ឯកទេស​បង្កើតឡើង​ក្រោមរូបភាព​ជា​ក្រុមហ៊ុន​ក្នុងស្រុក​គឹ​ត្រូវមាន​ដើមទុន​ចុះបញ្ជី​អប្បបរមា​ស្មើនឹង​៦០​ពាន់​លាន​រៀល​ឬ​ប្រមាណ​១៥​លាន​ដុល្លារ​អាម​រិ​ក​។​រ​ឯ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ក៏ត្រូវ​មាន​ដើមទុន​ចុះបញ្ជី​អប្បបរមា​ស្មើនឹង​១២០ ពាន់​លាន​រៀល​ឬ​ប្រមាណ​ជា​៣០​លាន​ដុល្លារ​អាមេរិក​។ ទន្ទឹមនេះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ក៏ត្រូវ​មាន​ដើមទុន​អប្បបរមា​ស្មើនឹង​៦​ពាន់​លាន​រៀល​ឬ​ប្រមាណ​១,៥​លាន​ដុល្លារ​អាមេរិក​បាន​អាច​បើក​បាន​។​

​    ​តាម​ប្រកាស​នោះ​នោះបាន​កំហិត​ដែរ​ថា​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ត្រូវបំពេញ​ដើមទុន​ឲ្យ​បាន​គ្រប់​តាម​កម្រិត​ដើមទុន​អប្បបរមា​ដូច​មានចែង​តាម​ប្រកាស​ថ្មី​នោះ​ក្នុង​រយៈពេល​២​ឆ្នាំ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕​