មន្ត្រី​ជំនាញ​ជប៉ុន​ថា ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប ចាប់ផ្ដើម​ចង្អៀត

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សក្តានុពល​ខ្ពស់​មួយ​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​នៅ​លើ​ពិភពលោក ជា​ពិសេស​នៅ​ក្នុង​តំបន់​អាស៊ាន ព្រោះថា យើង​មានសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ដ៏​សម្បូរ​បែប នាំ​ឲ្យ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តជាតិ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ធ្វើ​ឲ្យ​វិស័យ​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា ក៏​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ។

ដោយ​មើលឃើញ​ពី​សក្ដានុពល​របស់​កម្ពុជា គណៈប្រតិភូ​ជប៉ុន​ដែល​ដឹកនាំ​ដោយ​លោក យូ​តា​ហ្កា យា​ម៉ា​ម៉ូតូ អគ្គនាយករង​នៃ​កិច្ចការ​អន្តរជាតិ​សម្រាប់​ព្រ​លាន យន្តហោះ និង​សំណង់​អាកាសចរណ៍​ស៊ី​វិល​នៃ​ប្រទេស​ជប៉ុន បាន​អញ្ជើញ​មក​ស្វែង​យល់​អំពី​ស្ថានភាព​នៃ​ព្រ​លាន​យន្តហោះ​នៅ​កម្ពុជា ពិសេស​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ទាំង​៣ គឺ​នៅ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​រាជរដ្ឋាភិបាល ។

ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក​តឹក​រ៉េ​ត សំរេច រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​រសៀល​ថ្ងៃ​ទី​២៣ មីនា កន្លង​មក លោក យូ​តា​ហ្កា យា​ម៉ា​ម៉ូតូ បាន​បញ្ជាក់​ថា លោក​មក​កម្ពុ​ជានា​ពេល​នេះ​ដើម្បី​ស្វែង​យល់​អំពី​ស្ថានភាព​នៃ​ព្រ​លាន​យន្តហោះ​នៅ​កម្ពុជា ពិសេស​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ទាំង​៣ គឺ​នៅ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ។ ក្នុង​នោះ ក៏​បាន​ពិនិត្យ​ឃើញ​ផង​ដែរ​អំពី​បញ្ហា​ចង្អៀត​នៃ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​នៅ​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប ។

លោក​បាន​ផ្តោត​សំណួរ​ថា តើ​ថ្ងៃ​ខាង​មុខ រាជរដ្ឋាភិបាល​កម្ពុជា មាន​គោលនយោបាយ​យ៉ាងដូចម្តេច ដើម្បី​រៀបចំ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ទាំង​ពីរ​ឲ្យ​បាន​ធំ​ទូលាយ ឲ្យ​ស្ថិត​លើ​ទីតាំង​មួយ​សម​ស្រប​ដែរ​ឬទេ ?

ពាក់ព័ន្ធ​បញ្ហា​នេះ លោក តឹក​រ៉េ​ត សំរេច បាន​ជម្រាប​ជូន​ថា​៖« រាជរដ្ឋាភិបាល​កម្ពុជា​គោរព​តាម​កិច្ចព្រមព្រៀង​ដែល​យើង​ធ្លាប់​មាន​កន្លង​មក​។ យើង​បាន​យល់​ពី​ភាព​ចង្អៀត​នៃ​ព្រ​លាន​ទាំង​ពីរ​ដែល​មាន​នា​ពេល​បច្ចុប្បន្ន ព្រោះថា វា​ជា​ព្រ​លាន​ចាស់ ហើយ​អនុវត្ត​ទៅ​តាម​គម្រោង​ចាស់ ដែល​គម្រោង​ពង្រីក​នេះ​បាន​អនុវត្ត​ក្រោយ​ឆ្នាំ​១៩៩៥ » ។

លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា ៖ «​កាលពីមុន ព្រ​លាន​នេះ​មាន​ភាព​ទូលាយ​ដែរ តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​ទទួលស្គាល់​ថា ព្រ​លាន​យន្តហោះ​អន្តរជាតិ​ទាំង​ពីរ​ទាំង​នៅ​ភ្នំពេញ និង​នៅ​សៀមរាប ឥឡូវ​វា​ចង្អៀត ។ ក្នុង​នោះ ព្រ​លាន​យន្តហោះ​នៅ​ភ្នំពេញ​តែ​ម្តង​ដែល​ទីតាំង​នេះ​បាន​ក្លាយជា​ទីក្រុង គឺ​ផ្ទះ​ហ៊ុម​ព័ទ្ធ​ជិត​ហើយ ហើយ​ចរាចរ​មានការ​លំបាក ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ ក៏​រាជរដ្ឋាភិបាល​បាន​ធ្វើការ​យ៉ាង​ជិតដិត​ជាមួយនឹង​ក្រុមហ៊ុន​សប្ប​ទានិ​ក ក្នុង​ការ​ពង្រីក​ស្ថានីយ​អ្នកដំណើរ​ថែម​ទៀត ដែល​អាច​ឲ្យ​ស្ថានីយ​ថ្មី​នេះ ទទួលភ្ញៀវ​បាន​ពី​៥​ទៅ​៦​លាន​នាក់​ក្នុង​១​ឆ្នាំ និង​អាច​ដោះស្រាយ​នូវ​បញ្ហា​កកស្ទះ​បាន » ។

លោក​បាន​បន្ថែម​ទៀត​ថា​៖ « កន្លង​មក​យើង​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​សប្ប​ទានិ​កបាន​កែសម្រួល​នូវ​ប្លង់​បច្ចេកទេស​មួយ​ចំនួន ហើយ​សង្ឃឹមថា នឹង​អាច​ដោះ​ស្រាយ​​បញ្ហា​កកស្ទះ​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នេះ​បាន​។ ចំណែក​ការ​រៀបចំ​ផ្ទេរ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នេះ ទៅ​កន្លែង​ផ្សេង​មួយទៀត គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​មាន​ពេល​មួយ​សម​ស្រប ហើយ​យើង​ត្រូវ​តែ​ពិនិត្យ​មើល​ដែរ​ថា តើ​នៅ​ពេល​ណា​ដែល​សម​ស្រប​បំផុត​នោះ បើ​នៅ​តែ​ចង្អៀត​នឹង​មានការ​រៀបចំ​ទៅ​កន្លែង​ថ្មី»។

លោក យូ​តា​ហ្កា យា​ម៉ា​ម៉ូតូ សង្ឃឹមថា ៖ «​តាម​រយៈ​ការ​ហោះហើរ​ដោយ​ត្រង់​ពី​ជប៉ុន មក​កម្ពុជា ពី​កម្ពុជា​ទៅ​ជប៉ុន​នៅ​ពេល​ខាង​មុខ​នោះ អាច​នាំ​មក​នូវ​អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរ​ជប៉ុន​កាន់តែ​ច្រើន​ថែម​ទៀត ពិសេស​ទៅ​កាន់​អង្គរវត្ត ខេត្តសៀមរាប​តែ​ម្តង » ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ​អ្នកដំណើរ​ថ្មី នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ មីនា កន្លង​មក លោក​ឧបនាយករដ្ឋមន្ត្រី បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា ៖ « ក្នុង​ឆ្នាំ​២០១៥ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​របស់​កម្ពុជា បាន​ទទួល​អ្នកដំណើរ​សរុប​រហូត​ដល់​ចំនួន​៦,៤​លាន​នាក់ គឺ​មានការ​កើនឡើង​៣០០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៥ មាន​ចំនួន​តែ​២,១​លាន​នាក់​ប៉ុណ្ណោះ ដែល​ជា​កំណើន​មួយ​ដ៏​ខ្ពស់​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ និង​បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ទីផ្សារ​លូតលាស់​លឿន​បំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ី » ។

ស្ថានីយ​ចេញដំណើរ​ថ្មី​នៃ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​នេះ នឹង​ជួយ​បង្កើន​សមត្ថភាព​ទ្វេ​ដង​សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​៥​លាន​នាក់​ក្នុង​១​ឆ្នាំ និង​សម្រាប់​សមត្ថភាព​បម្រើ​តម្រូវការ​ទេសចរ​ពី​៥​ទៅ​៨​ឆ្នាំទៅ​មុខ​ទៀត ហើយ​ក៏​ជា​សមិទ្ធផល​ថ្មី​មួយទៀត ក្នុង​ចំណោម​សមិទ្ធផល​នានា​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន ។

ជាមួយ​គ្នា​នេះ នឹង​បាន​រួមចំណែក​បន្ថែម​ទៀត​ក្នុង​ការ​ជំរុញ​អភិវឌ្ឍន៍​វិស័យ​អាកាសចរណ៍​ស៊ី​វិល និង​វិស័យ​ទេសចរណ៍ ដែល​វិស័យ​ទាំង​២​នេះ បាន​និង​កំពុង​តែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា ៕