ប្រជាជន​កម្ពុជា​ត្រូវ​ចាប់​យក​ទម្លាប់​បី ដើម្បី​សុខភាព​ល្អ និង​អាយុ​វែង

នៅ​តាម​សួនច្បារ​សម្តេច ហ៊ុន សែន មាន​មនុស្ស​ច្រើន​ឡើង​ៗ​បាន​មក​ហាត់ប្រាណ ដើម្បី​សុខភាព​។  ការ​ហាត់ប្រាណ​ជា​ចំណែក​មួយ​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ពិនិត្យ និង​ព្យាបាល​សុខភាព​។ តើ​មាន​អ្វី​សំខាន់​ផ្សេង​ទៀត​ដែល​មនុស្ស​គួរ​ប្រតិបត្តិ​នៅ​ក្នុង​ជីវិត​រស់នៅ​ដើម្បី​សុខភាព​ល្អ និង​ចៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ​?

ជីវិត​ប្រចាំ​ថ្ងៃ​ទាក់ទង​ផ្ទាល់​នឹង​សុខភាព​របស់​មនុស្ស​។ មនុស្ស​អាច​បង្ការ​ជំងឺ​បាន​តាម​រយ​:​ការ​ប្រកាន់​យក​ទម្លាប់​ល្អ​ៗ​មួយ​ចំនួន​នៅ​ក្នុង​ការ​រស់នៅ និង​ធ្វើ​ការងារ​។ ក្រៅពី​ការ​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ​ឱ្យ​បាន​ទៀងទាត់​នោះ ការ​បរិភោគ​អាហារ​ប្រកបដោយ​សុខភាព​ជា​កត្តា​មួយ​ដែល​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​សុខភាព​របស់​មនុស្ស​។ គេ​មិន​ត្រូវ​បរិភោគ​បំពេញ​រសជាតិ​របស់​អណ្តាត​នោះ​ឡើយ​។ គ្រូពេទ្យ​ខ្លះ​ចូល​ចិត្ត​និយាយ​ថា «​សុខភាព​របស់​អ្នក គឺជា​អ្វី​ដែល​អ្នក​បរិភោគ​» ដោយ​ចង់​រំលេច​ចេញ​ទំនាក់ទំនង​ដ៏​សំខាន់​រវាង​អាហារ និង​សុខភាព​។

បើសិនជា​មនុស្ស​អាច​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ហាត់ប្រាណ និង​អាច​គ្រប់គ្រង​របប​អាហារ ដើម្បី​សុខភាព​ហើយ​នោះ គេ​នឹង​អាច​កាត់​បន្ថយ​បាន​ច្រើន​ចំពោះ​ជំងឺ​គ្រោះថ្នាក់​ជា​ច្រើន​ដែល​ទាក់ទង​នឹង​អាហារ ព្រមទាំង​ទម្លាប់​រស់នៅ​របស់​មនុស្ស ដូច​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​បេះដូង និង​សរសៃឈាម ជំងឺ​ទឹកនោមផ្អែម និង​ជំងឺមហារីក​ជាដើម​។

ប៉ុន្តែ​បន្ទាប់​ពី​នេះ មនុស្ស​ក៏​ត្រូវ​ចាប់ផ្តើម​គិតគូរ​អំពី​ការ​ពិនិត្យ​សុខភាព​ទៀងទាត់​ផង​ដែរ​។ ការ​ពិនិត្យ​សុខភាព​ទៀងទាត់​អាច​ចំណាយ​ថវិកា​តិចតួច ប៉ុន្តែ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​សុខភាព និង​ជីវិត​របស់​មនុស្ស​។ កាលបើ​ជំងឺ​មួយ​អាច​រក​ឃើញ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នោះ គ្រូពេទ្យ​នឹង​មាន​លទ្ធភាព​កាន់តែ​ច្រើន​សម្រាប់​ព្យាបាល​ឱ្យ​ជា​សះស្បើយ និង​សង្គ្រោះ​ជីវិត​។

នៅ​ពេល​មនុស្ស​ជ្រើសរើស​យក​ការ​ប្រតិបត្តិ​ទាំង​បី​នៅ​ក្នុង​ជីវិត គឺ​ការ​ហាត់ប្រាណ​ទៀងទាត់ ការ​បរិភោគ​អាហារ​ត្រឹមត្រូវ និង​ការ​ពិនិត្យ​សុខភាព​ទៀងទាត់ ពួក​គេ​នឹង​មាន​សុខភាព​ល្អ ព្រមទាំង​អាយុ​វែង​៕