រំសាយការងារ តែមិន​ឱ្យថ្លៃធ្វើការ ផ្ទុះតវ៉ា​លើកទី៣

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​២៨ មីនា ២០១៦ នេះ ជា​ថ្ងៃ​ដែល​ក្រសួង​ការងារ​បាន​សន្យា​នឹង​ដោះស្រាយ ពាក់ព័ន្ធ​លើ​ថៅកែ​រោង​ចក្រ​​មិន​បាន​បើក​ប្រាក់ខែ​ជូន​កម្មករ ខណៈ​ប្រកាស​ថា​រំសាយ តែ​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ទទួលលទ្ធផល​បាន​នោះ ទើប​កម្មករ​-​កម្ម​ការិនី​រោងចក្រ «​វី​ន​ស៊ី​ង​តិច​» ជាង​៥០០​នាក់ បាន​លើកគ្នា​បាតុកម្ម ដង្ហែ​ញត្តិ​ទៅ​ក្រសួង​ការងារ​បន្ត​ទៀត ហើយ​ក៏​ជា​លើក​ទី​៣​ផង​ដែរ ។

ក្នុង​ការ​ដង្ហែ​ក្បួន​របស់​កម្មករ​នេះ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ចម្រុះ មាន​ប៉ូលិស ប៉េ​អឹ​ម និង​សន្តិសុខ​សាលា​ខណ្ឌ មក​ធ្វើការ​ឃាត់​បង្អាក់​ដំណើរ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ ដោយ​ក្នុង​នោះ​គេ​ឃើញ​មាន​វត្តមាន​របស់​លោក​អភិបាលរង​ខណ្ឌ ចុះ​មក​សម្របសម្រួល​ជាមួយ​កម្ម​ករ​នៅ​ចំណុច​មុខ​វត្ត «​ទួល​សុភា​ឃួ​ន​» ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​ការ​ដោះស្រាយ​បែប​ណា​នោះ គេ​នៅ​មិន​ទាន់​ដឹង​នោះ​ទេ ។

កាលពី​ពេល​កន្លង​មក ថៅកែ​រោងចក្រ «​វី​ន​ស៊ី​ង​តិច​» ប្រាប់​ដល់​កម្មករ​ទាំងអស់​ថា គាត់​សុំ​រំសាយ​ការងារ ដោយសារ​ផលិតផល​មិន​ត្រូវ​បាន​អតិថិជន​បរទេស​កុម្ម​ង់​ទិញ​នោះ​ទេ ។ ដូច្នេះ គាត់​មិន​មាន​លទ្ធភាព​បើក​ប្រាក់ខែ​ឱ្យ​គ្រប់​គ្នា​នោះ​ទេ សុំ​រំសាយ​ត្រឹមនេះ ។