​​ផ្អាក​បាន​មួយ​ភ្លែត​ ឱ្យ​បន្ត​កាយ​វិញដដែល

ខេត្តកំពត ៖ បឹង​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ជ្រោះ​តា​សោម ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ត្រូវ​បាន​អ្នកមាន​ធនធាន​ម្នាក់​យក​គ្រឿងចក្រ​កាយ​ដី​បឹង​ជា​ដី​របស់​រដ្ឋ​ដឹក​មក​ចាក់​ធ្វើ​ភូមិ​របស់​ខ្លួន ។

គ្រាន់តែ​ចាប់ផ្តើម​កាយ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមីនា ភា្ល​​ម​ៗ​នោះ លោក ពេ​ជ សុខា ប្រធាន​ការិយាល័យ​រ៉ែ​និង​ថាមពល ស្រុក​កំពង់​ត្រាច បាន​ចុះ​ទៅ​ដល់​ពិនិត្យ​មើលឃើញ​ថា អ្នក​កាយ​ដី​បឹង​ពិតជា​ប្រព្រឹត្ត​ខុសច្បាប់ ហើយ​លោក​បាន​សួរ​ដេញដោល​ទៅ​ម្ចាស់​គ្រឿង​ចក្រ​ពី​រឿង​ច្បាប់ទម្លាប់ ថែម​ទាំង​ឲ្យ​ផ្អាក​សកម្មភាព​ទៀត​ផង​។ ខណៈ​ពេល​នោះ​ដែរ លោក ពេ​ជ សុខា ក៏​បាន​ទៅ​ទាក់ទង​ជាមួយ​លោក​មេឃុំ បន្ទាប់​មក ស្រាប់តែ​អ្នក​បើក​គ្រឿងចក្រ​បាន​បញ្ជា​គ្រឿងចក្រ​ចុះ​ទៅ​ក្នុង​បឹង កាយ​ដី​បន្ត​ទៀត ។

អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ​និយាយ​ថា ដី​កំពុង​ចាក់​ធ្វើ​ភូមិ​នៅ​ជាប់​ផ្លូវជាតិ​លេខ​៣១ ជា​ដី​របស់​លោក ផល្លា នៅ​ផ្សារ​ទូក​មាស ដែល​​បាន​ទិញ​ពី​ឈ្មោះ ហ៊ា​ង ចាប់ពី​ថ្នល់​ទៅ​ដល់​បឹង​ប្រវែង​៥០​ម៉ែត្រ ហើយ​នេះ​គ្រាន់តែ​កាយ​ដី​បឹង​យក​អាចម៍ដី​មក​ចាក់​ទេ ។ ទោះ​ជា​បែប​ណា អ្នកបញ្ជា​គ្រឿងចក្រ កាយ​ដី​បឹង​នោះ​ពិតជា​យក​មក​ចាក់​ធ្វើ​ភូមិ​មែន តែ​មិន​ទាន់​ច្បាស់​ថា​ខ្លួន​ចាក់​ដី​ត្រឹមណា​នោះ​ទេ ។ បើ​តាម​ពិនិត្យ​ជាក់ស្តែង​លោក ផល្លា បញ្ជា​ឲ្យ​កូនចៅ​កាយ​ដី​បឹង​ចាក់​ធ្វើ​ភូមិ​ខុស​ហើយ ។ អ្នក​ភូមិ​ជ្រោះ​តា​សោម និយាយ​ថា បើ​លោក ផល្លា កាយ​ដី​បឹង​ធ្វើ​អ្វី​ៗ​បាន អ្នក​ភូមិ​នេះ​ក៏​មាន​សិ​ទិ្ធ​កាយ​ដី​បឹង​ធ្វើ​អ្វី​ៗ​បាន​ដូច​លោក ផល្លា ដែរ ។

គេ​បានដឹង​ថា បឹង​នេះ​មាន​ប្រវែង​ជាង​៣​គីឡូម៉ែត្រ ជាប់​ភូមិ​ជ្រោះ​តា​សោម​ទៅ​ដល់​ទំនប់​បឹង​លំ​ពូ ភូមិ​បឹង​ធំ ឃុំ​អង្គ​សុរភី ស្រុក​កំពង់​ត្រាច ។ អាជ្ញាធរ​ស្រុក​ធ្លាប់​បាន​អះអាង​ថា បឹង​នេះ​មាន​គម្រោង​ស្តារ​ឲ្យ​ជ្រៅ​ឡើង​វិញ ព្រោះ​បច្ចុប្បន្ន​រីងស្ងួត​អស់ហើយ តែ​អ្នកមាន​អំណាច​និង​មាន​លុយ នៅ​តែ​ប៉ុនប៉ង​ចង់បាន​ដី​បឹង​នោះ​យក​មក​ធ្វើ​កម្មសិទ្ធិ​របស់​ខ្លួន ៕