ទើប​ជួប​លើក​ទី​១ ឃើញ​គោ​ខ្លាច​ខ្មោច

រាជធានី​ភ្នំពេញ ៖ មេគោ​ផើម​មួយ​ក្បាល​ចុះ​ផឹកទឹក​ស្រះ ឃើញ​សាកសព​ក្មេង​ប្រុស​ម្នាក់​អណ្តែត ក៍​រត់​ដួល​រត់​ដួល​រហូត​ទាល់តែ​ងាប់​កូន​ក្នុង​ពោះ ។

ហេតុការណ៍​ដ៍​កម្រ​ឃើញ​និង​ជួប​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ជិត​៦​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​ស្រះ​ទឹក​ខាងជើង​វត្ត​ជុំ ភូមិ​-​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា សព​កុមា​រា​លង់ទឹក​ស្លាប់​នោះ ឈ្មោះ​ឃឹ​ន ប្រុស​ណុ​ច អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៥​នៃ​សាលា​បឋម​សិក្សា​គោក​រកា មាន​ឪពុក​ឈ្មោះ​សយ ផានិត  អាយុ​៤៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប និង​ម្តាយ​ឈ្មោះ​ប៊ុត ប៊ុ​ន​ណា អាយុ​៤៩​ឆ្នាំ មុខរបរ​អនាម័យ ។

បើ​តាម​លោក សយ ផានិត បាន​រៀបរាប់​ឲ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​បាន​បាត់​ខ្លួន​តាំងពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ មីនា​មក​ម្ល៉េះ មិនដឹង​ជា​ដើរទៅ​ណា ហើយ​សួរនាំ​អ្នក​ជិតខាង​និង​មិត្តភក្តិ​វា ក៍ថា​មិនដឹង​និង​បាន​ដើរ​រក​គ្រប់​ច្រកល្ហក​ក៍​មិនឃើញ​ទៀត ។

លុះ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៧​មីនា គាត់​ក៍បាន​ទៅ​អើត​មើល​ស្រះ​ទឹក​ខាងលើ​ដែល​កូន​គាត់​ធ្លាប់​ទៅ​លេង​ទីនោះ ស្រាប់តែ​ឃើញ​សព​កូនប្រុស​គាត់​អណ្តែត​ធ្វើ​ឲ្យ​គាត់​យំ​ក្តុកក្តួល​និង​បាន​ទៅ​ហៅ​សាច់ញាតិ​មក​ស្រង់ តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​អំឡុង​ពេល​ស្រង់​សព​កូន​គាត់​នោះ មាន​មេគោ​ផើម​មួយ​ក្បាល​ក៍​ដើរ​ចុះ​ទៅ​ផឹកទឹក​ស្រះ​ហើយ​ឃើញ​សព​កូន​គាត់ ក៍​ផ្អើល​រត់​ដួល​ៗ​បោក​ផ្ទប់​មាត់​ស្រះ​បណ្តាល​ឲ្យ​បាក់ជើង និង​ដាច់​ទងសុក​ងាប់​កូន​ក្នុង​ពោះ ។ ក្រោយមក គោ​នោះ​ត្រូវ​ម្ចាស់​លក់​ឲ្យ​ឈ្មួញ​ក្នុង​តម្លៃ​១​លាន​រៀល ៕