ថា​នាំ​គ្នា​ទៅ​​​លេង​​សមុទ្រ​ឱ្យ​សប្បាយ តែ​បែរជា

ខេត្តសៀមរាប ៖ មន្ត្រី​សាលាខេត្ត​សៀមរាប​ប្រុស​-​ស្រី​ប្រមាណ​ជាង​៥០​នាក់ នាំ​គ្នា​ទៅ​លេង​នៅ​ក្រុងព្រះសីហនុ បន្ទាប់​ពី​បាន​ច្បាប់​សម្រាក​​ពី​ការងារ ដោយ​បាន​នាំ​គ្នា​ចូល​ទៅ​ញ៉ាំ​អាហារ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​យីហោ «​លី ហួយ​» ក្នុង​ក្រុងព្រះសីហនុ ។ ក្រោយ​​ពី​ទទួល​អាហារ​រួច មនុស្ស​ចំនួន​២១​នាក់​បាន​ក្អួតចង្អោរ អស់កម្លាំង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ខណៈ​បម្រុង​ចេញដំណើរ​ត្រឡប់​មក​ខេត្តសៀមរាប​វិញ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដែល​ហេតុការណ៍​ពុល​នេះ ​​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​២៧ មីនា ២០១៦ រហូត​ដល់​ថ្ងៃ​ទី​២៨ មីនា ២០១៦ នេះ ។

បើ​តាម​ប្រភព​ពី​មន្ត្រី​សាលាខេត្ត​សៀមរាប​បាន​ប្រាប់​ថា មន្ត្រី​សាលាខេត្ត​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ បាន​ប្រាប់​មក​ខាង​នាយករង​រដ្ឋបាល​សាលាខេត្ត​ថា ពួក​គេ​ទៅ​ដើរ​លេង​ក្រុង​កំពង់សោម​នោះ បាន​ពុល​ជាង​២០​នាក់ ប៉ុន្តែ​មាន​អ្នកខ្លះ​បាន​ធូរ ហើយ​អ្នកខ្លះ​មិន​ទាន់​បាន​ធូរ​ស្រួលបួល​ទេ កំពុង​ដេក​សម្រាក​នៅ​មន្ទីរ​ទេ​ព្យ​ខេត្ត​ព្រះ​សីហ​នុ​នៅឡើយ ។

ប្រភព​បន្ត​ថា ក្រុមការងារ​ប្រហែល​ចាំ​ឱ្យ​ស្រួលបួល​ទាំងអស់​គ្នា​សិន ទើប​នាំ​គ្នា​ត្រឡប់​ទៅ​វិញ ព្រោះ​ខាង​មន្ទីរពេទ្យ​កំពុង​នាំ​គ្នា​ជួយ​សង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់ ក្នុង​ការ​ពុល​នេះ​ផង​ដែរ ។ បើ​តាម​សមត្ថកិច្ច​ក្រុងព្រះសីហនុ​បាន​រាយការណ៍​ឱ្យ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា ករណី​ពុល​នេះ បាន​កើនឡើង​ដល់​២១​នាក់ ហើយ​ភាគច្រើន​ជា​ស្ត្រី​។

បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​មើល​ដល់​មន្ទីរពេទ្យ ព្រមទាំង​ចុះ​ទៅ​ដល់​ហាង​យីហោ «​លី ហួយ​» ដើម្បី​យក​ទឹក​ស៊ុប និង​សម្លរ​មួយ​ចំនួន​ទៅ​ពិនិត្យ​មើល ដើម្បី​ស្វែងរក​មូលហេតុ​ថា តើ​ពុល​មក​ពី​មូលហេតុ​អ្វី ប្រសិនបើ​រក​ឃើញ​ថា ពុល​មក​ពី​ម្ហូបអាហារ​នៅ​ក្នុង​ហាង​នោះ​មែន សមត្ថកិច្ច​នឹង​មាន​វិធានការ​ចាត់ការ​តាម​ច្បាប់ ។