ធាតុអាកាស​រាំង​ស្ងួត ពលរដ្ឋ​បង្ខំចិត្ត​ទិញ​ទឹក​ប្រើ​

ខេត្តបន្ទាយមានជ័យ ៖ ដោយសារ​តែ​អណ្តូងស្នប់​សប់​បាន​ទឹក​តិចតួច រីឯ​បឹង​ធម្មជាតិ​តូច​-​ធំ​ចាប់ផ្តើម​រីងស្ងួត​ជា​បណ្ដើរ​ហើយ​នោះ ធ្វើ​ឲ្យ​អ្នក​ភូមិ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ​ប្រមាណ​ជា​៨០%​ត្រូវ​បង្ខំចិត្ត​ទិញ​ទឹក​ដែល​គេ​ដឹក​លក់​យក​ទៅ​ប្រើប្រាស់ ។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ បាន​ត្អូញត្អែរ​​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ពួក​គាត់​បង្ខំចិត្ត​ទិញ​ទឹក​គេ​ដឹក​លក់​យក​មក​ប្រើប្រាស់ រីឯ​អ្នកស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ក៏​បាន​ត្អូញត្អែរ​ដូច​គ្នា​ដែរ​ថា​ ឆ្នាំ​នេះ​ពួក​គាត់​ស្ទើរ​គ្រប់​ក្រុម​គ្រួ​សារបាន​ចំណាយ​ថវិកា​ទិញ​ទឹក​គេ​ប្រើប្រាស់​ព្រោះតែ​អណ្តូងស្នប់​សប់ទឹក​មិនសូវ​ចេញ ឯ​ស្រះ​តាម​ភូមិ​ក៏​រីង​អស់​ទៀត ម្យ៉ាង​បឹង​ធម្មជាតិ​ដែល​ធ្លាប់តែ​មានទឹក​ប្រើប្រាស់​ខួប​ប្រាំង​ខួបវស្សា​ក៏​ចាប់ផ្តើម​រីង​ជា​បណ្តើ​ៗ​ហើយ​​ដែរ ។

ជាក់ស្តែង​បឹង​ធម្មជាតិ​ចំការ​គរ ស្ថិត​ក្នុងភូមិ​ចំការ​គរ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក​, បឹង​ធម្មជាតិ​ក្តិ​ប​ថ្ម​ ស្ថិត​ក្នុងភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក គេ​ឃើញ​ផ្ទៃ​បឹង​ទាំងមូល​នៅ​សល់​ទឹក​តិចតួច​បំផុត ។ ចំណែក​ស្រះ​ដ៏​ធំ​ក្នុង​វត្ត​ហេម​វន្ត ស្ថិត​ក្នុងភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ដែល​ស្រះ​មួយ​នេះ​អ្នកស្រុក​លើក​ឡើង​ថា​កាលពីមុន​មិន​ដែល​រីង​​នោះ​ទេ ថ្ងៃនេះ​(​ថ្ងៃ​២៨​មីនា​២០១៦)ក្លាយជា​កន្លែង​អ្នកស្រុក​លើកគ្នា​ចាប់​ត្រី​ព្រោងព្រៀត​ទៅ​ហើយ ។ នៅ​ក្នុង​បរិវេណ​វត្ត​ហេម​វន្ត​គេ​ឃើញ​ស្រះ​ទើប​ជីក​ថ្មី​មួយ​ជា​គម្រោង​ផ្គត់ផ្គង់​ទឹក​អនាម័យ​ជនបទ​ដែល​ជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB ស្រះ​នោះ​មានទឹក​ច្រើន​គួរសម ប៉ុន្តែ​អ្នកស្រុក​និយាយ​ថា ពុំ​សូវ​មាន​អ្នក​ដង​ប្រើប្រាស់​ទេ ដោយសារ​តែ​ទឹកល្អក់​ពេក ។

អ្នកស្រុក​ទាំងនោះ​និយាយ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​គ្រប់​គ្នា​ទិញ​ទឹក​ឈ្មួញ​ដឹក​លក់​យក​មក​ប្រើប្រាស់ ពោល​គឺ​មិន​អាច​ទៅ​រក​ដងទឹក​តាម​ស្រះ ឬ​បឹងបួរ​ប្រើប្រាស់​ដូច​ពី​មុន​ទេ ម្យ៉ាង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ក៏​មិន​ដែល​មាន​ភ្លៀង​ធ្លាក់​ទៀត​ផង ។

យ៉ាងណា​ក៏​ដោយ​ ជុំវិញ​ការ​ជួប​កង្វះខាត​នេះ អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​មិន​បាន​ព្រងើយកន្តើយ​នោះ​ទេ ពិសេស​​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចុះ​ពិនិត្យ​មើល មិន​ត្រឹមតែ​ធ្វើការ​ចែក​ទឹក​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​នោះ​ទេ ថែម​ទាំង​យកចិត្តទុកដាក់​ចុះ​ជួយ​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​បន្តបន្ទាប់​ទៀត​ផង ៕