ឈឺ​ចិត្តដល់​ស្លាប់ ​ព្រោះប្រពន្ធ​យកក្លើ​ធ្វើប្តី​

ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​លើ​តូប​លក់ដូរ​មួយកន្លែង​ ដែល​គាត់​​តែងតែ​មក​ដេក​ជា​ប្រចាំ​នៅ​ជិត​ផ្លូវ​រថ​ភ្លើង កាល​​​ពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ២០១៦ នេះ ក្នុងភូមិ​ទូក​មាស ឃុំ​ទូក​មាស  ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ចេ​ន ដ​ន អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ច្រក់​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយ​មាស មាន​ប្រពន្ធ​ឈ្មោះ​អ៊ុ​ក អ៊ូច អាយុ​៤៦​ឆ្នាំ តែ​លែងលះ​គ្នា​ជិត​៣​ឆ្នាំ​មក​ហើយ និង​មាន​ប្តី​ក្រោយ​ម្នាក់​ទៀត ។

បើ​យោង​តាម​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មកពី​គាត់​ឈឺចិត្ត​ ដោយសារ​ប្រពន្ធ​បាន​ស្រឡាញ់​ជាមួយ​បុរស​ម្នាក់​ឈ្មោះ​គួ​យ ដែល​ជា​ក្លើ​នឹង​គ្នា និង​ធ្វើការ​ជាមួយ​គ្នា​ដោយ​ស៊ី​អត់​ស៊ី​ឃ្លាន​ជាមួយ​គ្នា តែ​យូរ​ៗ​ទៅ​ត្រូវ​ប្រពន្ធ​ឈ្មោះ​អ៊ុ​ក អ៊ូច ស្និទ្ធស្នាល​ជាមួយ​រហូត​យក​ធ្វើ​ជា​ប្តី​រហូត​មក​ដល់​សព្វថ្ងៃ ។

រីឯ​ជន​រង​គ្រោះ​ឈ្មោះ​ចេ​ន ដ​ន ជា​ប្តី​ដើម បាន​ឆ្កូត​ចិត្ត​និង​ឃើញ​ប្រពន្ធ​ខ្លួន​យក​ក្លើម្រាក់​ធ្វើ​ជា​ប្តី ក៏​ដើរ​ផឹកស្រា​លែង​ចូល​ផ្ទះសម្បែង ដើរ​​តែ​ដេក​គ្រប់​ទីកន្លែង រហូត​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​លើ​តូប​លក់ដូរ​បែប​នេះ ។

អ្នក​ភូមិ​បន្ត​ទៀត​ថា ឈ្មោះ​ចេ​ន ដ​ន ជា​មនុស្ស​ស្លូត តែ​ចាប់ពី​ប្រពន្ធ​ទៅ​យក​ក្លើម្រាក់​ធ្វើ​ជា​ប្តី​នោះ ក៏​ឈប់​ចូល​ផ្ទះ ហើយ​ផឹកស្រា​លែង​សូវ​និយាយ​ជាមួយ​អ្នក​ណា ប៉ុន្តែ​ត្រូវ​អ្នក​ភូមិ​ទូក​មាស​អាណិត នៅ​តែ​ហៅ​ហូប​បាយ​ទឹក ។

ទោះបីជា​បែប​ណា សព​ជន​រង​គ្រោះ​ត្រូវ​នាង​ជា​ប្រពន្ធ និង​ប្តី​ក្រោយ បាន​គិតគូរ​ដោយ​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​នៅ​នឹង​តូប​កន្លែង​ដេក​​ស្លាប់ ។